មាជ សុវណ្ណារ៉ា៖ «គុក»អាចឃុំបានតែរូបកាយប៉ុណ្ណោះ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២២ មេសា ២០១៥
- កែប្រែចុងក្រោយ: April 22, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងវេទិការ ជួបជាមួយនឹងសកម្មជន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែមេសា ម្សិលម៉ិញនេះ លោក មាជ សុវណ្ណារ៉ា បានធ្វើការប្តេជ្ញាចិត្តជាថ្មី បន្ទាប់ពីទទួលបានបទពិសោធ ក្នុងពន្ធគារ អស់រយៈពេលជិតប្រាំមួយខែ ក្រោមបទចោទ ពីការដឹកនាំការប្រើហិង្សា នៅស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងលោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំង មួយចំនួនទៀត តាមការស្នើសុំរបស់មេធាវី និងស្របទៅតាមការធូរស្បើយ នៃភាពតានតឹងខាងផ្នែកនយោបាយ។ សកម្មជនគណបក្សប្រឆាំងទាំងនោះ ត្រូវបានតុលាការសម្រេច ឲ្យដាក់ស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ។
ប៉ុន្តែសម្រាប់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបនឹង ត្រូវបានដោះលែងរូបនេះវិញ បានចាត់ទុក ការសម្រេចរបស់តុលាការ ថាជាការ«គុកដាក់មនុស្ស តែដាក់ចិត្ត និងបញ្ញាមិនបានទេ»។ លោក សុវណ្ណារ៉ា បានថ្លែងឲ្យដឹងថា៖ «វប្បធម៌សន្ទនាមានហើយ តែនៅឡើយ ការឈ្លោះគ្នាដោយចំណេះ»។ លោកបានបង្ហាញថា អ្វីៗទាំងអស់ ដែលលោកបាននឹងកំពុងធ្វើ លោកនឹងមិនខ្លាយឡើយ បើទោះបីនៅក្រៅគុក តែលោកខ្លាចតែអ្វីដែលធ្វើខុស គេចោទប្រកាន់ថាខុសប៉ុណ្ណោះ។ លោកនិយាយថា៖ «កុំគិតថា ចេញពីគុកខ្លាច ខ្លាចតែខុសទេបាទ។»
នាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើតរបស់ខ្លួននោះ សកម្មជនរូបនេះ បានរំលឹកនូវបណ្តាំរបស់លោកតា សឺន សាន កាលពីលោកតា កាន់ជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទសវត្សន៍ឆ្នាំ១៩៥០ជាង ថា «បើតំបន់ណាំតាង នៅស្រុកភ្នំស្រុកគ្មានការអភិវឌ្ឍន៍ និងមនុស្សគ្មានការចេះដឹងទេ ប្រទេសកម្ពុជាមិនទាន់ចាត់ទុកថា មានការអភិវឌ្ឍន៍នោះដែរ។»
លោកបានស្មើឲ្យបញ្ឈប់ នូវការគម្រាម ខាងផ្នែកស្មារតី និងនយោបាយ តាមរយៈបុគ្គលមានអំណាច ឬពីគណបក្សកាន់អំណាចបច្ចុប្បន្ន ហើយងាកមកទទួលយក នូវទ្រឹស្រ្តី«ពាររំងាប់ ដោយការមិនចងពារ»ទាំងអស់គ្នាឡើង។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ប្រើប្រាស់នូវវប្បធម៌សន្ទនា និងបញ្ឈប់ការប្រើប្រាស់ នូវអំណាច (...) ដែលអាចនាំឲ្យប្រទេសរបស់ខ្លួន ឈានទៅរករបបផ្តាច់ការ»៕