ពលរដ្ឋពីភូមិតេជោ មករក«តេជោ»នៅភ្នំពេញ ឲ្យស្រាយបញ្ហាដីធ្លី
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 15, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងស្រុកឈូក ខេត្តកំពត បាននាំគ្នាឡើងដាក់ញត្តិ នៅរដ្ឋសភាបន្ថែមទៀត ក្នុងព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ដើម្បីស្នើឲ្យផ្ដល់ប្លង់កម្មសិទ្ធិ ដែលវាស់វែងដោយក្រុមយុវជន ក្នុងឆ្នាំ២០១២។ ប៉ុន្តែទន្ទឹមនឹងការទាមទារនេះ អ្នកភូមិមកពីស្រុកស្រែចំការទាំងនេះ បានថ្លែងបរិហាពីទង្វើរបស់មន្ត្រីថ្នាក់ស្រុក ដែលពលរដ្ឋបានចោទថា បានរំលោភយកដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់។
មកពីភូមិតេជោអន្លង់ក្មេងលេង, ភូមិតេជោក្បាលដំរី ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ចំនួន១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជាងមួយពាន់គ្រួសារ អ្នកស្រី ទូច ស៊ីនួន បានបង្ហាញពីការលំបាករបស់ខ្លួន ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អាជ្ញាធរ បានបង្ខំឲ្យគ្រួសារអ្នកស្រី ចេញពីផ្ទះ និងមិនព្រមធ្វើការប្រគល់ដី ដែលក្រុមយុវជនរបស់នាយករដ្ឋមន្រ្តី វាស់វែងឲ្យនោះឡើយ។ អ្នកស្រីបន្ថែមថា ដីដែលធ្លាប់រស់នៅ និងដាំដំឡូង ត្រូវបានអាជ្ញាធរខេត្ត លួចឈូសឆាយ នាពាក់កណ្តាលយប់។ ឯផលដំឡូង«មើម» ដែលសល់ពីការឈូសនោះ ត្រូវបានហាមមិនឲ្យរើស ដោយលប់ចោលទៅក្នុងដីវិញ។ ក្រុមអាជ្ញាធរ ថែមទាំងបានប្រើប្រាស់អាវុធគម្រាម ដោយហាម មិនឲ្យធ្វើការតវ៉ា និងប្តឹងផ្តល់ទៀត។
អ្នកស្រីថា ក្រុមនោះ មិនដឹងជាដឹកនាំ ដោយអ្នកណាឡើយ តែអ្នកស្រីស្គាល់មនុស្ស តែពីរនាក់ប៉ុណ្ណោះ ម្នាក់ឈ្មោះ ឌុច សាវឿន និងម្នាក់ទៀត ឈ្មោះ ប៉ែន សុត្រាវុធ ជាមន្រ្តីសុរិយោដីស្រុក។ អ្នកស្រី បានថ្លែងឲ្យដឹងថា៖ «ខ្ញុំមិនដឹងជាទៅរស់នៅទីណាទេ គេយកដីធ្វើផ្ទះថ្ម អស់ហើយ។ (...) គេឲ្យខ្ញុំពីរម៉ឺនខ្មែរ ឈប់តវ៉ា.. វាយខ្ញុំបែកក្បាល បាក់ធ្មេញ.. តាំងពីហ្នឹងខ្ញុំបាក់ស្បាត ខ្ញុំខ្លាចគេវាយងាប់ទៀត។ (...) សូមសម្តេច ហ៊ុន សែន ជួយប្រជាពលរដ្ឋផង។ (ពលរដ្ឋ)ងាប់អស់ហើយ បើយ៉ាងនេះ។»
