ហ៊ុន សែន ព្រមានក្រុម LDP ឲ្យមានភាពថ្លៃថ្នូរ និងសុជីវធម៌
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 08, 2017
- ប្រធានបទ: ជម្លោះហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទឹកភ្នែករបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាបក្សជួង) ដែលបានស្រក់ចុះមក ពិតជាមិនបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំជួលចិត្តបន្តិចណាសោះ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បែរជាប្រតិកម្មតបទៅវិញ ដោយពាក្យព្រមានធ្ងន់ៗ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃពុធនេះ។
នោះអាចបណ្ដាល មកពីការសរសេរ របស់ក្រុមសមាជិក«បក្សជួង» ដែលបានទាមទារនៅលើបណ្ដាញសង្គម ស្នើសុំទៅនាយករដ្ឋមន្ត្រីកម្ពុជា ឲ្យលូកដៃចូលអន្តរាគមន៍ នៅក្នុងការចាប់ឃាត់ខ្លួន ក្រុមយុវជនសមាជិកគណបក្ស ទាំង១៣នាក់ ក្នុងខេត្តកំពត កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមកនេះ។ លោក ហ៊ុន សែន បានសរសេរឆ្លើយតប ទៅក្រុម«ពល LDP» ដូច្នេះថា៖ «សូមបងប្អូនចូលមកនិយាយ មានភាពថ្លៃថ្នូរ និងមានសុជីវធម៏។ តើមកពឹងខ្ញុំ ឬមកប្រដៅខ្ញុំ ឬមកជេរខ្ញុំ?»។
សមាជិកជាច្រើន របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលទៅសរសេរនៅលើទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រី ដោយរៀបរាប់ ពីរឿងរ៉ាវជម្លោះដីធ្លី ដែលបានកើតឡើង នៅក្នុងភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ សមាជិកខ្លះទៀត បានដៀមដាមដាក់នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាង របស់កម្ពុជាថា៖ «តុលាការ ធ្វើតាមតែមាត់សម្ដេចប៉ុណ្ណោះ»។ រីឯសារចូលរួមមរណទុក្ខមួយ របស់លោក ហ៊ុន សែន ចំពោះអ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍ម្នាក់ ដែលទើបធ្វើមរណភាពនោះ ត្រូវបានសមាជិកម្នាក់ទៀត របស់គណបក្ស«ជួង» ចាត់ទុកថា ជារឿងកេងចំណេញ យកប្រជាប្រិយភាព។
«ពល LDP» រូបនោះ បានសរសេរថា៖ «បើរឿងកេងចំណេញ យកប្រជាប្រិយភាពអ៊ីចឹង ដឹងលឿនណាស់។ ត្រង់អ្នកស្ម័គ្រចិត្ត LDP ១៣នាក់ ជាប់គុកយ៉ាងអយុត្តិធម៌ ផ្សាយស្ទើរគ្រប់សារព័ត៌មាន ផ្ញើរតាមឆាតផង ខមមិនផង គាត់មិនដឹងសោះ។ ពិតជាអស្ចារ្យណាស់ នាយករដ្ឋមន្ដ្រីស្រុកខ្ញុំ។»។
ប៉ុន្តែករណីនេះ មិនមែនថា លោក ហ៊ុន សែន មិនបានដឹងនោះទេ។ ដូចសំណេររបស់លោក នៅក្នុងចម្លើយតបនោះដូច្នេះថា៖ «រឿងនៅខេត្តកំពត បានស្ថិតក្នុងដៃតុលាការរួចទៅហើយ។ សុំរកមេធាវីតតាំងក្តី តាមផ្លូវតុលាការ។»។
រួច លោកនាយករដ្ឋមន្ត្រី បានព្រមានបន្ថែមថា៖ «សូមកុំហួសហេតុពេក ល្មមៗ បានហើយ»។
នៅថ្ងៃពុធនេះដដែល លោក ខឹម វាសនា ប្រធានគណបក្ស «ជួង» វិញ ក៏បានសរសេរ នៅលើគណនេយ្យហ្វេសប៊ុក របស់លោកដែរ ដោយបានស្នើសុំទៅ«ពល LDP»របស់លោក ឲ្យឈប់ចូលទៅផ្ដល់មតិយោបល់ នៅលើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន តទៅទៀត។ លោក ខឹម វាសនា បាននិយាយថា លោកបានស្រក់ទឹកភ្នែក នៅពេលឃើញ«ពល»របស់លោក ដើរសរសេរអង្វរគេឯង គ្រប់កន្លែងដូច្នេះ ទាំងក្រុមខ្លួន«មិនខុស»អ្វីសោះ។
ជាមួយនឹងការអះអាង ដែលថា យុវជនទាំង១៣នាក់ ត្រូវបានចាប់ឃុំ ដោយអយុត្តិធម៌នោះ «ប្រមុខទ័ព LDP» នៅបានចោទ ក្រុមអ្នកគាំទ្រគណបក្សផ្សេង ថាបានបន្លំខ្លួនធ្វើជា «ពល LDP» ក្នុងគោលបំណង«បំពុលបរិយាកាស» នោះទៀតផង។ យ៉ាងណា លោក ខឹម វាសនា បានបញ្ជាក់ថា គណបក្សលោកមានមេធាវី ដើម្បីទៅការពារជនត្រូវចោទ ទាំង១៣នាក់នោះហើយ៕