សម រង្ស៊ី ថានឹងបន្តទម្លាយការពិត ដោយមិនខ្វល់ ហ៊ុន សែន ខឹងឬមិនខឹង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 29, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហ៊ុន សែន ខឹងមួម៉ៅដោយសារ«ខ្ញុំបង្ហោះសារ តាមហ្វេសប៊ុក ដែលពលរដ្ឋខ្មែររាប់លាននាក់ សុទ្ធតែបានឃើញ» នេះ ជាប្រតិកម្ម របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា តបទៅនឹងគម្រោង ចង់ធ្វើវិសោធនកម្ម ជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មម្ដងហើយ កាលពីដើមឆ្នាំ២០១៧នេះ។
ប្រតិកម្មខាងលើ បានធ្វើឡើងកាលពីម្សិលម៉ិញ នៅក្នុងសារមួយ ដែលមេដឹកនាំប្រឆាំងរូបនេះ បានផ្ញើរទៅកាន់សារព័ត៌មាន «ខេមបូឌាដេលី» ដោយបញ្ជាក់បន្ថែមថា លោកនៅតែបន្ត «លាតត្រដាងការពិត ដោយមិនខ្វល់ថា លោក ហ៊ុន សែន ខឹង ឬមិនខឹងនោះឡើយ»។
ក្នុងសារមួយផ្សេង ដែលទើបត្រូវបានបង្ហោះ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមិថុនានេះ នៅលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បាននិយាយសំដៅ ទៅលោក ហ៊ុន សែន ថាកំពុង«ក្រពុលមុខ ហើយស្លន់ស្លោយ៉ាងខ្លាំង» នៅចំពោះលទ្ធផល នៃការស្ទង់មតិមួយ ដែលបង្ហាញថា ប្រជាប្រិយភាពរបស់របស់លោក ហ៊ុន សែន ធ្លាក់ចុះយ៉ាងខ្លាំង ហើយមានកម្រិតទាប ជាងប្រជាប្រិយភាពរបស់លោក។
ការស្ទង់មតិនោះ ត្រូវបានលោក សម រង្ស៊ី បង្ហោះជាសាធារណៈ កាលពីសប្ដាហ៍មុន នៅលើបណ្ដាញសង្គម។ លោក សម រង្ស៊ី បានអះអាងនៅពេលនោះថា ការស្ទង់មតិដ៏ស្ងាត់ស្ងៀម ត្រូវបានបញ្ជាធ្វើដោយគណបក្សប្រជាជនកម្ពុជានោះ ហើយទំនងជាធ្វើឡើង រវាងពីខែឧសភា មកខែកញ្ញា ឆ្នាំកន្លងទៅ ដោយក្រុមហ៊ុន«Shaviv Strategy and Campaigns» ដែលមានទីតាំង ក្នុងប្រទេសអ៊ីស្ត្រាអែល និងដែលមានជំនាញខាងយុទ្ធសាស្ត្រ និងការឃោសនា ដើម្បីស្វែងរកជ័យជំនះ នៅក្នុងការបោះឆ្នោត។
មិនមែនមានតែការស្ទង់មតិនេះមួយទេ តែនៅមានសារមួយទៀត ក៏ត្រូវបានលោក សម រង្ស៊ី បង្ហោះទម្លាយជាសាធារណៈដែរ។ សារនោះបានបង្ហាញឲ្យឃើញថា លោក ហ៊ុន សែន បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ឱ្យត្រៀមធ្វើសកម្មភាព និងផ្ទុះអាវុធ បើសិនណាជាលោក សម រង្ស៊ី ឈានជើងចូលប្រទេសកម្ពុជាវិញ។ សារបែកធ្លាយនេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសច្រានចោល ថាមិនមែនលោក ជាអ្នកសរសេរ តែបានទទួលស្គាល់ថា វាពិតជាមានលក្ខណៈ ជាការបញ្ជាទ័ពដូច្នេះមែន។
ការទម្លាយរឿងរ៉ាវ ជាសាធារណៈ ត្រូវរាប់បញ្ចូល ពីវីដេអូប្រវត្តិសាស្ត្រជាច្រើនទៀត ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ជាប្រវត្តិដ៏«អាថ៌កំបាំង» របស់គណបក្សប្រជាជនកម្ពុជា ដែលមានទំនាក់ទំនង យ៉ាងស្អិតរមួត ជាមួយគណបក្សកុម្មុយនីសឥណ្ឌូចិន បង្កើតឡើងដោយមេដឹកនាំយួន លោក ហូ ជីម៉ិញ តាំងពីទសវត្សន៍ឆ្នាំ៥០។ លោក សម រង្ស៊ី បានបកស្រាយ នៅក្នុងវីដេអូចុងក្រោយមួយ ហៅគណបក្សប្រជាជនកម្ពុជា ថាជាគណបក្ស«យួនបង្កើត» ដឹកនាំដោយ«យួនបង្កប់» និងធ្វើតាម«យួនបង្គាប់»។
