«ចិត្តប្រុស និងបាល់ទាត់» សំណើចខ្លីៗ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២០ មករា ២០១៥
- កែប្រែចុងក្រោយ: January 22, 2015
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខំតែគិតថា ចង់នៅក្បែរគាត់ គ្រប់ពេលគ្រប់វេលា ដើម្បីសម្ដែងឲ្យគាត់យល់ ពីការយល់ចិត្តយល់ថ្លើមរបស់ខ្ញុំ ចំពោះគាត់។ នោះគឺព្រោះតែក្ដីស្នេហាដែលយើងសម្រេចថា នឹងរួមរស់ជាមួយគ្នាហើយ...។
នៅយប់មួយដែលមានការប្រកួតបាល់ទាត់ រវាងក្រុមល្បីៗពីរ... ដោយសារឃើញគាត់អង្គុយម្នាក់ឯង ខ្ញុំខំរៀបចំម្ហូបចំណីបន្ដិចបន្ដួច រួចយកចូលទៅអង្គុយក្នុងសាឡុងជិតគាត់ នៅខាងមុខកញ្ចក់ទូរទស្សន៍ ដើម្បីគ្រាន់បានជាគ្នា នឹងមើលការប្រកួតបាល់ទាត់នោះផង។ អង្គុយមួយសន្ទុះ ខ្ញុំចង់ចូលក្នុងអារម្មណ៍របស់គាត់ ដើម្បីដឹងថាគាត់មើលបាល់នេះ មានអត្ថន័យយ៉ាងម៉េច ហើយនិងចង់បង្ហាញដែរ ថាខ្ញុំកំពុងយល់ ពីគាត់កំពុងគិតពីអ្វី...។ ខ្ញុំចាប់ផ្ដើម សួរគាត់សំនួរទីមួយ និងបន្តដោយសំនួរទីពីរ... ឬក៏សួរសំនួរតែម្នាក់ឯង។
- យី ម៉េចក៏ទាត់ជើងគ្នាអញ្ចឹង? ... ហើយអាជ្ញាកណ្ដាល មិនផ្លំកញ្ចែរពិន័យ? ... ហើយកីឡាករមួយនោះ ម៉េចក៏ទាល់បាល់ឡើងលើអាកាស មិនទាត់ចូលទី? ...
ខ្ញុំសួរសំនួរប្រមាណជា៥០សំនួរហើយ រីឯបុរសកំពូលស្នេហ៍ខ្ញុំវិញ នៅអង្គុយមើលបាល់ ធ្វើបែបវាហីរហូត ... តែពេលខ្ញុំហៀបនឹងសួរសំនួរទី៥១ ស្រាប់តែខ្ញុំទទួលបានចម្លើយកាត់សំនួរ ពីគាត់មកវិញថា៖
- នៅក្នុងបន្ទប់ មានទូរទស្សន៍មួយទៀត អូនអាចទៅអង្គុយមើលនាទីបង្ហាញម៉ូដ ឬរឿងភាគនៅទីនោះទៅ... នៅទីនេះ សូមអូនទុកឲ្យបងមើលបាល់ ឲ្យបានសុខស្រួលបន្តិច!!!