លោក លី ណាក់ អាយុ៤៨ ឆ្នាំ បានថ្លែងដែរថា លោកឡើងមកនេះ ដើម្បីធ្វើការទាមទារ ឲ្យអាជ្ញាធរថ្នាក់លើ ជួយដោះស្រាយបញ្ហាដីធ្លី ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យវាស់វែងជូនប្រជាពលរដ្ឋ។ តាំងពីឆ្នាំ២០០១ មកទល់នឹងបច្ចុប្បន្ននេះ មិនឃើញអាជ្ញាធរខេត្តវាស់វែង ប្រគល់ឲ្យនោះឡើយ។ លោកបន្តថា អាជ្ញាធរភូមិ ឃុំ ស្រុក ពេលខំវាស់វែងដីធ្លី របស់ប្រជាពលរដ្ឋ មិនបានធ្វើការសួរនាំ ឬប្រាប់ ឬជូនដំណឹងយ៉ាងណានោះឡើយ តែផ្ទុយទៅវិញ ក្រុមមន្ត្រីទាំងនោះ បានចុះវាស់វែងតែខ្លួនឯង និងចែកតែគ្នាឯងតែម្តង។
រីឯពលរដ្ឋមួយរូបទៀត លោក ភឿន បានលើកឡើងថា មិនត្រឹមតែវាស់ដីពលរដ្ឋយកទេ ហើយថែមទាំងគម្រាមពលរដ្ឋថែមទៀត។ លោក បានថ្លែងឲ្យដឹងថា៖ «ពេលពលរដ្ឋប្តឹងអាជ្ញាធរ ស្រុក ខេត្ត មិនដោះស្រាយឲ្យទេ ទើបពលរដ្ឋនាំគ្នា ឡើងមកធ្វើការទាមទារ ដល់រាជធានីនេះ។ (...) ថាវាស់ទុកឲ្យទាហានសោធន ឯទាហានសោធន ក៏មិនបាន ក៏រងគ្រោះ និងការមិនបានទទួលដីដែរ។ (...) គេថា ចាំបោះឆ្នោតរួច (២០១៣) ដោះស្រាយ ដល់បោះឆ្នោតហើយ បាត់ឈឹង។»
សម្រាប់អ្នកស្រី រត្ន សូផន ហៅ ម៉ែចាស់ បានលើកឡើងថា អ្នកស្រីធ្លាប់ជាឆ្មបពេទ្យ បានចូលនិវត្តន៍ហើយ បានទៅទិញដីនៅតំបន់នោះ។ អ្នកស្រី ថាបានរស់នៅនៅទីនោះ រហូតដល់បច្ចុប្បន្ន ស្រាប់តែអាជ្ញាធរបានមកឈូសឆាយ កំទេចផ្ទះពលរដ្ឋ និងដុតបំផ្លាញដំណាំ និងផ្ទះសម្បែងខ្ទេចខ្ទី គ្មានសល់អ្វីឡើយ ក្រៅពីគ្រោងឆ្អឹងផ្ទះនោះឡើយ។
យុវជន ពុទ្ធិ មកពីសកលវិទ្យាល័យ CUS ដែលបានតាមឃ្លាំមើលសកម្មភាពតវ៉ា របស់ប្រជាពលរដ្ឋ បានលើកឡើងថា អាជ្ញាធរស្រុកឈូក ខេត្តកំពត មិនបានអនុវត្តតាមអនុក្រិត្យ ឆ្នាំ២០១២ ដែលចេញដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទេ បែរជានាំគ្នាធ្វើការវាស់វែង ពុះច្រៀកដី ប្រជាពលរដ្ឋ ហើយឲ្យប្រជាពលរដ្ឋ តែចំណែកមួយតូចជាងដីគាត់ពីមុន ដោយរំលោភលើអនុក្រិត្យនោះទៅវិញ។ យុវជនរូបនេះ បានបញ្ជាក់ថា៖ «អាជ្ញាធរមិនចាំបាច់វាស់វែងទៀតទេ ព្រោះក្រុមយុវជនសម្តេចតេជោ បានវាស់វែងរួចហើយ។ អាជ្ញាធរខេត្តមានកាតព្វកិច្ចតែមួយគត់ គឺការចេញប្លង់ តាមការវាស់វែងរបស់ក្រុមយុវជនទាំងនោះ ជាការស្រេច។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងស្វែងរកប្រតិកម្ម ពីសំណាក់អាជ្ញាធរ ទាំងថ្នាក់ស្រុកឈូក ទាំងខាងថ្នាក់ខេត្តកំពត ដើម្បីយកមកចុះផ្សាយ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។ ប៉ុន្តែនៅក្នុងការស្វែងរកប្រតិកម្ម ក្នុងពេលភ្លាមៗនេះ មិនមានការឆ្លើយតប ឬទាក់ទងមិនបាន៕