ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត ត្បូងឃ្មុំ ថ្មី ដើម្បីសម្រួលការចែកអំណាច«ថ្មី»?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ប្រាជ្ញ ច័ន្ទ ដែលបច្ចុប្បន្នជាអភិបាលខេត្តបាត់ដំបង នឹងត្រូវតែងតាំងជាអភិបាលខេត្ត ដែលទើបនឹងបង្កើតថ្មីគឺ«ខេត្តត្បូងឃ្មុំ»។ ហើយតំណែងជាអភិបាលខេត្តបាត់ដំបង ក៏នឹងត្រូវជំនួសដោយលោក ច័ន្ទ សុផល បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពកាលពីម្សិលម៉ិញ។
ផែនទីក្រៅផ្លូវការ របស់ខេត្តត្បូងឃ្មុំថ្មី។ (រូបថតពីប្រព័ន្ធផ្កាយរណប ហ្គូហ្គ័ល)
ខេត្តត្បូងឃ្មុំ- នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទីប្រាំលោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពបានលើកឡើងថា រដ្ឋាភិបាលនឹងស្នើរព្រះរាជតំរិះ ពីព្រះមហាក្សត្រក្នុងការតែងតាំងលោក ប្រាជ្ញ ច័ន្ទ ដែលបច្ចុប្បន្នជា អភិបាលខេត្តបាត់ដំបង ជាអភិបាល«ខេត្តត្បូងឃ្មុំ»។ ឯអភិបាលខេត្តបាត់ដំបង នឹងត្រូវជំនួសមកវិញដោយលោក ច័ន្ទ សុផល បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើឲ្យគ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធត្រូវគិតគូររៀបចំមន្ទីរអង្គភាព ដែលជាខ្សែបណ្តោយរបស់ខ្លួននៅកម្រិតខេត្តថ្មីនេះ។ ជាមួយគ្នានេះ លោកក៏បានឲ្យគណៈអភិបាលខេត្តកំពង់ចាម នៅបន្តការងាររបស់ខ្លួនក្នុងការគ្រប់គ្រងដែនសម្ថកិច្ចនៃខេត្តទាំងពីរនេះជាធម្មតា រហូតដល់ថ្ងៃដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តត្បូងឃ្មុំ ចូលកាន់តំណែងជាផ្លូវការនាពេលខាងមុខ។
សូមរម្លឹកថា«ខេត្តត្បួងឃ្មុំ» ដែលទើបនឹងបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២០៣/១៤៤៥ របស់ព្រះមហាក្សត្រប្រទេសកម្ពុជាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះព្រះហស្ថលេខាកាលពីថ្ងៃទី៣១ ធ្នូ ២០១៣ តាមសំណើរទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការបង្កើតខេត្តថ្មីនេះ។
«ខេត្តត្បួងឃ្មុំ» ថ្មីមួយនេះបានកាត់យកនូវក្រុងចំនួនមួយ និង ស្រុកចំនួនប្រាំមួយពីខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានស្រុកបាធាយ, ស្រុកចំការលើ, ស្រុកជើងព្រៃ, ស្រុកតំបែរ, ក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកកងមាស, ស្រុកកោះសូទិន, ស្រុកក្រូចឆ្មារ, ស្រុកមេមត់, ស្រុកអូររាំងឪ, ស្រុកពញាក្រែក, ស្រុកព្រៃឈរ, ស្រុកស្រីសន្ធរ, ស្រុកស្ទឹងត្រង់, ស្រុកត្បូងឃ្មុំ និងក្រុងសួង។ «ខេត្តត្បួងឃ្មុំ» ថ្មីដែលបានកាត់ចេញពីខេត្តកំពង់ចាមរួមមានក្រុងសួង, ស្រុកត្បូងឃ្មុំ, ស្រុកអូររំាងឪ, ស្រុកមេមត់, ស្រុកក្រូចឆ្មារ, ស្រុកពញាក្រែក និងស្រុកតំបែរ។
