អ្នកបកប្រែភាសាក្នុងរោងចក្រចិន ត្រូវរថយន្ដកិនបែកក្បាល នៅភ្នំពេញ
- ដោយ: ក. វិច្ចនី អត្ថបទ ៖ ក.វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ១៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 15, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាអ្នកបកប្រែភាសាចិន នៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ ត្រូវបានរថយន្ដបុកមួយទំហឹង ហើយកិនពីលើក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីម៉ោង ១២ និង៣០នាទី យប់រំលងអាធ្រាត ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែធ្នូនេះ។
បុរសអ្នកបកប្រែភាសានោះ ត្រូវបានគេស្គាល់ឈ្មោះថា ឱក ទ្រី អាយុ ២៨ ឆ្នាំ ជិះម៉ូតូម៉ាកស្កុពី ពាក់ស្លាកលេខ 1CK3960។ កម្លាំងនគរបាលដែលនៅផ្ទាល់កន្លែង បានបញ្ជាក់ថាបុរសម្នាក់នេះ ត្រូវបានរថយន្ដបុកម៉ូតូរបស់គាត់ ហើយកិនចំពីលើក្បាលជនរងគ្រោះ ទើបណ្តាលឲ្យស្លាប់ភ្លាមៗដូច្នេះ។
បន្ទាប់ពីឆែកឆេរកឃើញប័ណ្ណសំគាល់ខ្លួន របស់ជនរងគ្រោះ សមត្ថកិច្ចបានទាក់ទងទៅសាច់ញ្ញាតិ កាលពីយប់ដដែលនេះ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ នៅយប់ថ្ងៃកើតហេតុនេះ គ្រួសារសាកសពមិនអាចបញ្ជាក់ថា ជនរងគ្រោះធ្វើដំណើរទៅណាមកណា ទាំងកណ្តាលយប់ដូច្នេះឡើយ។
រីឯរថយន្ដដែលបានបុកម៉ូតូជនរងគ្រោះ បណ្តាយឲ្យស្លាប់នេះវិញ សមត្ថកិច្ចនៅមិនទាន់រកឃើញរថយន្តណាមួយ ដែលបុកម៉ូតូនេះនៅឡើយទេ។ កងកម្លាំងសមត្ថកិច្ចដាក់ការសង្ស័យ ទៅលើរថយន្តដឹកស៊ីម៉ង់មួយគ្រឿង ប៉ុន្តែដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ ទើបមិនអាចចាត់វិធានការអ្វីបាន។ ណាមួយទៀត ម្ចាស់រថយន្តក៏បានប្រកែកដាច់ខាតថា ខ្លួនមិនពាក់ព័ន្ធនឹងករណីនេះទេ។
ចំណែកឯលោក វណ្ណគា ជាអ្នកដែលស្ថិតនៅក្នុងហេតុការណ៍នេះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកបានសង្ស័យទៅលើរថយន្តដឹកស៊ីម៉ង់នោះ ព្រោះថារថយន្តនេះ បានឈប់នៅកន្លែងកើតហេតុនេះមុនគេ។
គួរបញ្ជាក់ថា រថយន្តដែលដឹងស៊ីម៉ងនេះ ជារថយន្តដឹកស៊ីម៉ងរបស់ក្រុមហ៊ុនជីពម៉ុង។ ប៉ុន្តែរថយន្ត ដែលឈប់នៅត្រង់ចំណុចកើតហេតុខាងលើ មានចំនួនច្រើន ដូច្នេះ គេពិបាកនឹងធ្វើការសន្និដ្ឋានថា តើរថយន្តមួយណា ជាអ្នកបុកបង្កគ្រោះថ្នាក់ដ៏អាណោចអាធមនេះទេ៕