ការបង្ហោះសារ និងការថ្លែងញឹកញាប់ ទាក់ទងនឹងអាថ៌កំបាំងទាំងនេះ ត្រូវបានលោក សម រង្ស៊ី ពន្យល់ថា វាជាហេតុផល ដែលឈានទៅដល់ ការធ្វើវិសោធនកម្ម ជាថ្មីម្ដងទៀត ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអ្វីមួយ ដែលលោក សម រង្ស៊ី អះអាងថា គ្រាន់តែជាការ«លេងសើច» ក្នុងគោលបំណង «កំចាត់»លោក កុំឱ្យអាចប្រកួតប្រជែង ជាមួយលោក ហ៊ុន សែន បាន។
កាលពីព្រឹកម្សិលម៉ិញ លោក ហ៊ុន សែន បានប្រកាសក្នុងពិធីរំលឹកខួបលើកទី៦៦ ថ្ងៃកំណើតគណបក្សប្រជាកម្ពុជា ស្នើសុំទៅក្រុមតំណាងរាស្ត្រ មកពីគណបក្សលោក ឲ្យពិនិត្យមើលលទ្ធភាព ដើម្បីកែច្បាប់ ស្ដីពីគណបក្សនយោបាយ ជាថ្មីទៀត ធ្វើយ៉ាងណា សំដៅរារាំង«អ្នកទោស» សម រង្ស៊ី កុំឲ្យពាក់ព័ន្ធជាមួយ ឬនៅពីក្រោយ គណបក្សសង្គ្រោះជាតិ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ខ្ញុំស្នើសមាជិកសមាជិកា នៃសមាជិកសភាគណបក្សប្រជាជនកម្ពុជា ពិនិត្យមើល អាចស្នើសុំធ្វើវិសោធនកម្ម នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលកុំឱ្យពួកគេហៅថា អ្នកទោសធ្វើសកម្មភាពតាមរបៀបនេះ ពីព្រោះរឿងនេះ គឺជារឿងផ្លូវច្បាប់ មិនអាចលេងសើចបានទេ ក្នុងដំណើរប្រជាធិបតេយ្យ»។
បុរសខ្លាំងកម្ពុជា បានបន្តចោទជាសំនួរថា៖ «តើអ្នកទោស មានសិទ្ធិនិងផ្សារភ្ជាប់ខ្លួន ជាមួយនឹងគណបក្សនយោបាយឬទេ?»។ លោកបានបន្តសំនួរទៀតថា៖ «ហេតុអ្វីអ្នកទោស ក្លាយទៅជាអ្នកបង្កសង្គ្រាម ឥតចេះឈប់?»។
ប៉ុន្តែលោក សម រង្ស៊ី បានបរិហារ នៅក្នុងសារបង្ហោះនៅថ្ងៃព្រហស្បត្តិ៍នេះថា គេមិនត្រូវយកច្បាប់ មកលេងសើចដូច្នេះទេ និងបានហៅលោក ហ៊ុន សែន ថា«ជាជនផ្ដាច់ការយ៉ាងព្រៃផ្សៃ»។ មេដឹកនាំប្រឆាំង បានបញ្ជាក់ពីហេតុផលដូច្នេះថា៖ «ក្នុងសង្គមប្រជាធិបតេយ្យ គេមិនដែលធ្វើច្បាប់ ដើម្បីគ្រាន់តែសំដៅ ក្នុងគោលបំណងកម្ចាត់បុគ្គល ណាម្នាក់ទេ។ អ្នកប្រជាធិបតេយ្យយល់យ៉ាងច្បាស់ថា ច្បាប់ធ្វើឡើង ជាធម្មតា ដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍សាធារណៈ តែប៉ុណ្ណោះ ហើយមិនត្រូវយកច្បាប់ មកលេងសើច ដើម្បីគ្រាន់តែការពារផលប្រយោជន៍ បុគ្គលណា ឬបក្សណាឡើយ។»។
យ៉ាងណា លោក សម រង្ស៊ី បានអំពាវនាវទៅអ្នកដឹកនាំប្រទេសសព្វថ្ងៃ ឲ្យ«ខិតខំធ្វើច្បាប់ ឬកែច្បាប់ ដើម្បីធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនពិតប្រាកដ ហើយធ្វើឲ្យប្រជារាស្ត្រខ្មែរ អាចរស់នៅក្នុងសង្គមមួយ ប្រកបដោយយុត្តិធម៌»។ លោកបានសរសេរថា៖ «ល្មមឈប់ធ្វើច្បាប់ ឬកែច្បាប់ ដើម្បីគ្រាន់តែកម្ចាត់គ្នាទៅវិញទៅមក ទៀតទៅ»៕