អតីតបវរកញ្ញារបស់ប្រទេសប៊ូស្នៀ ជាឃាតករឈាមត្រជាក់?
- ដោយ: កល្យាណ អត្ថបទ៖ កល្យាណ ( [email protected]) - ប៉ារីស ថ្ងៃទី០៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 07, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតរាជនីសម្ផស្ស អាយុ២៩ឆ្នាំ នាង ស្លូបូបង់កា តូសីក កំពុងស្ថិត ក្នុងសំណាញ់យុត្តិធម៌ ទាក់ទងនឹងសំនុំរឿងឧក្រិដ្ឋកម្ម ដ៏ធ្ងន់ធ្ងរជាច្រើន។ នាង តូសឺក ដែលបច្ចុប្បន្ន ជាតារាបង្ហាញម៉ូដមួយរូបនោះ ត្រូវបានអាជ្ញាធរសង្ស័យថា បានចូលរួមនៅក្នុងទង្វើមនុស្សឃាត ទៅលើជនរងគ្រោះប្រាំនាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអាល្លឺម៉ង់ «Bild» កាលចុងសប្ដាហ៍កន្លងទៅ។
សារព័ត៌មានបានរាយការណ៍ថា អតីតបវរកញ្ញា ឆ្នាំ២០០៥ នៃប្រទេសប៊ូស្នៀ ទើបនឹងត្រូវបានឃាត់ខ្លួន នៅក្នុងប្រទេសក្រូអាស៊ី និងបន្ទាប់មកនឹងត្រូវធ្វើបត្យាប័ន ទៅកាន់ប្រទេសកំណើតរបស់នាង ដើម្បីទទួលការវិន្និច្ឆ័យទោស។
តារាស្រីមុខស្រស់ សម្ផស្សបាន ត្រូវបានសង្ស័យថា បានប្រព្រឹត្តិឧក្រិដ្ឋកម្ម ជាមួយនឹងមិត្តប្រុស របស់នាងឈ្មោះ ដាកូ អេឡេស (Darko Elez)។ បុរសម្នាក់នេះ ជាមេដឹកនាំដ៏សំខាន់ នៃក្រុមឧក្រិដ្ឋជនមួយ ដែលបានធ្វើសកម្មភាពប្លន់ធនាគារ នៅប្រទេសប៊ូស្នៀ និងបានប្រមូលយកប្រាក់ ប្រមាណជាង ៥,៦លានអ៊ឹរ៉ូ (ជិត៦លានដុល្លា) ចេញទៅ។ បុរស ដាកូ អេឡេស បានជាប់ធនាគាររួចហើយ ពីបទលួចប្លន់ និងមនុស្សឃាត។
បើតាមសារព័ត៌មានដដែល បានឲ្យដឹងទៀតថា នាង ស្លូបូបង់កា តូសីក មានភាពល្បីល្បាញណាស់ នៅក្នុងប្រទេសចំនួនបី នៃទ្វីបអ៊ឺរ៉ុបខាងត្បូង (ក្រិច រ៉ូម៉ានី និងប៊ូស្នៀ) ជាពិសេសបន្ទាប់ពីនាង បានចូលរួមសម្ដែង នៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន នៅក្នុងប្រទេសប៊ូស្នៀ និងប្រទេសស៊ែប៊ី៕
» រូបភាពរបស់នាង តូសីក មួយចំនួន៖