ប្រមុខ​ការទូត​អ៊ឺរ៉ុប​ព្រមានជាថ្មី ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ចេញ​ពី​កម្ពុជា

ប្រមុខការទូតអ៊ឺរ៉ុប បានប្រតិកម្មសារជាថ្មីថា សហភាពអ៊ឺរ៉ុបកំពុងទន្ទឹងរង់ចាំ ពីការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាបន្ទាន់ ព្រមទាំងត្រូវលប់ចោលឲ្យបានឆាប់ នូវការសម្រេចរបស់តុលាកាកំពូល ទាក់ទង​ការរំលាយគណបក្សនេះ កាលពីពាក់កណ្ដាល​ខែវិច្ឆិកាមុន។
ប្រមុខ​ការទូត​អ៊ឺរ៉ុប​ព្រមានជាថ្មី ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ចេញ​ពី​កម្ពុជា
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការ​ នៃសហភាពអ៊ឺរ៉ុប និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០២ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 02, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហភាពអ៊ឺរ៉ុប នៅតែរង់ចាំដោយក្ដីទន្ទឹង នូវការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការលប់ចោល នូវការរំលាយគណបក្សនេះ ហើយការពិនិត្យមើល ទៅលើការអនុគ្រោះផ្នែកពាណិជ្ជកម្ម សម្រាប់ប្រទេសកម្ពុជា នឹងត្រូវធ្វើក្នុងឆ្នាំ២០១៨ នេះ។ នេះ បើតាមចម្លើយរបស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ដែលបានឆ្លើយតប​នឹងសំណួរចំនួនបី របស់សមាជិកសភាអ៊ឺរ៉ុបជាច្រើនរូប ដែលបានដាក់ទៅកាន់អ្នកស្រី កាលពីដើមខែធ្នូកន្លងមក។

អ្នកស្រីបានឆ្លើយតប ជាលាយលក្ខណ៍អក្សរ នៅក្នុងចម្លើយ ចុះថ្ងៃទី ២៦ ខែមេសា ដោយរំលឹកពីសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់អ្នកនាំពាក្យអ្នកស្រី ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរំលាយគណបក្សសង្គ្រោះជាតិ បានដាក់ប្រទេសកម្ពុជា ឲ្យឃ្លាតចេញឆ្ងាយ ពីវិថីដែលប្រទេសនេះ បានជ្រើសរើសយកលទ្ធិពហុនិយម និងប្រជាធិបតេយ្យ។ សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់បន្ថែម ពីភាពខុសច្បាប់ នៃដំណើរការបោះឆ្នោតមួយ ដែលបានផាត់ចោល នូវគណបក្សប្រឆាំងដ៏សំខាន់ជាងគេ និងបានជាន់ឈ្លី លើសម្លេងឆ្នោត របស់ពលរដ្ឋម្ចាស់ឆ្នោតទាំងឡាយ ដែលបានគាំទ្រគណបក្សនេះ។

ចម្លើយរបស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី បានលើកយកចំនួនសម្លេងឆ្នោត ដែលគាំទ្រគណបក្សសង្គ្រោះជាតិ មកបញ្ជាក់ថា មានចំនួន ៤៤,៥% ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ និងមានចំនួន ៤៣,៨% ក្នុងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សា ឃុំសង្កាត់ ឆ្នាំ២០១៧។

ប្រមុខការទូតអ៊ឺរ៉ុប បានបន្តរំលឹកយកសំដីអ្នកស្រី ដែលបានថ្លែង​ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសនៃជំនួប «ASEM» កម្រិតរដ្ឋមន្ត្រី ក្នុងប្រទេ​សភូមា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ មកបញ្ជាក់ថា សហភាពអ៊ឺរ៉ុបកំពុងទន្ទឹងរង់ចាំ ដោយក្ដីទទូច ពីការទាមទារឲ្យដោះលែងប្រធានគណបក្សប្រឆាំង លោក កឹម សុខា ជាបន្ទាន់ ព្រមទាំងត្រូវលប់ចោលឲ្យបានឆាប់ នូវការសម្រេចរបស់តុលាកាកំពូល ទាក់ទង​ការរំលាយគណបក្សនេះ កាលពីពាក់កណ្ដាល​​ខែវិច្ឆិកាមុន។

អ្នកស្រី ម៉ូហ្គេរីនី បានបញ្ជាក់ជាថ្មីថា ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានគ្រឹះ ជាលក្ខខណ្ឌចាំបាច់ នៃនយោបាយពាណិជ្ជកម្ម និងជាមូលដ្ឋានច្បាប់ ដើម្បីឈានទៅអនុគ្រោះពន្ធ ផ្នែកពាណិជ្ជកម្ម របស់សហភាពអ៊ឺរ៉ុប។ អ្នកស្រីបានសរសេរថា៖ «មន្ត្រីនៃគណៈកម្មការអ៊ឺរ៉ុប ដោយមានកិច្ចសហការ ជាមួយការិយាល័យអ៊ឺរ៉ុប ទទួលបន្ទុកសកម្មភាពខាងក្រៅ (European External Action Service) កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពវិវត្តន៍ទៅមុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើល ថាតើលក្ខខណ្ឌទាំងអស់ ដូចមានចែង ក្នុងលក្ខន្តិកៈលេខ 978/2012 ស្ដីពីពាណិជ្ជកម្ម និងការអនុគ្រោះពន្ធ របស់សហភាពអ៊ឺរ៉ុប ត្រូវបានបំពេញឬទេ»។

