គុណ លំអង ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ជំនួស​ស្វាមី

ទីបំផុតទៅ កៅអីព្រឹទ្ធសភារបស់លោក ហុង សុខហួរ ដែលត្រូវបានចាប់ឃុំខ្លួន ក្នុងពន្ធនាគារ កាលពីពេលកន្លងមក ត្រូវបានភរិយារបស់លោក ទទួលមកអង្គុយជំនួស។ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃនេះ និងបានទទួលស្គាល់សមាជិកភាព របស់អ្នកស្រី គុណ លំអង ដោយសម្លេងគាំទ្រច្រើនដាច់ខាត។
គុណ លំអង ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ជំនួស​ស្វាមី
ពីឆ្វេងទៅស្ដាំ៖ លោក ហុង សុខហួរ ជាស្វាមី និងអ្នកស្រី គុណ លំអង ជាភរិយាដែលក្លាយជាសមាជិកព្រឹទ្ធសភាជំនួសស្វាមី។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 29, 2017
  • ប្រធានបទ: ព្រឹទ្ធសភា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹទ្ធ​សភាកម្ពុជា ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣របស់ខ្លួន បានសម្រេច​ទទួល​ស្គាល់បេក្ខនារី មកពីគណបក្សសម រង្ស៊ី គឺអ្នកស្រី គុណ លំអង ជា​សមាជិក​ព្រឹទ្ធសភា ​ជំនួសលោក ហុង សុខហួរ ​ដែលជាស្វាមីអ្នកស្រី និង​កំពុង​ជាប់​ពន្ធនាគារ។

ជាមួយនឹងតំណែងថ្មី អ្នកស្រី គុណ លំអង ត្រូវទទួល​បន្ទុក ​នៅ​មណ្ឌល​ភូមិភាគ​ទី​៤ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន ហើយអ្នកស្រីនឹង​ចូល​កាន់​តំណែង នៅ​ក្រោយ​ពេល​ធ្វើ​សច្ចា​ប្រណិធានរួច។

អ្នកស្រី គុណ លំអង ត្រូវបានគណបក្សសមរង្ស៊ី ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ជំនួសតំណែង លោក ហុង សុខហួរ ដែលបានដាក់ពាក្យលាលែង ចេញពីតំណែង​ជាសមាជិកព្រឹទ្ធសភា និងចេញពីគណបក្ស កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមសម្ពាធ នៃការធ្វើវិសោធនកម្មថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ បេក្ខភាពរបស់អ្នកស្រី ត្រូវបានទទួលស្គាល់កាលពីពេលកន្លងមក ដោយសារបេក្ខជនឈរលេខរៀងបម្រុង ២នាក់ផ្សេង ដែលនៅខាងមុខអ្នកស្រី បានលាលែងពីតំណែង កាលពីពេលថ្មីៗនេះដូចគ្នា។

បច្ចុប្បន្ន​ ជា​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និងមាន​វ័យ​ជាង ៥០​ឆ្នាំ អ្នកស្រី គុណ លំអង ​មាន​សញ្ជាតិពីរ ​ខ្មែរ-បារាំង ហើយអ្នកស្រី ធ្លាប់​បាន​ឈរ​ឈ្មោះ​ ជា​បេក្ខនារី​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ លេខរៀង​ទី​៧ ក្នុង​មណ្ឌល​ខេត្តតាកែវ សម្រាប់​ការ​បោះឆ្នោត​ជាតិ ​អាណត្តិ​ទី​៥ កាល​ពី​ឆ្នាំ​២០១៣។

អ្នកនាំពាក្យព្រឹទ្ធសភា និងពាក្យ«យើង»

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាន នៅក្រោយពេលបញ្ចប់ សម័យប្រជុំថា សមាជិកព្រឹទ្ធសភាចំនួន៤៨រូប ដែលបានចូលរួមប្រជុំ បានសម្រេចទទួលស្គាល់អ្នកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភា «ក្នុងស្មារតីសាមគ្គីភាព និងផ្សះផ្សារជាតិ»។ លោកថា៖ «ក្នុងស្មារតីសាមគ្គីភាព និងផ្សះផ្សារជាតិ គឺយើងបានអនុម័ត លើកដៃជូនគាត់ ដើម្បីឲ្យគាត់មកបំពេញកាតព្វកិច្ច ជំនួសឯកឧត្តម ហុង សុខហួរ»។

អ្នកនាំពាក្យបានសំដែងក្ដីសង្ឃឹម និងព្រមានអ្នកស្រី គុណ លំអង ជាមុនថា អ្នកស្រីនឹងមិនយកអំណាច និងអភ័យឯកសិទ្ធិព្រឹទ្ធសភា ទៅកេងចំណេញ មួលបង្កាច់ ឬចោទប្រកាន់ មកលើថ្នាក់ដឹកនាំ និងរដ្ឋាភិបាលកម្ពុជា «ដូចប្ដី»អ្នកស្រីទៀតទេ។ លោក ម៉ម ប៊ុននាង បានថ្លែងឡើងថា៖ «យើងសង្ឃឹមថា លោកស្រី គុណ លំអង នឹងមកបំពេញកាតព្វកិច្ចតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ និងមិនអនុវត្តទៅតាមអ្វី ដែលជាការខុសឆ្គង របស់ប្តីគាត់»។

​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ស្វាមីអ្នកស្រី គឺលោក ​ហុង សុខហួរ ដែលស្ថិតក្នុងតំណែង ជាសមាជិកព្រឹទ្ធសភានៅឡើយ ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​ ចំនួន ៧​ឆ្នាំ ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ចំនួន​៣ ​ក្នុង​នោះ​មាន​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​បទ​ញុះញង់ ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម ​ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​-​វៀតណាម​ ឆ្នាំ១៩៧៩ ដែលបង្ហោះ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក ​សម ​រង្ស៊ី​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...