សាលាដំបូងចោទ កឹម សុខា ជាផ្លូវការពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 05, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នេះ ប្រសិនជាតុលាការរងឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពិតជាបានប្រព្រឹត្តិកំហុសមែននោះ លោកអាចនឹងរងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ។
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។
«បទល្មើសជាក់ស្ដែង» បើតាមអយ្យការអមសាលាដំបូង...
សេចក្ដីថ្លែងការណ៍ ចេញផ្សាយក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងពីបទចោទ ខាងលើនេះ និងបានការពារ ការចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត ដែលត្រូវបានធ្វើឡើង «តាមបទល្មើសជាក់ស្ដែង» បើតាមការអះអាងរបស់រដ្ឋាភិបាល និងត្រូវបានបរិហារ ថាជាការចាប់ខ្លួន «យ៉ាងតក់ក្រហល់ និងរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ» បើតាមគណបក្សប្រឆាំង។
អ្នកនាំពាក្យរបស់អយ្យការ បានពន្យល់ថា៖ «ផ្អែកតាមសំដីជាចំហរ របស់លោក កឹម សុខា នៅក្នុងវីដេអូក្លីប ដែលកំពុងបន្តផ្សព្វផ្សាយ មកដល់ពេលនេះ រួមទាំងភស្ដុតាង ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន បង្ហាញច្បាស់ថា សកម្មភាពឃុបឃិតជាមួយបរទេសក្បត់កម្ពុជានេះ កើតមានពីឆ្នាំ១៩៩៣ ហើយផែនការនេះ បន្តអនុវត្តន៍ជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ។»។
សេចក្ដីថ្លែងការណ៍ បានបន្តថា៖ «ការធ្វើសកម្មភាពបន្ត មកដល់ពេលនេះ គឺកំណត់បានពីស្ថានភាព នៃបទល្មើសជាក់ស្ដែង ដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ [នៃ]ព្រះរាជាណាចក្រកម្ពុជា និងស្របតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១២ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ»។
លោក ផែង ហេង មេធាវីការពារក្ដីឲ្យលោក កឹម សុខា មិនអាចទាក់ទងបាន ដើម្បីសុំប្រតិកម្មបាន នៅពេលភ្លាមៗនេះទេ។ តែបើតាមការអះអាងរបស់លោក នៅតាមនាទី«វេទិកាអ្នកស្ដាប់» របស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣ ខែកញ្ញានេះ បានបញ្ជាក់ថា វីដេអូក្លីប នៃការថ្លែងមកជាយូរឆ្នាំ របស់លោក កឹម សុខា កំពុងត្រូវបានបន្តផ្សព្វផ្សាយមែន តែមិនមែនជាការផ្សព្វផ្សាយ ដោយគណនីផ្លូវការ ឬទំព័រផ្លូវការណាមួយ ដែលជារបស់លោក កឹម សុខា នោះឡើយ។ លោក ផែង ហេង បានអះអាងថា ការលើកឡើងនោះ ទំនងជារឿងចាស់កន្លងហួស ហើយមិនមានបច្ចុប្បន្នភាព បញ្ជាក់ពីទង្វើរបស់លោក កឹម សុខា នៅក្នុងពេលនេះទេ។
តើនរណា ឬស្ថាប័នណា ជាអ្នកផ្សព្វផ្សាយវីដេអូនេះ ត្រឡប់មកវិញមុនគេ?
គឺម្ចាស់ទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «កូនខ្មែរ» ដែលជាអ្នកផ្សាយវីដេអូចំណាស់ ជិត៤ឆ្នាំនេះ មកវិញ មុននឹងត្រូវបានសារព័ត៌មានមួយ ដែលល្បីថាជាសារព័ត៌មានរណបរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា «បន្ទរ»យកទៅផ្សាយបន្ត ដោយដាក់ចំណងជើង ឲ្យរាល់ការចេញផ្សាយរបស់ខ្លួន ហៅវីដេអូនោះ ថាជា«វីដេអូបែកធ្លាយ»។ ពាក្យ«វីដេអូបែកធ្លាយ»នេះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ ក្នុងការថ្លែងជាសាធារណៈ កាលពីថ្ងៃអាទិត្យ សម្រាប់ដាក់បន្ទុក ទៅលើលោក កឹម សុខា ដែរ។
ផ្ទុយពីការចោទប្រកាន់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងអយ្យការអមសាលាដំបូងខាងលើនេះ ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង បានអង្រួនឲ្យមានប្រតិកម្ម មកពីគ្រប់ជ្រុង នៃផែនដី។ អង្គការសហប្រជាជាតិ សភាអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសធំៗមួយចំនួន បានសំដែងការព្រួយបារម្ភ ចំពោះស្ថានការណ៍នេះ និងបានហៅព្រឹត្តិការណ៍នេះ ថាមានហេតុផលនយោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ ទៅដល់ការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ៕
» សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានី៖