ជា មុន្នី ថា ហុន សែន បិទបាំងកំហុសខ្លួន និងការរំលោភលើសហជីព
ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានឡើកឡើងថា កម្ពុជាបច្ចុប្បន្ននេះ មិនមែនជាឋានសួគ៌សម្រាប់ សហជីព និងសង្គមស៊ីវិលនោះទេ ហើយបានចាត់ទុកការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺគ្រាន់តែជាការបិទបាំងកំហុសរបស់ខ្លួន និងជាបិទបាំងការរំលោភបំពាន របស់រដ្ឋាភិបាលមកលើកសហជីព និងអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។
វិបត្តិការងារ - លោក ជា មុន្នី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ មីនា នេះថា៖ «បុគ្គលមានអំណាចរបស់រដ្ឋាភិបាលមួយចំនួន ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ឲ្យតែមន្រ្តីធំៗរបស់រដ្ឋាភិបាលម្នាក់ៗ មានលុយរាប់លានដុល្លារ។ បញ្ហាអស់នឹងសង្គមស៊ីវិល និងសហជីព គេរិះគន់។ អញ្ចឹងលោក ហ៊ុន សែន និយាយថា កម្ពុជា ជាឋានសួគ៌ មិនមែនទេ (...)។ ដូច្នេះបើរដ្ឋាភិបាល ឈប់ពុករលួយ នឹងមិនមានសហជីព និងសង្គមស៊ីវិលណារិះគន់ទៀតទេ។»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីមួយ នៅថ្ងៃទី០៤ ខែមីនា នេះ បានអះអាងថា ប្រទេសកម្ពុជា គឺជាឋានសួគ៌របស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីព។ ក្នុងកម្មពិធីដដែលនោះ ក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម និង ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងពីផលលំបាកនានា ដែលបានកើតឡើងក្នុងវិស័យកាត់ដេរ ជាពិសេសបញ្ហាកូដកម្ម ដែលបានកើតឡើងជាញឹកញាប់ និង បង្កការខាតបង់។
តែការលើកឡើងនេះ ត្រូវបានលោក ជា មុន្នី ពន្យល់ថា បញ្ហាដែលកើតឡើង គឺដោយសារការចរចារវាងសហជីព និងក្រសួងរបស់រដ្ឋាភិបាល ដែលពាក់ព័ន្ធកន្លងមក មិនមានភាពស្អាតស្អំ និងតម្លាភាព។ ហើយបញ្ហានេះ ពាក់ព័ន្ធសំខាន់ដល់ ក្រសួងការងារ និងក្រសួងសង្គមកិច្ច។
ប្រធានសហជីពសេរីកម្មករកម្ពុជារូបនេះបញ្ជាក់ថា៖ «អ្នកវិនិយោគទុន មិនគួរឲ្យមានការភ័យខ្លាចនោះទេ ប្រសិនជាគាត់បានគោរពច្បាប់រដ្ឋ ច្បាប់ការងារ ច្បាប់រដ្ឋធម្មនុញ្ញ កតិកាសញ្ញានានា។ មិនគួរព្រួយបារម្ភទេ ព្រោះសហជីពនៅលើពិភពលោកប្រទេសណាក៏មានដែរ វៀតណាម ចិន ក៏មាន។ គាត់មិនត្រូវភ័យរឿងសហជីពដើរញុះញង់នោះទេ ដោយគាត់គ្រាន់តែ កាត់បន្ថយសហជីពរដ្ឋាភិបាល ហើយគោរពច្បាប់ អ្វីៗនឹងរលូន»៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មីនា ២០១៤