អ៊ឺរ៉ូ២០១៦៖ ពីកេ រកជ័យឲ្យអេស្ប៉ាញនៅចុងម៉ោង ទល់នឹងក្រុមឆេក
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 19, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងការជួបប្រកួតដំបូង សម្រាប់«អ៊ឺរ៉ូ២០១៦»នេះ គ្រូបង្វឹក និងដឹកនាំក្រុមបាល់ទាត់អេស្ប៉ាញ លោក «Vicente Del Bosque» បានដូរយុទ្ធសាស្ត្រ នៅក្នុងការដាក់បញ្ចូលកីឡាករ «David de Gea» ទៅធ្វើជាកីឡាករចាំទី ជំនួសកីឡាករ «Iker Casillas» ដែលធ្លាប់ចាំទីឲ្យក្រុមជម្រើសជាតិនេះ តាំងពីច្រើនជំនាន់មកហើយ។ ប៉ុន្តែការវាយលុក របស់ក្រុមអេស្ប៉ាញ ក៏មិនសូវជាទទួលបានលទ្ធផលច្រើនប៉ុន្មានដែរ រាប់ពីពេលចាប់ផ្ដើមប្រកួត រហូតដល់ជិតចុងបញ្ចប់ម៉ោង។
គេឃើញ កីឡាករខ្សែបម្រើ «David Silva» បានរកបាល់ បញ្ជូនទៅឲ្យកីឡាករខ្សែប្រយុទ្ធ «Alvaro Morata» និង«Nolito» ជាច្រើនដង ប៉ុន្តែនៅចំពោះខ្សែការពារដ៏រឹងមាំ និងកីឡាករ «Petr Cech» អ្នកចាំទីដែលមានបទពិសោធន៍ចាស់វស្សា របស់ក្រុមឆេកនោះ ក្រុមអេស្ប៉ាញមិនបានធ្វើឲ្យពួកអ្នកគាំទ្រ លោតឡើងសប្បាយរីករាយឡើយ។
ប្រទេសអេស្ប៉ាញ និងអ្នកគាំទ្រក្រុមនេះ ត្រូវរង់ចាំរហូតដល់នាទីទី៨៦ ទើបកីឡាករខ្សែការពារ «Gerard Piqué» ឡើងមកទទួលបាល់ពីកីឡាករ «Andrés Iniest» ដែលរួមក្រុម បាសឺឡូន របស់ខ្លួន មុននឹងប្រើក្បាលបុកបញ្ជូនបាល់នេះ បញ្ចូលទីរបស់ក្រុមឆេក និងរកពិន្ទុដំបូងឲ្យក្រុមអស្ប៉ាញ បានបីពិន្ទុស្មើជាមួយក្រុមក្រូអាស៊ី ដែលបានឈ្នះក្រុមទួរគី កាលពីថ្ងៃអាទិត្យ។
ជាលទ្ធផលនៅក្នុងការប្រកួតជុំទី១ សម្រាប់ក្រុម D ក្រុមអេស្ប៉ាញ និងក្រូអាស៊ី ទទួលបានបីពិន្ទ ខណៈក្រុមឆេក និងក្រុមទួរគី ទទួលបានសូន្យពិន្ទុ។ ប៉ុន្តែអ្វីៗ អាចនៅបន្តភាគ សម្រាប់ការប្រកួតពីរជុំទៀត នៃវគ្គជម្រុះនេះ៕
» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