ជាម យៀប បញ្ជាក់សារជាថ្មី៖ រទេះនៅតែបរ ឆ្កែនៅតែព្រុស
ជាថ្មីម្ដងទៀត គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានប្រកាសថាកិច្ចប្រជុំសភាក្នុងថ្ងៃដំបូង នឹងប្រព្រឹត្តទៅតាមធម្មតា ដោយមិនមានការពន្យាពេលនោះទេ បើទោះជាគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងមិនចូលរួមប្រជុំក៏ដោយ។
លោក ជាម យៀប ឡើងថ្លែងក្នុងសម័យកាលប្រជុំសភា ទី៩ កាលពីថ្ងៃសុក្រទី១៥ខែកុម្ភះកន្លងមក។ (រូបថត MONOROOM.info/ O. Vary)
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «បើទោះជាមិនមានការចូលរួមពីគណបក្សសង្រ្គោះជាតិ ក៏គណបក្សប្រជាជនកម្ពុជា នៅតែអាចដំណើរការប្រជុំសភាបានដែរ។ រទេះនៅតែបរ ឆ្កែនៅតែព្រុស»។
លោក ជាម យៀប ពន្យល់ថានៅពេលដែលសភា មានសមាជិកចាប់ពី៦២ឬ៦៣ឡើងទៅ សភានឹងអាចដំណើរការប្រជុំ លើកដំបូងបាន នេះជាការកណត់នៅក្នុងច្បាប់រដ្ឋធម្មនុញបន្ថែម ដែលរដ្ឋសភាបានអនុម័តនៅឆ្នាំ២០០៤ ហើយក៏ជាច្បាប់ដែលផ្តួចផ្តើម ឲ្យធ្វើវិសោធនកម្មដោយ លោក សម រង្ស៊ី កាលពីនីតិកាលទី៣ នៃរដ្ឋសភា ដូចច្នេះគណបក្សប្រជាជនកម្ពុជា ធ្វើសេចក្តីសម្រេចស្របទៅតាមគោលការណ៍ច្បាប់។
គួរម្លឹកថាព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជសារមួយចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ផ្ញើរជូនលោក អ៊ឹម សួរស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដោយបានគូសបញ្ជាក់ក្នុងព្រះរាជសារនោះថា ព្រះមហាក្សត្រទ្រង់នឹងកោះអញ្ជើញ បេក្ខជនជាប់ឆ្នោតទាំងអស់ មកចូលរួមប្រជុំដំបូងក្នុងវិមានរដ្ឋសភា នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ។
លោក ជាម យៀប អះអាងថាព្រះរាជសារព្រះមហាក្សត្រ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមានការដឹងលឺជាទូទៅ ហើយក៏ជាការកោះអញ្ជើញសមាជិកសភា របស់គណបក្សសង្រ្គោះជាតិផងដែរ ដូច្នេះប្រសិនបើពួកគេមិនចូលរួមប្រជុំសភាលើកដំបូង មានន័យថាពួកគេមិនគោរពច្បាប់ និងព្រះមហាក្សត្រ។
ការបដិសេធមិនចូលរួមប្រជុំរបស់គណបក្សប្រឆាំង ទៅតាមការកោះប្រជុំរបស់ ព្រះមហាក្សត្រ ហើយត្រូវបានរងការចោទប្រកាន់ ពីមន្រ្តីគណបក្សកាន់អំណាចថាជាការ«ប្រមាថ»ព្រះមហាក្សត្រនោះ ត្រូវបានអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានបញ្ចេញប្រតិកម្មនៅក្នុងកម្មវិធីវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ កញ្ញា ថានោះជា «ការចោទប្រកាន់ដោយអគតិ ដោយគ្មានការពិចារណា នូវគោលបំណងរបស់ព្រះមហាក្សត្រ ដែលចង់បានភាពស្ងប់ស្ងៀមដោយថ្លៃថ្នូ»។ លោក កឹម សុខា បានវាយបកទៅវិញថា «គឺអ្នកណ្នឹងហើយ ដែលមិនគោរពព្រះមហាក្សត្រខ្លួនឯង»។
លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ពន្យល់ថាគណបក្សប្រជាជនកម្ពុជា អាចបើកប្រជុំសភាលើកតំបូងបាន ប្រសិនបើពួកគេចង់ធ្វើ ទោះជាមានចំនួនសមាជិកសភា តែ១នាក់ឬ២នាក់ក៏ដោយ ហើយនាំគ្នាស្បថចូលកាន់មុខដំណែងទៅ តែចំណុចសំខាន់គឺត្រង់ថាតើសភា និងរដ្ឋាភិបាលដែលកើតចេញពីកិច្ចប្រជុំសភាលើកដំបូងនោះ ស្របច្បាប់ឬអត់? ហើយអាចធ្វើសេចក្តីសម្រេចបានអត់? ហើយមានការទទួលស្គាល់ពីប្រជាពលរដ្ឋ និងគណបក្សនយោបាយផ្សេងទៀតឬអត់។
ថ្លែងនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៩ខែកញ្ញាដដែល លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់គោលជំហរបដិសេធ មិនចូលរួមកិច្ចប្រជុំសភាលើកដំបូង ដរាបណាការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត មិនត្រូវបានបង្កើតតាមស្នើសុំរបស់គណបក្សសង្រ្គោះជាតិ ដើម្បីស្វែងរកយុត្តិធម៌ឲ្យរាស្ត្រម្ចាស់ឆ្នោត។ ប្រធានគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា៖ «គោលការណ៍របស់យើងនៅតែដដែល គឺការគោរពឆន្ទះប្រជាពលរដ្ឋ។ (...) យើងនឹងពិចារណាចូលរួម ក្នុងកិច្ចប្រជុំសភាដំបូង ពេលណាដែលមានគណៈកម្មការឯករាជ្យ ឬមានយន្ដការមួយឯករាជ្យក្រៅពី គ.ជ.ប ដើម្បីស្វែងរកការពិត។ ការពិតគឺជាមូលដ្ឋាន ដើម្បីផ្ដល់យុត្តិធម៌ជូនរាស្ត្រម្ចាស់ឆ្នោត៕»
-------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