ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក«បំផើម»កូនខ្មែរនៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៥ មីនា ២០១៥
- កែប្រែចុងក្រោយ: March 25, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជា បានលើកសសើរ បេសកកម្ម របស់ស្ត្រីទីមួយអាមេរិកនេះ ថាបានល្អយ៉ាងណាក៏ដោយ តែលោក ហ៊ុន សែន មិនបានទុកឱកាសនេះ ឲ្យកន្លងផុត ក្នុងការសម្ដែងការហួសចិត្ត ចំពោះដំណើរទស្សនកិច្ចរបស់អ្នកកស្រី មីឆែល អូបាម៉ា ដែលបានជ្រើសរើសសិស្ស ក្នុងខេត្តសៀមរាបចំនួន១០នាក់ តែបែរជាបានដាក់បន្ទុកនេះ មកលើលោកជាអ្នកឧបត្ថម្ភទៅវិញ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យ បរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នៅវិទ្យាស្ថាន ជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងចំអកដាក់អ្នកស្រី មីឆែល អូបាម៉ា ថា៖ «ខ្ញុំស្មានតែអាមេរិក គាត់ឲ្យអាហារូបករណ៍ក្មេងៗ រៀនដល់មហាវិទ្យាល័យ... អត់។ ខ្ញុំខំប្រឹង សង្ឃឹមមាំណាស់។ (…) ខ្ញុំនឹកស្មានថា សហរដ្ឋអាមេរិកហ្នឹង ជួយក្មួយៗ រៀនដល់ចប់មហាវិទ្យាល័យ។ »
ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី យ៉ាងដូច្នេះ បន្ទាប់ពីលោកទទួលបានលិខិតមួយច្បាប់ ពីរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ដោយស្នើសុំអាហារូបករណ៍ នៅសាលារដ្ឋ ស្នើសុំកន្លែងស្នាក់នៅរបស់សិស្ស (អន្តោវាសិកដ្ឋាន) និងស្នើសុំអាហារូបករណ៍ពី លោក (ហ៊ុន សែន) ឲ្យជួយចិញ្ចើមជាដើម។
ជាមួយនឹងរបាយការណ៍ខាងលើនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏នសុំបញ្ជាក់ត្រឡប់ ទៅកាន់អ្នកស្រី មីឆែល អូបាម៉ា វិញថា កុំឲ្យមានការព្រួយបារម្ភ ពីករណីនេះឲ្យសោះ ព្រោះលោក និងភរិយា បានដោះស្រាយរួចរាល់ហើយ។ លោកលើកឡើង ដោយហួសចិត្តថា៖ «ចឹងគាត់មក បានត្រឹមតែរើសមនុស្ស ហើយបោះមកឲ្យក្រសួងអប់រំ (ជាអ្នកទទួល) ដដែល។ យុទ្ធនាការគាត់ល្អ តែខ្ញុំសុំផ្តល់មតិ សុំឲ្យអាមេរិកជួយចប់ចុងចប់ដើម។ កុំលេងធុននេះ ដើរបំផើមចោល។ (…) នេះរើស១០នាក់ ចុះបើគាត់រើស៥០០នាក់ វាមិនងាប់ ខ្ញុំមានលុយណាឲ្យ។ (…) នេះខ្ញុំនៅជានាយករដ្ឋមន្រ្តី ចុះបើខ្ញុំឈប់ធ្វើ តើក្មេងទាំងនោះ នឹងទៅជាយ៉ាងណា?»
