វិភាគ៖ តើ​បំណង​ឲ្យ​មាន​បុគ្គល​ឯករាជ្យ​ក្នុង គ.ជ.ប អាច​ទៅ​រួច​ទេ?

ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរ បានបរាជ័យដោយមិនបានចេញសេចក្តីថ្លែងការណ៍រួម នៅក្នុងកិច្ច​ប្រជុំ​គណៈកម្មការចម្រុះកាលពីថ្ងៃទី ១០ ខែមីនា កន្លងទៅ ដោយសារគណបក្សប្រឆាំង លើកប្រធានបទសមាភាព គ.ជ.ប។ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរ សមាសភាពស្ថាប័នមួយនេះ ដោយដាក់បុគ្គល​ឯករាជ្យ​មកជំនួសវិញ។ តើការចង់បានរបស់បក្សប្រឆាំងបែបនេះ អាចធ្វើទៅរួចដែរឬទេ?
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: March 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរ បានបរាជ័យដោយមិនបានចេញសេចក្តីថ្លែងការណ៍រួម នៅក្នុងកិច្ច​ប្រជុំ​គណៈកម្មការចម្រុះកាលពីថ្ងៃទី ១០ ខែមីនា កន្លងទៅ ដោយសារគណបក្សប្រឆាំង លើកប្រធានបទសមាភាព គ.ជ.ប។ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរ សមាសភាពស្ថាប័នមួយនេះ ដោយដាក់បុគ្គល​ឯករាជ្យ​មកជំនួសវិញ។ តើការចង់បានរបស់បក្សប្រឆាំងបែបនេះ អាចធ្វើទៅរួចដែរឬទេ?


រូបគំនូរកំប្លែងរបស់អង្គការខមហ្វ្រែល។

វិភាគ - មិនមែនជារឿងថ្មីនោះទេ ពោលគឺតាំងពីជាង ១០ ឆ្នាំមុនមកម្លេះ ដែលគណបក្សប្រឆាំងទន្ទេញក្នុងចិត្ត ចង់​ឲ្យរដ្ឋាភិបាលកែទម្រង់ការបោះឆ្នោត តាមរយៈការផ្លាស់ប្តូរសមាសភាពគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត​បច្ចុប្បន្នចេញ ដាក់បុគ្គលឯករាជ្យធ្វើការនៅក្នុងស្ថាប័ននេះវិញ។ គណបក្សប្រឆាំងតែងចោទប្រកាន់ថា សមាសភាព​ថ្នាក់ដឹកនាំ គ.ជ. ប ជាង ៤ អាណត្តិមកនេះ មានលោក អ៊ឹម សួរស្តី លោក ទេព នីថា ជាដើម គឺជាមនុស្សរបស់​គណបក្ស​ប្រជាជនកម្ពុជា ទាំងសាច់ទាំងឈាមតែម្ដង។

ដោយសារតែមេដឹកនាំ គ.ជ.ប ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជានេះហើយ ដែលធ្វើឲ្យការបោះឆ្នោតជាង ៤ អាណត្តិ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៨ មកនេះ ត្រូវបានអ្នកឃ្លាំមើលឯករាជ្យ ឲ្យតម្លៃទៅលើការបោះឆ្នោតទាំងនោះ មិនសូវមានភាពយុត្តិធម៌ ត្រឹមត្រូវ និងអព្យាក្រឹត្យ ឯករាជ្យនោះឡើយ។ ក្រុមអ្នកឃ្លាំមើល ដែលមានទាំងក្រុមជាតិ និងអន្តរជាតិផង ថែមទាំងចោទស្ថាប័ន គ.ជ.ប ដឹកនាំយ៉ាងចាស់ខែដោយ លោក អ៊ឹម សួរស្តី លោក ទេព នីថា នេះថា ជាអ្នកជួយលួចបន្លំសន្លឹកឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិនោះទៀត។

មូលហេតុនេះហើយ ទើបនៅក្រោយការបោះឆ្នោតនីតិកាលទី ៥ នេះ គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ និង​អង្គការសង្គមស៊ីវិលជាច្រើន ដែលធ្វើការទាក់ទងនឹងការបោះឆ្នោត ទទួចទាមទារយ៉ាងខ្លាំងក្លា ចង់ឲ្យមានការ​កែ​ទម្រង់​ការបោះឆ្នោត ជាពិសេសផ្លាស់ប្តូរសមាសភាព គ.ជ.ប ដោយដាក់បុគ្គលឯករាជ្យ​មកធ្វើការនៅក្នុងស្ថាប័ន​នេះ​វិញ។

ប៉ុន្តែអ្វីដែលគេត្រូវចោទជាសំនួរ ថាតើការទាមទាររបស់បក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបែបនេះ នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាយល់ព្រមដែរឬទេ?

