អេង ឆៃអៀង៖ មានភាពប្រសើរផ្នែកសេវាសាធារណៈ តែពលរដ្ឋ«បាត់បង់ដី»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៣ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 15, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយការចុះពិនិត្យជាក់ស្តែង នៅក្នុងតំបន់ភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុងរួចមក ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា (ឬហៅថាគណៈកម្មការទី១) នៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានបង្ហាញការយល់ឃើញថា «យន្តការនៃការដោះស្រាយរឿងដីធ្លី ក្នុងខេត្តកោះកុង នៅមានភាពមិនប្រក្រតីនៅឡើយ មកទល់បច្ចុប្បន្ន»។
ក្រោយជំនួបកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ នាទីស្តីការក្រសួងបរិដ្ឋាន លោក អេង ឆៃអៀង បានស្រង់សម្ដីលោក សាយ សំអាល់ រដ្ឋមន្រ្តីវ័យក្មេងនៃក្រសួងបរិស្ថាន ពីករណីដំណោះស្រាយវិវាទដីធ្លី ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង មកបញ្ជាក់ថា លោករដ្ឋមន្ត្រី ទើបតែឡើងកាន់តំណែងថ្មីៗ ដូច្នេះមិនទាន់ក្តាប់ជុំនៅឡើយ។ តែយ៉ាងណា លោក សាយ សំអាល់ ថាបាននឹងកំពុងខិតខំ ដោះស្រាយជាបន្តបន្ទាប់ ក្នុងរឿងនេះហើយ។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានបញ្ជាក់ពីមួលហេតុនៃវិវាទនោះថា មកពីអាជ្ញាធរមូលដ្ឋាន ទទួលប្រាក់ខែពីក្រុមហ៊ុនប្រចាំខែ និងទទួលរង្វាន់ផ្សេងៗទៀតជាច្រើន ដូចជាម៉ួតូជាដើម។ ដូចនេះ អាជ្ញាធរត្រូវតែយកចិត្តក្រុមហ៊ុន ច្រើនជាងយកចិត្តប្រជាពលរដ្ឋ។ ដូច្នេះ រាល់របាយការណ៍ក៏អាចមានការលាក់លៀមច្រើន នឹងផ្តល់ប្រយោជន៍ទៅខាងក្រុមហ៊ុន ជៀសជាងប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា មូលហេតុមួយទៀត ភាពជាក់ស្តែងនៃរឿង និងរបាយការណ៍ដែលរកឃើញ ដោយការអង្កេតរបស់អន្តរក្រសួង មានភាពមិន«សូវ»ស្របគ្នា។ ដូច្នេះ លោកបានស្នើសុំឲ្យផ្អាកការបណ្តេញប្រជាពលរដ្ឋដោយបង្ខំ កុំឲ្យមានការឈូសឆាយផ្ទះសំបែង កុំឲ្យដុត នឹងរុំរើដោយបង្ខំបន្តទៅទៀត ព្រោះទង្វើទាំងអស់ នេះថា «វាផ្ទុយនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ព្រោះគោលការណ៍នេះ ត្រូវឲ្យប្រជាពលរដ្ឋរើចេញដោយស្ម័គ្រចិត្ត។ បើមិនមានការទទួកយក នូវគោលនយោបាយណាមួយ ឬមិនព្រមរើផ្លាស់លំនៅដ្ឋានពីប្រជាពលរដ្ឋទេ គោលការណ៍នោះបានអនុញ្ញាតឲ្យធ្វើការព្យួរសិន។»
លោកអេង ឆៃអៀង បានលើកយកសម្ដីរបស់ពលរដ្ឋ នៅពេលចុះទៅដល់ទីតាំងទំនាស់ មកបញ្ជាក់ថា៖ «គាត់ (ប្រជាពលរដ្ឋ) គាំទ្រឲ្យមានការអភិវឌ្ឍន៍ តែការអភិវឌ្ឍន៍នោះធ្វើយ៉ាងណាឲ្យពួកគាត់ (ប្រជាពលរដ្ឋ) បានទទួលផល កុំឲ្យពួកគាត់ក្លាយជាជនរងគ្រោះ ព្រោះតែការអភិវឌ្ឍន៍។ ហើយកុំឲ្យមានផលចំណេញចូល ទៅក្រុមហ៊ុនតែម្ខាងដូច្នេះ។»
លោកស្នើសុំឲ្យរដ្ឋមន្រ្តី លោក សាយ សំអាល់ គួរចុះទៅមើលផ្ទាល់ដល់ទីទំនាស់ផង ហើយធ្វើការចែកឲ្យដាច់ពីគ្នា រវាងម្ចាស់ដី (អ្នករស់នៅយូមកហើយ) និងឈ្មួញទិញដូរដី។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រជាពលរដ្ឋរស់នៅតាំងពីលំបាក ដល់ពេលមានផ្លូវចូលទៅដល់ ក៏រឹតតែពិបាកជាងកាលអត់ផ្លូវទៅទៀត។ (…) កាលមិនទាន់មានផ្លូវ (ប្រជាពលរដ្ឋ) ពិបាកផ្នែកទទួលសេវា ដូចជាសេវាសុខភាព សេវាអប់រំ។ ដល់ពេលមានផ្លូវ គាត់(ប្រជាពលរដ្ឋ)បានសេវាសុខភាព សេវាអប់រំធូរ តែបែរជាត្រូវបាត់បង់ដី។»
សូមរំលឹកថា ក្នុងភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដែលកើតមានវិវាទដីធ្លីនោះ មានប្រជាពលរដ្ឋ ប្រមាណ១៣៥គ្រួសារ ក្នុងនោះ នៅសល់តែប្រមាណជាង១៩គ្រួសារ ដែលជាម្ចាស់ស្រុកដើមប៉ុណ្ណោះ។
ក្រុមហ៊ុនដែលមានវិវាទ ជាមួយប្រជាពលរដ្ឋឈ្មោះក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ក្នុងឆ្នាំ២០០៥។ ឯវិវាទដីធ្លីនេះ ក៏ចាប់ផ្តើមកើតឡើងខ្លាំង ក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន។ ភាពមិនសុខចិត្ត នឹងដំណោះស្រាយគ្មានយុត្តិធម៌នេះ បានបង្ខំចិត្តប្រជាពលរដ្ឋធ្វើការតវ៉ាជាបន្តបន្ទាប់ រហូតមានការបិទផ្លូវ ខណៈឯតំណាងប្រជាពលរដ្ឋមួយចំនួន ត្រូវបានចាប់ឃុំខ្លួន៕
សូមទស្សនាកិច្ចសម្ភាសន៍លោក អេង ឆៃអៀង ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចខាងក្រោម៖
(វីដេអូមិនទាន់រួចរាល់)