មិនត្រឹមតែអ្នកស្រី មីឆែល អូបាម៉ា ប៉ុណ្ណោះទេ តែលោក ហ៊ុន សែន បានផ្ញើសារ ទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងអង្គការយូអេសអេអាយឌី (USAID) ដោយសុំកុំឲ្យ«លេងធុនបែបនេះ» កុំចេញតែដើររើស ហើយមិនអាចរុញឡើងបាន បែរជាមកបន្ទោសរដ្ឋាភិបាល ថា«មិនកើត»។
លោក ហ៊ុន សែន បានថ្លែងទៀតថា៖ «បើចង់ជួយ ជួយម៉ាចប់ កុំលេងដើរបំផើមចោល ពាក់កណ្តាល។ យ៉ាងហោចណាស់ បើរើស១០នាក់ តាំងពីរវិទ្យាល័យ រហូតដល់បញ្ចប់មហាវិទ្យាល័យ បណ្តោយទៅ។ សំណាងគាត់រើសបាន១០ ចុះបើគាត់រើស៥០០ ឲ្យយើង វាមិនស្លាប់។ បើចឹងគាត់បានត្រឹមតែមាននាទីដើររើស។ (…) បើថាធ្វើ ធ្វើឲ្យចប់ពី៦ឆ្នាំ កើនទៅ១០ឆ្នាំ បើមិនចឹងងាប់។ ខ្ញុំសម្រេចទទួលយកត្រឹមតែ១០នាក់ ដែល មីឆែល អូប៉ាម៉ា និងប្រពន្ធខ្ញុំ។ (…) ជួយអ្វី ជួយឲ្យប្រាកដ។»
លោក ហ៊ុន សែន បានរំលឹក និងផ្ញើរសារ ទៅប្រធានាធិបតីអាមេរិកថា លោក បារ៉ាក់ អូបាម៉ា ប្រហែលជាមិនទាន់ដឹងនៅឡើយ ពីការដើរ«បំផើមចោល»របស់ អង្គការរបស់អាមេរិក នៅកម្ពុជា។ លោកលើកឡើងថា កាលពីជំនាន់ផ្អើល រឿងជំងឺផ្តាសសាយបក្សី ស្រាប់តែអង្គការសុខភាពពិភពលោក បានមកបបួលលោក ឲ្យសម្លាប់មាន់ទូទាំងប្រទេស ដោយជួយចេញ នូវចំណាយទាំងនោះ។ លោកបន្តថា អាចធ្វើបាន ទាល់តែអង្គការនេះ បានដាក់ថវិកាតម្កល់ នៅក្នុងធនាគារកម្ពុជា រាប់ពាន់លានដុល្លារ ទើបអាចទៅរួច។ លោកបន្ថែមរឿងមួយទៀត ដូចជាអង្គការស្បៀង អាហារពិភពលោក មិនបានទិញអង្គរកម្ពុជាទេ តែមកខ្ចី រួចហើយក៏បានយកអង្ករនោះ មកជួយក្មេងកម្ពុជា ហើយប្រកាស យកគុណសម្បត្តិ របស់អង្គការខ្លួនទៅវិញ។
លោក នាយករដ្ឋមន្រ្តី បានលើកនូវឧទាហរណ៍មួយទៀតថា ដែលទំនងជាចង់បង្អាប់ខ្លួនឯងផងដែរថា ធនាគារពិភពលោក (WB) ផ្តល់កម្ចីឲ្យលោក នូវអាហារូបករណ៍សម្រាប់សិស្ស និសិ្សត តែលោកចង់បានជាសាលារៀន។ លោកបញ្ជាក់ថា ករណីនេះ លោកមិនទទួលយកឡើយ។ លោកបានថ្លែងឲ្យធនាគារពិភពលោកថា៖ «ខ្ញុំចង់ខ្ចីលុយគាត់ធ្វើសាលា គាត់ថាអត់ទេ ឲ្យខ្ចីសម្រាប់ធ្វើអាហាររូបករណ៏។ (…) បើអត់សាលារៀន តើលោកឲ្យអាហារូបករណ៍ តើឲ្យកូនសិស្ស ទៅរៀននៅឯណា?។ (…) បើខឹងមិនចាំបាច់ខ្ចីទេ បើអត់មានសាលា ឲ្យក្មេងរៀនផងយកមកធ្វើអី?»
សូមបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក មិនមែនជាស្ថាប័ន ស្ថិតក្រោយរដ្ឋបាលអាមេរិកទេ តែជាស្ថាប័នប្រតិបត្តិ តាមគោលការណ៍មនុស្សធម៌ របស់អង្គការសហប្រជាជាតិ៕