រំលឹក​វិញ្ញាណក្ខន្ធ ជា វិជ្ជា គឺ​រំលឹក​និទណ្ឌភាព​នៅ​កម្ពុជា

យ៉ាងណាក៏ដោយ ក៏ខួប១១ឆ្នាំរបស់លោក ជា វិជ្ជា ត្រូវបានដំណើរការតាមការគ្រោងទុក ដោយគ្មានការរំខានអ្វីឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២១ មករា ២០១៤
  • កែប្រែចុងក្រោយ: January 22, 2015
  • ប្រធានបទ: រំលឹកខួប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខួប​លើក​ទី​១១ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា បាន​ចាប់​ផ្តើម​នា​ព្រឹក​ថ្ងៃ​ទី២២ ខែ​មករា​នេះ​ដោយ​គ្មាន​ការ​រំខាន។ សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ជា មុនី ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា បាន​ធ្វើ​ខួប​លើក​ទី៦ នៃ​ការ​ស្លាប់​របស់​បង​ប្រុស បន្ទាប់​ពី​អាក់ខាន​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា ក្រោយ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា។

ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​វីរជន​កម្មករ លោក ជា វិជ្ជា ត្រូវ​បាន​រៀបចំ​ឡើង នៅ​ចំណុច​ផ្លូវ​ច្រមុះ​ជ្រូក​ខាង​លិច​វិមាន​ឯករាជ្យ ទល់​មុខ​ឈាង​ខាង​ត្បូង​វត្ត​លង្ការ នា​រាជធានី​ភ្នំពេញ។ វត្តមាន​នៃ​ការ​ចូល​រួម​មាន​កម្មករ​រាប់​រយ​នាក់ ហើយ​ក៏​មាន​ការ​ចូលរួម ពី​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ផង​ដែរ។ ហើយ​គេ​សង្កេត​ឃើញ​ថា មិន​មាន​វត្តមាន​មន្រ្តី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្រ្តី​តំណាង​រដ្ឋាភិបាល​ចូល​រួម​ក្នុង​ពីធី​នេះ​ឡើយ។

សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យមានការប្រារព្ធពិធីនេះ ប៉ុន្តែហាមមិនឲ្យយកពិធីជួបជុំនេះ ទៅបម្រើ​អាជីវកម្មនយោបាយ និងរិះគន់ទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឡើយ។ សាលារាជធានី ក៏បានហាម​មិន​ឲ្យ​ហែក្បួននោះដែរ។ តែអាចឲ្យតំណាងសហជីព ធ្វើការអំពាវនាវដល់ស្ថាបន័ពាក់ព័ន្ធនានា ពិសេសតុលាការ​ក្នុងការស្វែររកជនល្មើស មកផ្ដន្ទាទោសតាមច្បាប់។

ទាក់ទងនឹងការស្វែងរកជនល្មើសមកផ្ដន្ទាទោស អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏ធ្លាប់បាន​អះអាងជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា សមត្ថកិច្ចចម្រុះនៅតែបន្តស៊ើបអង្កេត តាមដាន និង​ស្វែងរកជនពាក់ព័ន្ធនានាមកផ្តន្ទាទោសតាមច្បាប់ និងក៏មិនដែលមានចេតនា ក្នុងការបិទសំណុំរឿង​នោះ​ដែរ។

សម្រាប់អ្នកតាមដាលស្ថានការសង្គមនៅកម្ពុជា បានបង្ហាញគំនិតថាបញ្ហា«នីទណ្ឌភាព»នៅកម្ពុជា នៅតែ​កើត​មានដរាបណា បញ្ហាបក្សពួកនិយម បញ្ហាពុករលួយនៅតែកើតមាន សម្រាប់ប្រទេសកម្ពុជាមួយនេះ។ តែតាមការបញ្ជាក់របស់លោក ស ខេង ក្នុងជំនួបជាមួយលោក សូរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ម្សិលម៉ិញ បានបង្ហាញថា «រដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យបញ្ចប់បញ្ហានិទណ្ឌភាព។ (…) ហើយកន្លងមកនេះ ជនល្មើសជាច្រើនដែល​ព្យាយាមគេចខ្លួន ត្រូវបានយើងយកមកផ្ដន្ទាទោស។»

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាលោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ការបាញ់សម្លាប់​នេះ ខណៈលោកកំពុងឤនសារព័ត៌មាន នៅមុខតូបលក់កាសែតមួយ ជាប់នឹងរបងវត្តលង្កា ក្នុងសង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ផ្ទុយនឹងការអះអាងរបស់លោក ស ខេង ខាងលើ ឃាតករ«ពិត» ដែលបានបាញ់សម្លាប់ លោក ជា វិជ្ជា នៅ​មិនទានបានវែកមុខឃើញ ដោយអាជ្ញាធរកម្ពុជានៅឡើយ អស់រយៈពេល១១ ឆ្នាំមកហើយ។ ក្នុងសំណុំ​រឿង​នេះ គេបែរជាឃើញ មានការចោទប្រកាន់ទៅលើជនគ្មានកំហុសពីរនាក់ លោក ប៊ន សំណាង និង លោក សុខ សំអឿន ថាជាឃាតករ និងបានជាប់ពន្ធនានាជាច្រើនឆ្នាំ។ ជនទាំងពីរ ទើបតែតុលាការកំពូល​ដោះលែង​វិញ ជាស្ថាពរ កាលពីខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីបានចាប់ខ្លួន កាលពីដើមខែសីហា ឆ្នាំ២០០៥៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...