បីសាចក្រហម ប៊ែលហ្សិក លត់មាន់គកម្ចាស់ផ្ទះ មុនអ៊ឺរ៉ូ២០១៦
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០៧ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 08, 2015
- ប្រធានបទ: ឆ្ពោះទៅអ៊ឺរ៉ូ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សូមកុំភ្លេចថា ក្រុម«បីសាចក្រហម» រហស្សនាមរបស់ក្រុមបាល់ទាត់ ជំរើសជាតិនៃប្រទេសប៊ែលហ្សិក មានចំណាត់ថ្នាក់លេខ ២ នៅសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ ហើយចំណាត់ថ្នាក់នេះ មិនមែនគ្រាន់តែឲ្យល្អមើលទេ ព្រោះក្រុមនេះទើបនឹងលត់ក្រុមមាន់គក របស់ប្រទេសបារាំង ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១៦ ក្នុងពេលខាងមុខ ជាមួយនឹងពិន្ទុ៤-៣។ នៅចំពោះក្រុមបីសាចក្រហម ដែលមានការរៀបចំល្អ និងពូកែខាងបាល់ខ្ពស់ៗនោះ ក្រុមមាន់គកបារាំង បានប្រតិកម្មយឺតពេល ហើយរកបានបីគ្រាប់ យ៉ាងប្រហោងពោះ បន្ទាប់ពីមានការផ្លាស់ប្ដូរកីឡាករ ទាំងសងខាងជាងច្រើននាក់នោះមក។
រងការវាយបំបាក់ កាលពីឆ្នាំ២០១២ នៅចំពោះក្រុមហូឡង់ និងក្រុមក្រូអាស៊ី ក្រុមជម្រើសជាតិ របស់ប៊ែលហ្សិក តែងរងនូវការរិះគន់ថា មិន«ខ្មេះ»អ្វីឡើយ នៅចំពោះក្រុមបាល់ទាត់ ជម្រើសជាតិធំៗ ក្នុងលោក។ ប៉ុន្តែបន្ទាប់ពីការប្រកួត ដណ្ដើមពានរង្វាន់ពិភពលោក នៅប្រទេសប្រេស៊ីល ឆ្នាំ២០១៤នោះមក ក្រុមបីសាចក្រហម ប៊ែលហ្សិក បានធ្វើឲ្យអ្នករិះគន់ចំហរមាត់ និយាយលែងចេញ ជាមួយនឹងទេពកោសល្យ បន្ថែមពីលើការរៀបចំក្រឡាទាត់ ដឹកនាំដោយគ្រូបង្វឹក លោក ម៉ាក វីលម៉ូត៍ (Marc Wilmots)។ កាលពីជំនួបពិភពលោក ឆ្នាំ២០១៤នោះ ក្រុមប៊ែលហ្សិក បានឡើងទៅដល់វគ្គ១/៤ផ្ដាច់ព្រ័ត្រ មុននឹងត្រូវក្រុមបាល់ទាត់ របស់ប្រទេសអាហ្សង់ទីន ជម្រុះចេញ ដោយពិន្ទុ ០-១។
ប៉ុន្តែនៅក្នុងជំនួប ជាមួយក្រុមបារាំង នៅយប់ថ្ងៃអាទិត្យ ទី៧ ខែមិថុនាម្សិលម៉ិញនេះ ចំណុចខ្សោយមួយ របស់ក្រុមបីសាចក្រហម ប៊ែលហ្សិក នោះគឺធ្លាក់ចុះនៃកម្លាំង និងបង្កើតភាពរញ៉េរញ៉ៃខ្លួនឯង នៅចុងបញ្ចប់នៃការប្រកួត ដោយបានបើកឱកាស ឲ្យក្រុមមាន់គកបារាំង ទាត់បញ្ចូលទី បានពីរគ្រាន់ តែក្នុងរយៈពេល១នាទីប៉ុណ្ណោះ (នាទីទី៨៩ និងទី៩០)។ ត្រង់ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រ ភ័យផតពោះមិនតិចទេ ព្រោះបើសិនជាទុកឱកាស ឲ្យទាត់លើសណ្នឹងបន្តិចទៀត ក្រុមបារាំងអាចរកពិន្ទុ មកស្មើជាមួយវិញបាន ជាពិសេសនៅពេល ដែលការប្រកួត បានប្រព្រឹត្តិទៅ នៅលើទឹកដីបារាំង ជាម្ចាស់ផ្ទះផងនោះ។
ជំនួបប្រកួត រវាងបារាំង និងប៊ែលហ្សិក កាលពីយប់ម៉ិញនេះ ក៏ជាមេរៀនមួយ សម្រាប់ឲ្យសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ហៅកាត់ថា UEFA សម្លឹងមើលឡើងវិញ ពីប្រសិទ្ធភាព នៃការសម្រេចចិត្ត របស់អាជ្ញាកណ្ដាលដែរ ដោយសារតែគ្រាប់បាល់ដំបូង របស់កីឡាករលេងសក់ ម៉ារ៉ូអាន ហ្វេឡេនី (Marouane Fellaini) ដែលទាត់ចូលទីរបស់ក្រុមបារាំង ជាគ្រាប់បាល់«ចងមុង»។ កំហុសពីរទៀត ដែលមានលក្ខណៈធំដែរនោះ គឺការសម្រេចចិត្ត ក្នុងការពិន័យ (កាតលឿង ឬក្រហម) ទៅលើកីឡាករបារាំង ដែលបានធ្វើកំហុសយ៉ាងធ្ងន់ធ្ងរ ទៅលើកីឡាករគូប្រកួត ហើយទទួលបាន ត្រឹមតែការព្រមានផ្ទាល់មាត់ ចំពោះកំហុសនៅនាទីទី ២៨ និងទទួលបានកាតលឿង (ដែលតាមទំហំកំហុស ត្រូវទទួលបានកាតក្រហម) ចំពោះកំហុសនៅទីនាទីទី៤០ ប៉ុណ្ណោះ៕