សម រង្ស៊ី ប្រតិកម្មនឹងចំណាត់ការ ប្រឆាំងបន្ទប់ស្ថានការណ៍
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 28, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងនៃការថ្លែងខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ថានឹងចាត់វិធានការ លើបន្ទប់ស្ថានការណ៍ ដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិល ដើម្បីឃ្លាំមើលការបោះឆ្នោតនោះ មិនបានធ្វើឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដំអក់យូរក្នុងការធ្វើប្រតិកម្មទេ។
មេដឹកនាំប្រឆាំងធំជាងគេ របស់ប្រទេសកម្ពុជា បានប្រើប្រាស់ ទំព័រទ្វីសធើររបស់លោក សរសេរតបទៅនឹងចំណាត់ការ របស់នាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា៖ «នេះ ជាការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែត ក្នុងការគំរាមកំហែង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារ នៅក្នុងបុព្វហេតុដ៏ត្រឹមត្រូវ»។
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ ក្នុងពិធីរំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ទៅកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - អនុប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យពិនិត្យផ្លូវច្បាប់ ដើម្បីចាត់វិធានការ ប្រឆាំងបន្ទប់ស្ថានការណ៍នេះ ដោយលោកបានហៅស្ថាប័នមួយនេះ ថាកំពុងធ្វើខ្លួនស្ថិតនៅ «ក្រៅសំណាញ់ច្បាប់» និងជាទីតាំងបញ្ជា ឲ្យមាន«បដិវត្តន៍ពណ៌»។
បញ្ជាក្នុងរបស់លោក ហ៊ុន សែន ក្នុងថ្ងៃនេះ បានធ្វើឡើង ក្រោយការព្រមានរបស់លោក កាលពីថ្ងៃទី២៦ ខែមិថុនា ទៅកាន់បន្ទប់ស្ថានការណ៍ ដោយប្រាប់ស្ថាប័នេះ «ឲ្យល្មមៗបានហើយ»។ នៅពេលនោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងឡើងថា៖ «សុំបន្ទប់ស្ថានការណ៍ហ្នឹងល្មមៗ បានហើយអស់លោក។ ខ្ញុំក៏ដឹងដែរ អស់លោករៀបចំយ៉ាងម៉េចអី យ៉ាងម៉េចនោះ ហើយរៀបចំផែនការអាក្រក់ណាស់ បានជាខ្ញុំថ្កោលទោសអ្នកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា។»។
មន្ត្រីមួយរូបរបស់បន្ទប់ស្ថានការណ៍ លោក សំ គន្ធាមី មានប្រសាសន៍ ប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺជាការយល់ច្រឡំ ដោយហេតុថា បន្ទប់ស្ថានការណ៍ ជាបណ្តុំអង្គការសមាគម ដែលស្របច្បាប់ បង្កើតឡើងរយៈពេលខ្លី ដើម្បីឃ្លាំមើលដំណើរបោះឆ្នោត តែប៉ុណ្ណោះ។
លោកថា៖ «បន្ទប់ស្ថានការណ៍នេះ បង្កើតតែរយៈពេលខ្លីទេ ធ្វើការជាមួយគ្នា ជាក្រុមហ្នឹង តែរយៈពេលខ្លីមួយ សម្រាប់លើដំណើរការបោះឆ្នោត។ ឥលូវចប់បោះឆ្នោត យើងរំសាយវិញអស់ហើយៗ ពួកយើងគ្មានគំនិត ធ្វើជាមូលដ្ឋានស្អីទេ។ ខ្ញុំសូមបដិសេធថា អត់មានជាមូលដ្ឋាន ជាបដិវត្តិពណ៌ទេ នេះជាចម្លើយរបស់ខ្ញុំ ។ គាត់យល់ច្រឡំហើយ!»៕