បវរកញ្ញា អាស៊ីប៉ាស៊ីភិក រត់គេចខ្លួនបាត់... តែមានម្កុដពេជ្រទៅជាមួយ !
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ សីហា ២០១៤
- កែប្រែចុងក្រោយ: September 01, 2014
- ប្រធានបទ: រាជនីសម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រីស្រស់ជាតិភូមា នាង ម៉ៃ ម៉ាតណូអេ (May Myat Noe) ត្រូវបានជាប់ជាបវរកញ្ញា«អាស៊ីប៉ាស៊ីភិក» កាលពីខែឧសភាកន្លងទៅនេះ នៅក្នុងពិធីជ្រើសរើសដ៏ពិសេសមួយ នារដ្ឋធានី សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែបន្ដិចក្រោយមក ស្រីអាយុ១៨ឆ្នាំ ដែលជាប់ឈ្មោះ ថាស្អាតជាងគេនៅតំបន់អាស៊ីខាងកើតរូបនេះ បានធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំង ទៅដល់គណៈកម្មការជ្រើសរើសបវរកញ្ញា ដែលជាអ្នកសម្រេចចិត្តឲ្យនាងបានទទួលតំណែង។
ក្រោយមកទៀត គណៈកម្មការបវរកញ្ញានេះ ក៏បានទទួលយកមកឲ្យនាង ម៉ៃ នូវកិច្ចសន្យាចម្រៀង និងការសម្ដែងជាច្រើន ហើយពួកគេចង់ឲ្យមានការផ្លាស់ប្ដូរខ្លះៗ ទៅលើរូបរាងរបស់នា។
លោក ដេវិដ គីម (David Kim) អ្នកទទួលបន្ទុកខាងផ្ដល់ព័ត៌មាន របស់គណៈកម្មការ បានថ្លែងថា៖ «យើងគិតថា នាងគួរតែស្អាតឲ្យបានខ្លាំងជាងនេះ។ អញ្ចឹងហើយ ទើបពេលនាងបានមកដល់ យើងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីបន្ថែមទំហំសុដន្ដ។»
«តែ គឺនៅពេលនោះហើយ ដែលបញ្ហាបានកើតឡើង» លោក គីម បានបន្ថែម។
តាមគម្រោង នាង ម៉ៃ ដែលអមដំណើរដោយម្ដាយនោះផង បានធ្វើដំណើរទៅកាន់រដ្ឋធានី សេអ៊ូល សម្រាប់រយៈពេល តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ រយៈពេលនេះ បានអូសបន្លាយរហូតជាង ៣ខែ ជាមួយនឹងការចំណាយយ៉ាងសម្បើម។ គណៈកម្មការបវរកញ្ញាបានប្រកាសទៀតថា «នាង ម៉ៃ បានកុហក ហើយមិនដែលគោរពគណៈកម្មការ ប្រធានគណៈកម្មការ អ្នកចាត់ចែង ឬក៏អ្នកគាំទ្ររបស់នាងនោះទេ»។
ស្ងាត់បាត់ សូន្យឈឹងតែម្ដង!
ដោយសារតែហេតុនេះ ទើបនាងត្រូវបានទម្លាក់ចេញ ពីតំណែង។ គណៈកម្មការបវរកញ្ញា បានកំណត់ឲ្យនាងប្រគល់ម្កុដ ត្រឡប់មកវិញ។ ហើយសំបុត្រយន្ដហោះមួយ ក៏ត្រូវបានទិញឲ្យនាង ដើម្បីឲ្យនាងបានត្រឡប់មករដ្ឋធានីរ៉ង់ហ្គូន ប្រទេសភូមាវិញដែរ។ ការកំណត់របស់គណៈកម្មការ និងសំបុត្រយន្ដហោះ ចេះតែមាននិងត្រៀមឲ្យនាង តែគេមិនដែលឃើញនាង បានជិះនៅលើជើងយន្ដហោះ ដែលគេកំណត់ឲ្យនាងត្រឡប់ទៅប្រទេសវិញ សូម្បីតែស្រមោលឡើយ។
ទស្សនាវដ្ដីក្នុងស្រុកមួយ របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា អតីតរាជនីសម្ផស្សជាតិភូមារូបនេះ បានឡើងយន្ដហោះត្រឡប់ទៅប្រទេសវិញ តាំងពីប៉ុន្មានថ្ងៃមុននេះម្លេះ។ ចាប់ពីពេលនោះមក គេមិនទទួលដំណឹងអ្វីសោះតែម្ដង ពីស្រីស្រង់រូបនេះ។ នាង ម៉ៃ បានគេចខ្លួនបាត់មែន តែនាងមានទៅជាមួយ នូវម្កុដពេជ្របរវកញ្ញា ដែលមានតម្លៃដល់ទៅ ១សែន៥ម៉ឺនដុល្លារ៕