បក្ស​ប្រឆាំង​ត្រៀម​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​សម្រេច​ចូល​សភា​ឬ​អត់

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់នូវយន្តការចំនួន ៣ ចំណុចស្នើទៅគណបក្សប្រជាជកម្ពុជា ក្នុងការជួបចរចាគ្នា​ដើម្បីចូលរួមក្នុងសភារួចមក។ គណបក្សសង្គ្រោះជាតិ បានបង្ហាញពីជំហរចង់ចរចាជាមួយនឹងគណបក្សកាន់អំណាច នៅពេលឆាប់ៗខាងមុខនេះ ដែលគណបក្សនេះអះអាងថា ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ នេះបើតាមការឲ្យដឹងពីមន្រ្តី​ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ជំហរទន់ភ្លន់របស់បក្សប្រឆាំងបែបនេះ ត្រូវបានអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនសាទរផងដែរ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់នូវយន្តការចំនួន ៣ ចំណុចស្នើទៅគណបក្សប្រជាជកម្ពុជា ក្នុងការជួបចរចាគ្នា​ដើម្បីចូលរួមក្នុងសភារួចមក។ គណបក្សសង្គ្រោះជាតិ បានបង្ហាញពីជំហរចង់ចរចាជាមួយនឹងគណបក្សកាន់អំណាច នៅ​ពេលឆាប់ៗខាងមុខនេះ ដែលគណបក្សនេះអះអាងថា ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ នេះបើតាមការឲ្យដឹងពីមន្រ្តី​ជាន់​ខ្ពស់គណបក្សសង្គ្រោះជាតិ។ជំហរទន់ភ្លន់របស់បក្សប្រឆាំងបែបនេះ ត្រូវបានអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន​សាទរផងដែរ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្នុងចំណោមយន្តការទាំង ៣ ចំណុចដែលគណបក្សប្រឆាំងបានស្នើជាថ្នូរនឹងការចូលរួមស្បថកាន់តំណែងក្នុងសភានោះ ត្រូវបានគណបក្សកាន់​អំណាចទទួលយកចំនួន ២ ចំណុចហើយ នៅសល់តែមួយចំណុចទៀតប៉ុណ្ណោះ។ ចំនុចនៅសល់ ដែលគណបក្ស​ប្រជាជនមិនទទួលយកនោះ គឺការទាមទាររបស់គណបក្សសង្គ្រោះជាតិ ចង់ឲ្យបង្កើតនូវគណកម្មការចម្រុះ ដើម្បីស៊ើប​អង្កេតរកភាពមិនប្រក្រតីនៃការបោះឆ្នោត។ ចំណុចដែលនៅសល់នេះ គឺជាចំណុចដ៏រស៊ើប និងជារឿងទំនង​មិនអាចធ្វើ​ទៅរួចនោះទេ សម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញារិទ្ធ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃនេះថា នៅពេលនេះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួបជជែកគ្នា ជាមួយនឹងថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច ដើម្បីរកដំណោះស្រាយរួមមួយ ដែលអាចឲ្យអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បានចូលរួម​ក្នុង​សភា។

អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បានបន្តថា គណបក្សសង្គ្រោះជាតិនៅតែមានជំហរស្វែង​រកយុត្តិធម៌ ជូនម្ចាស់ឆ្នោត​ដដែរ។ តែយុត្តិធម៌នេះ ត្រូវធ្វើឡើងតាមរយៈការចរចាជាមួយ នឹងគណបក្សប្រជាជនកម្ពុជា។ លោក យ៉ែម បុញ្ញរិទ្ធ បន្តថា ការចូលក្នុងសភាឬមិនចូលរួមនោះ គណបក្សប្រឆាំងនឹងសម្រេចចុងក្រោយបន្ទាប់ពីជួបគ្នារវាងគណបក្សទាំងពីររួច។

លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយ បានអះអាងថា លោកពេញចិត្តចំពោះទង្វើទន់ភ្លន់ របស់គណបក្សប្រឆាំង​ពេលនេះ។ លោកថាដំណោះស្រាយ ដែលអាចដោះស្រាយនូវបញ្ហាជាប់គាំងនយោបាយមានតែគណបក្សទាំងពីរនេះ អង្គុយជជែកគ្នាតែប៉ុណ្ណោះ។ លោកថា បើគណបក្សទាំងពីរឯកភាពគ្នា នោះកម្ពុជានឹងទទួលបានផល​ប្រយោជន៍មហិមា​ជាក់ជាមិនខាន។

ស្រដៀងគ្នានេះ លោក អ៊ូ វារៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា លោកគាំទឲ្យគណបក្សប្រឆាំង ចូលតុចរចាជាមួយនឹងគណបក្សកាន់អំណាច ដើម្បីជជែកគ្នារកដំណោះស្រាយ ដោយឈរលើផលប្រយោជន៍ជាតិជាធំ។ លោក អ៊ូ វារៈ បានសម្តែងការជឿជាក់ថា នៅពេលមិនយូរនោះទេ អ្នកតំណាងរាស្រគណបក្សប្រឆាំង នឹងចូលស្បថ​ទទួល​យកដំណែងជា​តំណាងរាស្រ្តជាក់ជាមិនខាន។

ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានយល់ឃើញថា លោកពេញចិត្តបើគណបក្ស​ទាំងពីរ​ជួប​ចរចាគ្នា តែលោកថា ជំហរបស់គណបក្សទាំងពីរទំនងជាមិនអាចដោះស្រាយបានដោយងាយស្រួលនោះទេ ពីព្រោះថា ជំហររបស់បក្សប្រឆាំងដែលចង់រកយុត្តិធម៌ជូនម្ចាស់ឆ្នោតនោះ គណបក្សកាន់អំណាច បានបដិសេធមិនយល់ព្រម​តាំង​ពីដើមមកម្លេះ។ លោក គល់ បញ្ញា ក៏បានបញ្ជាក់ប្រាប់គណបក្សប្រឆាំងថា ពេលនេះ គណបក្សសង្គ្រោះជាតិត្រូវ​តែប្រុង​ប្រយ័ត្នឲ្យបានខ្ពស់ បើមិនដូច្នោះទេ គណបក្សនេះ នឹងអាចបាត់បង់ការគាំទ្រច្រើនពីពលរដ្ឋអ្នកធ្លាប់បោះឆ្នោតឲ្យខ្លួន។

ទោះជាបែបនេះក៏ដោយ ប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ភាគច្រើនបានសម្តែងការមិនពេញចិត្តនោះទេ នៅ​ពេលណាដែលគណបក្សសង្គ្រោះជាតិ ចូលរួមនៅក្នុងសភាជាមួយនឹងគណបក្សកាន់អំណាច ទាំងមិនទាន់រកយុត្តិធម៌​បាននៅឡើយចំពោះម្ចាស់ឆ្នោតជាមុន។ មិនតែប៉ុណ្ណោះ ពួកគេបានព្រមានដកការគាំទ្រចំពោះគណបក្សនេះទៀតផង ប្រសិនបើបោះបង់ការរកយុត្តិធម៌ជូនពួកគេ៕

---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...