បវរកញ្ញាអាហ្វ្រិកខាងត្បូង ជាប់ជាបវរកញ្ញា«ពិភពលោកឆ្នាំ២០១៤»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី១៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 15, 2014
- ប្រធានបទ: រាជនីសម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជានិស្សិតខាងវេជ្ជសាស្ត្រ មានកំពស់១,៧៧ម៉ែត្រ និងមានកែវភ្នែកមុតថ្លា កញ្ញា រ៉ូឡែន ស្ត្រូស ត្រូវបានគណៈមេប្រយោគប្រកាសថា ជាអ្នកឈ្នះក្នុងការប្រកួតបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៤នេះ បន្តតំណែងពីបវរកញ្ញាឆ្នាំមុន ដែលជាជនជាតិហ្វីលីពីន កញ្ញា មេហ្គាន យ៉ុង (Megan Young)។
ជាមួយនឹងចំណង់ចំណូលចិត្តកីឡា និងភ្លេង បវរកញ្ញាពិភពលោកឆ្នាំ២០១៤ថ្មី បានបន្លឺសម្លេង ពីកណ្ដាលឆាកនៃការប្រលងជ្រើសរើសថា៖ «អាហ្វ្រិកខាងត្បូង នេះជាអ្វីដែលខ្ញុំរកមកជូនអ្នកហើយ»។
សម្រាប់ចំណាត់ថ្នាក់លេខពីរ បានទៅលើបវរកញ្ញាមកពីប្រទេសហុងគ្រី កញ្ញា អេឌីណា គូលស្កា (Edina Kulcsar) ខណៈចំណាត់ថ្នាក់លេខបី បានទៅលើបវរកញ្ញាមកពីសហរដ្ឋអាមេរិក កញ្ញា អេលីហ្សាប៊ែត សាហ្វ្រីត (Elizabeth Safrit)។
តែកម្មវិធីនេះមិនសូវជាមានភាពស្រស់បំព្រងប៉ុន្មានទេ ដោយសារទេគេបានឧទ្ទិសការប្រព្រឹត្តិទៅ នៃការប្រលងជ្រើសរើសបវរកញ្ញាពិភលោក ក្នុងឆ្នាំនេះ ទៅឲ្យមរណទុក្ខដ៏សោកសៅរបស់បវរកញាមួយរូប មកពីប្រទេសហុងឌុយរ៉ាស កញ្ញា ម៉ារីយ៉ា ហ្សូស៊េ អាវ៉ារ៉ដូ (Maria José Alvarado) ដែលត្រូវបានសម្លាប់យ៉ាងសាហាវ នៅមុនពេលបវរកញ្ញារូបនេះ ចេញដំណើរពីប្រទេសខ្លួន មកចូលរួមប្រកួតនៅរាជធានីឡុង ប្រទេសអង់គ្លេស។
បវរកញ្ញានៃប្រទសក្នុងទ្វីបអាមេរិកកណ្ដាលរូបនេះ និងបងស្រីរបស់នាងផង ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង។ សាកសពរបស់អ្នកទាំងពីរ ត្រូវបានគេរកឃើញនៅមាត់ស្ទឹង ខណៈអាជ្ញាធរបានសង្ស័យ និងចាប់ខ្លួន បុរសជាគូរដណ្ដឹងរបស់បងស្រីនាង ថាជាជនដៃដល់។
បវរកញ្ញាដែលទើបនឹងជាប់ថ្មី នាឆ្នាំ២០១៤នេះ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសហុងឌុយរ៉ាស ក្នុងពេលខាងមុខ ដើម្បីសាងសង់សាលាមួយដែលដាក់ឈ្មោះរបស់នាង ម៉ារីយ៉ា ហ្សូស៊េ៕