ជាសំនួរដែលមិនពិបាកឆ្លើយ ព្រោះ«ចំណីនៅក្នុងមាត់ហើយ នរណាឡើយចង់ខ្ជាក់មកវិញនោះ?» នរណាគេដឹង​ដែរ​ថានៅប្រទេសកម្ពុជា គឺអំណាចប្រមូលផ្តុំទៅលើតែបុគ្គលម្នាក់ គឺលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា​កាន់​អំណាចជិត ៣០ឆ្នាំ។ លោក ហ៊ុន សែន ដែលជាប់ឈ្មោះជាបុរសខ្លាំង កាន់អំណាចដោយកណ្ដាប់ដៃដែកនោះ មាន​អំណាចក្តោបក្តាប់ទៅលើស្ថាប័ន របស់រដ្ឋសំខាន់ៗទាំងអស់ រាប់ទាំងស្ថាប័ន គ.ជ.ប នោះដែរ។

ជាពិសេស គេត្រូវយល់ថា គឺស្ថាប័ន គ.ជ.ប នេះហើយដែលបានបង្កបង្កើតភាពស្រប់ច្បាប់ ឲ្យលោកបានកាន់​អំណាចជាដរាបមកដល់ថ្ងៃនេះ។ រីឯសំនួរមួយទៀត គេត្រូវសួរថា តើលោក ហ៊ុន សែន និងបក្សពួកក្រុមគ្រួសារ​របស់លោក មានបានគិតសូម្បីតែមួយវិនាទីឬទេ ថាលោក ចង់ចុះពីអំណាចនោះ? ជាសំនួរដែលគេត្រូវស្វែង​រក​ចម្លើយ ដូចរងចាំផ្កាយធ្លាក់ពីលើមេឃ ឬឆ្លើយឲ្យខ្លី «កុំសង្ឃឹម»ឲ្យសោះ។ ម្លោះហើយ គ្មានហេតុផលអ្វី ដែលធ្វើ​ឲ្យលោកហ៊ុន សែន ត្រូវផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ដែលលោកខំរៀបចំតាំងពី«ព្រេងនាយ» ដែល​សុទ្ធសឹងជាមនុស្សរបស់ខ្លួន ហើយដាក់បុគ្គលណាផ្សេង ដែលលោកមិនស្គាល់ជំនួសវិញនោះឡើយ។

ម្យ៉ាងវិញទៀត ហេតុផលសំខាន់ជាងនេះ គឺគណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចទុកចិត្តចំពោះ​បុគ្គលដែលបក្ស​ប្រឆាំង និងអង្គការសង្គមស៊ីវិលហៅថា ជា«បុគ្គលឯករាជ្យ»នោះទេ។ គណបក្សកាន់អំណាចសព្វថ្ងៃដឹងខ្លួន យ៉ាង​ច្បាស់ ថានៅក្នុងប្រទេសកម្ពុជា អ្នកដែលមានជំហរឯករាជ្យ មិនងាយគេបង្វឹលបាន ឬបញ្ញាជនភាគច្រើន សុទ្ធសឹង​ជាអ្នករិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ទោះបើមិនច្រើន ក៏គេបានបង្ហាញជំហរមិនគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន នោះដែរ។

មជ្ឈដ្ឋានប្រឆាំងមួយចំនួន បានលើកមកវិភាគថា មានតែកម្លាំងពីរយ៉ាង ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា និង​លោក ហ៊ុន សែន អាចយល់ព្រមផ្លាស់ប្តូរសមាសភាព គ.ជ.ប នោះបានគឺ កម្លាំងមហាជន និងកម្លាំងអន្តរជាតិ។ តែនោះ គឺជាការវិភាគមួយ ដែលនៅ«ស្ទើភ្លើង» ព្រោះគេគម្បី«ស្គាល់»លោក ហ៊ុន សែន ឲ្យបានច្រើនជាងនេះ។

ស្មារតីប្រជាជនកម្ពុជា ដែលត្រូវបានរបបខ្មែរក្រហម និងរបបកុម្មុយនីសដែលលើកបន្ដុបដោយវៀតណាម វាយ​បំបាក់​រាបដល់ដីនោះ ទើបតែងើបមកវិញ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ការងើបឡើងបន្ដិចនេះ មិន​គ្រប់គ្រាន់នឹងឲ្យ​មាន​កម្លាំងមហាជនមួយ ដើម្បីដាក់សម្ពាធលើលោក ហ៊ុន សែន និងគណបក្សប្រជាជននោះទេ។ មិនត្រឹមតែ​ប៉ុណ្ណោះ សភាពការណ៍បង្ក្រាប នៅដងវិថីវ៉េងស្រង ជាឧទាហរណ៍ស្រាប់បញ្ជាក់ថា លោក ហ៊ុន សែន មិនខ្លាចនឹង​ប្រើកម្លាំង ដើម្បីបំបាក់ស្មារតីទប់ទល់នឹងកម្លាំងមហាជន ដែលមជ្ឈដ្ឋានខាងលើបាន​លើកឡើង​នោះ​ឡើយ។

រីឯការលើកឡើង ពីកម្លាំងអន្តរជាតិដើម្បីដាក់សម្ពាធលោក ហ៊ុន សែន នោះទៀតសោធ វាបានត្រឹមតែធ្វើឲ្យលោក ហ៊ុន សែន និងបក្សពួក កាន់តែផ្ទុះសំណើចសើចសប្បាយយ៉ាងរីករាយបន្ថែមទៀតប៉ុណ្ណោះ។ ព្រោះនយោបាយ «អោបដៃចិន លិទ្ធជើងវៀតណាម» របស់លោក ហ៊ុន សែន នឹងបញ្ចេញរូបរាងកាន់តែច្បាស់នៅពេលនោះ។ លោក ហ៊ុន សែន និងបក្សពួកធ្លាប់និយាយច្រើនដងច្រើនសារហើយថា «សង្កត់ក ហ៊ុន សែន មិនមែន ហ៊ុន សែន ជាអ្នក​លៀនអណ្ដាតនោះទេ»៕

------------------------------
ដោយ វិធូ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១២ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...