លាហើយ ឈុតខ្លីបង្ហាញសាច់ នៅក្នុងការប្រលងបវរកញ្ញាពិភពលោក
- ដោយ: កល្យាណ អត្ថបទ៖ កល្យាណ ( [email protected]) - ប៉ារីស ថ្ងៃទី២២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 23, 2014
- ប្រធានបទ: រាជនីសម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បវរកញ្ញាពិភពលោក នឹងលែងដាក់បញ្ចូលកម្មវិធី ឈុតងូតទឹកខ្លីៗជាបន្តទៀត ទៅក្នុងការប្រកួតរបស់ខ្លួនទៀតហើយ។ នេះជាការប្រកាសរបស់លោកស្រី ជូលៀ ម័រឡី (Julia Morley) នៅក្នុងទស្សនាវដ្ដី Elle ដែលបោះផ្សាយនៅអាមេរិក។ លោកស្រី ជូលៀ ដែលឡើងជាប្រធានកម្មវិធីប្រលងបវរកញ្ញាពិភពលោក តាំងពីឆ្នាំ១៩៥១មកនោះ បាននិយាយពន្យល់ថា៖ «ខ្ញុំអត់ត្រូវការចង់ឃើញស្ត្រី ដើរក្នុងឆាក ដោយស្លៀកពាក់ខ្លីបង្ហាញសាច់នោះទេ។ វាដូចជាអត់មានប្រយោជន៍អ្វី ទៅឲ្យស្ត្រី ឬនរណាដទៃឡើយ។»
លោកស្រីបានបកស្រាយបន្តថា៖ «ខ្ញុំមិនខ្វល់ថា គូទរបស់នាងនេះ មានទំហំធំជាងគូទរបស់នាងមួយទៀតទេ។ យើងអត់មានមើល ពីគូថរបស់ពួកនាងសោះ។ យើងស្ដាប់ពីអ្វី ដែលពួកនាងនិយាយ។»
តាមពិតទៅ ការប្រកាសរបស់លោកស្រីប្រធាន មិនសូវជាមានអ្វីចម្លែកឡើយ។ ព្រោះនរណាក៏ដឹងដែរថា កម្មវិធីប្រលងបវរកញ្ញាពិភពលោក ចង់ធ្វើអ្វីដែលផ្ទុយពីការប្រលងបវរកញ្ញាសកលលោក ដែលតែងតែឲ្យបេក្ខនារីស្លៀកខ្លីដើរបង្ហាញខ្លួន ហើយមិនឲ្យនិយាយអ្វីទាំងអស់។
មិនត្រឹមតែប៉ុណ្ណឹង និងបើទោះជាបវរកញ្ញាពិភពលោក បានគិតពីរូបសម្ផស្សជាសំខាន់ ក្នុងការក្លាយជាបវរកញ្ញាប្រចាំផែនដីនេះ តែបេក្ខជននីមួយៗចាំបាច់ ត្រូវបង្កើតឲ្យមានជាគម្រោងជួយសង្គម ឬគម្រោងដែលមានលក្ខណៈមនុស្សធម៌។
យ៉ាងណាក៏ដោយ ក៏ក្រុមសកម្មជនស្ត្រីនិយម តែងតែបានរិះគន់ពីកម្មវិធីប្រលងបវរកញ្ញាទាំងនោះ ថាពោរពេញទៅដោយចរិក«ស្រើបស្រាល» និងមានលក្ខណៈប្រឆាំងធម្មជាតិរបស់ស្ត្រី។ ក្រុមនេះថែមទាំងធ្លាប់បានអំពាវនាវ ឲ្យប្រមូលគ្នាធ្វើបាតុកម្មប្រឆាំង នៅពីមុខមហាស្រព ដែលកម្មវិធីប្រលងបវរកញ្ញាប្រារព្ធធ្វើនោះផង ដោយពួកគេយល់ថា ស្ត្រីម្នាក់មិនមែនត្រូវបានវិន្និច្ឆ័យ ដោយសាររូបសម្ផស្សខាងក្រៅ របស់នាងនោះទេ៕