សូមបន្ថែមថាក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានបំបែកដែនដីរដ្ឋបាលរបស់ខ្លួន ជាពីរលើកហើយ ដោយបានបញ្ជាក់នូវជំហរ និងបំណងរបស់ខ្លួនថា ដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រង។ ពិសេសការគ្រប់គ្រងទៅលើរដ្ឋបាល និងសន្តិសុខ។ កាលពីលើកទីមួយរាជរដ្ឋាភិបាលបានបង្កើតខណ្ឌចំនួនបីថ្មីក្នុងរាជធានីភ្នំពេញមានដូចជាខណ្ឌច្បារអំពៅ បំបែកចេញពីខណ្ឌមានជ័យ, ខណ្ឌជ្រោយចង្វារបំបែកចេញពីខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវ, និងខណ្ឌព្រែកព្នៅបំបែកចេញពីខណ្ឌសែន សុខ និងខណ្ឌប្ញស្សីកែវ។
ទោះយ៉ាងណាក៏ដោយការបំបែកនូវដែលដីរដ្ឋបាល ជាបន្តបន្ទាប់របស់រដ្ឋាភិបាលថ្មីនេះ ត្រូវបានរិះគន់ដោយប្រជាពលរដ្ឋមួយចំនួន ពិសេសអ្នកដែលកំពុងរងនូវការរំលោភបំពានចាងដីធ្លី ថា ជាការងាយក្នុងការគ្រប់គ្រងនោះ (វា)គ្រាន់តែជាលេសដើម្បីនិយាយឲ្យសមតែប៉ុណ្ណោះ ជាក់ស្តែងជាការចែកអំណាចគ្នានៃគណបក្សប្រជាជនកម្ពុជា ក្រោយការបោះឆ្នោតនេះទៅវិញទេ។
អ៊ុំប្រុសម្នាក់ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ អតីតមន្រ្តីរាជការចូលនិវត្ត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងពេលឃោសនាបោះឆ្នោតម្តងៗ សកម្មជននៃគណបក្សប្រជាជនកម្ពុជា បានចំណាយប្រាក់មិនតិចទេ ក្នុងការរៀបចំនូវការឃោសនានោះ។ ដូច្នេះក្រោយការឈ្នះឆ្នោត ពួកគេត្រូវតែមានតួនាទីក្នុងស្ថាប័ន ក្រសួង ឬតំបន់ណាមួយសម្រាប់គ្រប់គ្រង ជាជំនួសនឹងការចំណាយប្រាក់ក្នុងការឃោសនានោះ។
អ៊ុំប្រុសរូបនេះបានបញ្ជាក់បន្ថែមថា «បើមិនបែងចែក ឬឲ្យតួនាទីទៅអ្នកទាំងនោះទេ អាចនឹងមានជំលោះផ្ទៃក្នុង។ ពេលបោះឆ្នោតម្តងៗអ្នកធំៗមិនជាចំណាយប្រាក់ប៉ុន្មានទេ តែអ្នកតូចៗល្មមទើបខំខ្នះខ្នែងចេញមុខចំណាយ ក៏ព្រោះតែចង់បានតួនាទីណាមួយដែរ។ (…) ពួកគេតែងធ្វើឡើងជាប្រព័ន្ធ ទៅតាមមន្រ្តីថ្នាក់ធំដែលពួកគេអាចទុកចិត្តបាន និងក៏ជាខ្សែរយៈមួយមាំមួនដែរ។ គេមិនចេះតែធ្វើ និងចំណាយមិនមានប្រយោជន៍នោះទេ។ (…) ក្នុងនោះក៏មានអ្នកជំនួញធំៗដែរ ដែលមានឈ្នោះក្នុងការចំណាយប្រាក់ ហើយបានមកត្រឡប់វិញនូវការរកស៊ីដោយមិនចាំបាច់បង់ពន្ធ ឬអាចធ្វើអ្វីទៅតាមចិត្តដោយមិនខ្លាចច្បាប់ និងក៏គ្មានវិធានការណាមួយលើអ្នកទាំងនោះដែរ។ (…) ឧទាហរណ៍ដូចករណីបឹងកក់ បូរីកីឡា ដីក្រហម និងតំបន់ផ្សេងៗនៅស្ទើរទូទាំងប្រទេសកម្ពុជាជាដើម៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