ការ​ដាក់​មន្ត្រី(​ក្នុង​និង​ក្រៅ)​រដ្ឋាភិបាល​កម្ពុជា ចូល​បញ្ជី​ខ្មៅ​អាមេរិក ជិត​ចេញ​រូបរាង

នៅក្នុងសន្និសីទកាសែត ក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ (ត្រូវនឹងព្រឹកថ្ងៃទី១៦ ខែសីហា ម៉ោងនៅកម្ពុជា)​ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី «Heather Nauert» បានប្រកាសសារជាថ្មី ថារដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពង្រីក និងពិនិត្យមួយករណីម្ដងៗ ដើម្បីដាក់ឥស្សរជនខ្មែរទាំងឡាយ ទាំងក្នុងនិងក្រៅរដ្ឋាភិបាលកម្ពុជា រួមទាំងសមាជិក​ក្រុមគ្រួសាររបស់ពួកគេផង ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាមឃាត់ នៅលើទឹកដីអាមេរិក។
ការ​ដាក់​មន្ត្រី(​ក្នុង​និង​ក្រៅ)​រដ្ឋាភិបាល​កម្ពុជា ចូល​បញ្ជី​ខ្មៅ​អាមេរិក ជិត​ចេញ​រូបរាង
អ្នកស្រី «Heather Nauert» អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយ។ (រូបថតក្រសួងការបរទេសអាមេរិក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 16, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈនៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផល នៃការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស ដែលផ្ដល់ជ័យជំនះទាំងស្រុង និងអសនៈក្នុងសភា ១០០% ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នោះ នៅសហរដ្ឋអាមេរិកឯណោះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក៏បានតម្លើងសម្លេងទ្វេរដង ថាខ្លួនកំពុងពិនិត្យដាក់មន្ត្រីច្រើននាក់ ទាំងក្នុងនិងក្រៅរដ្ឋាភិបាលកម្ពុជា រួមបញ្ចូលទាំងក្រុមគ្រួសាររបស់ពួកគេ ក្នុងករណីខ្លះផង ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាមឃាត់ ជាន់ទឹកដីអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រព្រឹត្តិទៅ កាលពីប៉ុន្មានម៉ោងមុន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី «Heather Nauert» អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងឡើងថា​៖ «ខ្ញុំចង់និយាយពីអ្វី ដែលបានកើតឡើង នាពេលថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា។ ហើយដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយ ថាយើងបានពិភាក្សាគ្នានៅទីនេះ អំពីការបោះឆ្នោតជាតិ នាពេលថ្មីៗ នៅក្នុងប្រទេស​កម្ពុជា ដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ថា មានកំហុសឆ្គង និងមិនមានភាពសេរី និងយុត្តិធម៌។»។

អ្នកស្រីបន្តថា៖ «ដូចដែលបានដឹងជាមុន នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃទី ២៩ ខែកក្កដា របស់សេតវិមាន ស្តីពីការបោះឆ្នោតនៅកម្ពុជា យើងកំពុងពង្រីកការរឹតបន្តឹង ផ្នែកទិដ្ឋាការ ដែលបានផ្តួចផ្តើមឡើង នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧ លើបុគ្គលទាំងឡាយណា ដែលពាក់ព័ន្ធនឹងការធ្វើឱ្យខូច ដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា»។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ទៀតថា៖ «ការរឹតបន្តឹងលើការដាក់បញ្ចូលនេះ អាចអនុវត្តចំពោះបុគ្គល ទាំងក្នុង និងក្រៅរដ្ឋាភិបាលកម្ពុជា ដែលទទួលខុសត្រូវ ចំពោះសកម្មភាព ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ដ៏គួរឱ្យកត់សម្គាល់បំផុត ហើយដែលបានប្រព្រឹត្ដ នៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី ២៩ ខែកក្កដា។ ក្នុងកាលៈទេសៈខ្លះ សមាជិកគ្រួសាររបស់ពួកគេ ក៏នឹងត្រូវដាក់កំហិតផងដែរ។»។

អ្នកស្រី «Heather Nauert» បានថ្លែងទៀតថា៖ «យើងសូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ការផ្សះផ្សារជាតិ ដោយអនុញ្ញាត ឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល អាចបំពេញតួនាទីសំខាន់របស់ពួកគេ ដោយគ្មានការរារាំង និងដោះលែងជាបន្ទាន់ នូវលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត និងបញ្ចប់ការហាមឃាត់ការប្រឆាំង ផ្នែកនយោបាយ»។

អ្នកនាំពាក្យរូបនេះ មិនបានអះអាងថា ចំនួននៃបណ្ដាជន ដែលត្រូវចាត់ចូល ក្នុងបញ្ជីខ្មៅអាមេរិក នឹងត្រូវមានប៉ុន្មាននាក់ទេ តែបានអះអាងថា ចំនួនបុគ្គលនៅក្នុងបញ្ជី ត្រូវបានពង្រីកច្រើនឡើង នៅក្រោមច្បាប់ អន្តោប្រវេសន៍ និងសញ្ជាតិ នៃសហរដ្ឋអាមេរិក ដែលមានអំណាច ដាក់កំហិតទៅអ្នកទាំង​ឡាយ​ណា ដែលចង់ចូលក្នុងទឹកដីអាមេរិក និងដែលអាចបង្កផលវិបាកធ្ងន់ធ្ងរ ទៅដល់នយោបាយការបរទេស។

អ្នកស្រីអះអាងថា៖ «យើងកំពុងពង្រីកចំនួនបុគ្គល ដែលមាននៅក្នុងបញ្ជី។ ហើយខ្ញុំនឹងពិនិត្យមើលថា តើអ្នកទទួលខុសត្រូវ ផ្នែកស្ថានទូតរបស់យើង បានទទួលព័ត៌មានបន្ថែមទៀត អំពីរឿងនេះដែរឬទេ។»។

តួលេខផ្លូវការ ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី១៥ ខែសីហានេះ បាន​​បង្ហាញពីលទ្ធផល នៃការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ថា​គណបក្ស​ប្រជាជន​កម្ពុជា ​របស់​លោក ហ៊ុន សែន ​ទទួលបាន​សំឡេង​គាំទ្រ ​ចំនួន​ជាង ​៤,៨៨ លានសំឡេង ​ពីក្នុងចំណោម​សន្លឹកឆ្នោត​បានការ ចំនួន​៦,៣៦​លាន​សន្លឹក។

លទ្ធផលនេះ បានធ្វើឲ្យគណបក្ស​កាន់អំណាច ដ៏ចាស់វស្សានៅកម្ពុជា ឈ្នះ​អាសនៈ​សភា​ជាតិ ​ទាំង​១២៥ លើ១២៥ ហើយនឹងអនុញ្ញាត​ឱ្យបុរសខ្លាំងកម្ពុជា ​លោក​ ហ៊ុន សែន​ បន្ត​កាន់​អំណាច សម្រាប់​​រយៈពេល ​៥ឆ្នាំទៀត​ ដោយ​គណបក្ស​តែមួយ ដូច​មុន​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...