អ្នកស្រីអនុប្រធានគណៈកម្មការអ៊ឺរ៉ុប បានបញ្ជាក់ទៀតថា ការត្រួតពិនិត្យ លើប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហភាពអ៊ឺរ៉ុប (EU's Generalised Scheme of Preferences - GSP) សម្រាប់ប្រទេសកម្ពុជា នឹងត្រូវគ្រោងធ្វើ ក្នុងឆ្នាំ២០១៨នេះ។ រីឯក្នុងចំណាត់ការភ្លាមៗ របស់ខ្លួន សហភាពអ៊ឺរ៉ុបបានសម្រេចរួចហើយ នូវការ​ផ្អាកជំនួយ ទៅឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (NEC) ដោយជូនដំណឹង នៃការព្យួរជំនួយនេះ ទៅកាន់អាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅទីបញ្ចប់ នៃចម្លើយទៅកាន់សំនួរ របស់សមាជិកសភាអ៊ឺរ៉ុប អ្នកស្រី ម៉ូហ្គេរីនី បានលើកឡើងថា ស្ថាប័នអ៊ឺរ៉ុបដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (ហៅកាត់ថា EIDHR) គឺជាស្ថាប័នផ្ដល់ថវិកា ទៅតាមគម្រោង ដើម្បីគាំទ្រដល់តួអង្គសង្គមស៊ីវិលសំខាន់ៗ ក្នុងបរិបទនយោបាយ ដែលទាក់ទងនឹងបញ្ហាសិទិ្ធមនុស្ស។ ការសម្រេចរបស់ស្ថាប័ននេះ មិនចាំបាច់មានការអនុញ្ញាត ពីអាជ្ញាធរជាតិ (នៃសហភាពអ៊ឺរ៉ុប) ឡើយ។

កាលពីពាក់កណ្ដាលខែធ្នូមុន សំនួរចំនួនបី ដែលមានលេខសម្គាល់ «E-007629-17» ត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប ចំនួន១៦នាក់ ចោទសួរទៅកាន់អ្នកស្រី ប្រមុខការទូតអ៊ឺរ៉ុប ដោយតម្រូវឲ្យអ្នកស្រី ត្រូវឆ្លើយមកវិញ ជាលាយលក្ខណអក្សរ។ សំនួរទាំងបីនោះមានជាអាទិ៍ សួរថា៖  

១) តើអ្នកស្រី ម៉ូហ្គេរីនី យល់ដឹងពីសេចក្តីសម្រេច របស់តុលាការកំពូលកម្ពុជា ដែលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយតើអ្នកស្រី នឹងចាត់វិធានការអ្វីខ្លះ?

២) មានផលប៉ះពាល់អ្វីខ្លះ ទៅលើលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ? តើអ្នកស្រី ចូលរួមឬទេ ជាមួយសេចក្ដីសម្រេច ស្នើដំណោះស្រាយ របស់សភាអ៊ឺរ៉ុប ជុំវិញការរំលោភ លើកាតព្វកិច្ចរបស់កម្ពុជា នៅចំពោះអនុសញ្ញាអន្តរជាតិ ដែលមានចែង ក្នុងប្រព័ន្ធអនុគ្រោះពន្ធ «GSP» របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកចេញ ជាបណ្ដោះអាសន្ន នូវការអនុគ្រោះពន្ធ ដែលប្រទេសកម្ពុជា កំពុងទទួលបាន?

៣) មានផលប៉ះពាល់អ្វីខ្លះ ដែលកើតចេញពីការគាបសង្កតសព្វថ្ងៃ? តើជំនួយផ្នែកថវិកា នឹងត្រូវបន្តមានឬទេ ពីសំណាក់សហភាពអ៊ឺរ៉ុប ទៅកាន់​ប្រទេសកម្ពុជាឬទេ ជាពិសេសពីសំណាក់ ស្ថាប័នអ៊ឺរ៉ុបដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (ហៅកាត់ថា EIDHR)?

ក្រុមសមាជិកសភាអ៊ឺរ៉ុប មិនមែនចោទសំណួររបស់ផងខ្លួន ជាលើកទីមួយទេ។ កាលពីដើមខែធ្នូដដែលនេះ សំណួរចំនួនបី​ ផ្សេង ក៏ត្រូវបានសមាជិក​សភា​អ៊ឺរ៉ុប លោក «Ramon Tremosa» ចោទសួរ​​ទៅកាន់ប្រមុខ​ការទូត​អ៊ឺរ៉ុប​ដូចគ្នា  ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន និងជាពិសេស បរិហារពី«បរជ័យ»​ នៃនយោបាយ​«សន្ទនា» របស់សហភាពអ៊ឺរ៉ុប នៅក្នុងសំនុំរឿងទាំងនេះ។ សំណួររបស់លោកសមាជិកសភា «Ramon Tremosa» ត្រូវបានអ្នកស្រី ម៉ូហ្គេរីនី ឆ្លើយនៅទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...