ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ទុះប្រតិកម្ម​ដាក់វិទ្យុបារាំងអន្តរជាតិ ដោយចោទវិទ្យុនេះ ថា​បាន​«និយាយ​ខុស​តាមគេ» ទាក់ទងនឹងអត្ថបទ «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​បិទ​ទីផ្សារ​ នាំ​ចេញ​សម្លៀក​បំពាក់ ​ហើយ​​បើក​​វិញ​​​​ជា​មួយ​​លក្ខខណ្ឌ​»។ នៅ​ពីរ​ម៉ោង​ក្រោយ នាយក​គ្រប់គ្រង​វិទ្យុ​បរទេស​មួយ​នេះ គឺលោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) បានវាយបកមកវិញ ថាប្រធានគណបក្សប្រឆាំង ដែលជាអ្នក​នយោបាយ មិន​គួរ​មក​បង្រៀនពី​​ជំនាញ​សារព័ត៌មាន ឲ្យអ្នក​សារព័ត៌មាន​ឡើយ។ តើមានរឿង​អ្វីកើតឡើង? ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​​ដែល​បាន​​តាម​ដាន​ករណី​នេះ សូមរៀបរាប់​តាំងពីដំបូង​មក​វិញ។
ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI
ពីឆ្វេងមកស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ្សង់ហ្វ្រង់ស៊័រ តាន់ នាយកគ្រប់គ្រង​វិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 23, 2016
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវបានកើតឡើង តាំងពីច្រើនថ្ងៃហើយ។ ប៉ុន្តែសង្គ្រាមសំដីឆ្លងឆ្លើយ ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ រវាង​​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ ផ្សាយជា​ខេមរភាសា លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) ទើបតែកើតឡើង ក្នុងល្ងាចថ្ងៃសុក្រទី២២ ខែ​កក្កដា​នេះ​ប៉ុណ្ណោះ។

តើ​មានរឿងអ្វីឬ? ជម្លោះឆ្លើយឆ្លងចងសំដីដាក់គ្នានេះ មានជាប់ទាក់ទង​នឹងការចេញផ្សាយមួយ ដ៏ប្រទាំង​ប្រទើស​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ផ្សាយជាភាសាខ្មែរ ដែលមានចំណងជើងថា៖ «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​»។

នៅក្នុងសារ ជា«យោបល់»មួយ បង្ហោះនៅម៉ោង១៦និង៤៨នាទី ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង១១ និង៤៨​នាទី ម៉ោងនៅបារាំង) លោក សម រង្ស៊ី បានចាត់ទុកការចេញផ្សាយអត្ថបទខាងលើ របស់វិទ្យុបារាំង​អន្តរជាតិ ថាបាន«និយាយខុសតាមគេ» ហើយ«មិនបានស្តាប់ពាក្យសម្តីដើម និងពាក្យសម្តីពិតរបស់»លោក។

លោក សម រង្ស៊ី បានសរសេរដូច្នេះថា៖ «បើ RFI នេះ មានស្មារតីវិជ្ជាជីវៈខ្ពស់មែន គួរណាស់ពេលនេះ ចូល​មើលវីដេអូ ដែលសភាអឺរ៉ុបបានថតជាផ្លូវការ នូវសុន្ទរកថារបស់ខ្ញុំ ថ្ងៃទី១៣ ខែកក្កដា ២០១៦ ហើយធ្វើការ​កែ​តម្រូវ​ជាបន្ទាន់។ មិនគួរនិយាយខុសតាមគេ ហើយចាញ់បោក ការឃោសនារបស់រដ្ឋាភិបាល ដែលអាង​ថា​ប្រជា​រាស្ត្រ​ខ្មែរ​ភាគច្រើន មិនចេះស្តាប់ភាសាបារាំង។ ស្តាយណាស់ ដោយកត់សម្គាល់ថា សូម្បីតែ RFI នេះ ដែល​មាន​ជំនាញខាងភាសាបារាំង ក៏បណ្តោយឲ្យគេយកពាក្យសម្តីខ្ញុំ ជាភាសាបារាំង ទៅក្រឡៃតាមចិត្ត។»

ការលើកឡើងរបស់ប្រធានគណបក្សប្រឆាំង មិនបានបណ្ដាល​ឲ្យនាយកគ្រប់គ្រងវិទ្យុបរទេស ផ្សាយនៅ​កម្ពុជា​មួយ​នេះ បង្អង់យូរក្នុងការឆ្លើយតបឡើយ។ លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ បានបង្ហោះជា«យោបល់»​តប​វិញ នៅម៉ោង១៨និង៤៤នាទី ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង១៣ និង៤៤នាទី ម៉ោងនៅបារាំង) ដោយ​ប្រាប់​លោក សម រង្ស៊ី ឲ្យស្គាល់ពីតួនាទីខ្លួន  ជាអ្នកនយោបាយ ជាជាងមកបង្រៀនអ្នកសារព័ត៌មាន ពីជំនាញ​សារព័ត៌មាន។

ដោយបង្ហោះអមជាមួយរូបភាព (ខាងក្រោម) ជាភស្ដុតាងផង លោកនាយកវិទ្យុបារាំងអន្តរជាតិ បាន​សរសេរ​វាយបក​លើលោក សម រង្ស៊ី ជាភាសាបារាំងថា៖ «ប្រសិនជាវិទ្យុអន្តរជាតិ ខ្វះនូវវិជ្ជាជីវៈ ដូចអ្វីដែលលោក (សម រង្ស៊ី) បានសរសេរជាចំហរ (ខាងលើ) មែននោះ ហេតុអ្វីក៏លោក​បានយកអ្វី ដែលជាការផ្សាយ​របស់​យើង (វិទ្យុបារាំងអន្តរជាតិ) ទៅធ្វើការចែករំលែក ជាមួយនឹងបណ្ដាសកម្មជន របស់គណបក្សលោក​ខ្លាំងក្លា​ម្លេះ?»។

ដំណើររឿងពីដំបូង...

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយនឹងបុគ្គលិករបស់ខ្លួន ពីរដ្ឋធានីប៉ារីស បានធ្វើការតាមដានរឿងនេះ តាំង​ពី​ដំបូងមក ពោលគឺចាប់តាំងពីពេលដែលលោក សម រង្ស៊ី បានចូលខ្លួនទៅជជែកពិភាក្សា ជាមួយនឹង​គណៈ​កម្មការ​មួយ នៃសភាអ៊ឺរ៉ុប នៅថ្ងៃទី១៣ ខែកក្កដាមកម្លេះ។ ប៉ុន្តែគេត្រូវរង់ចាំរហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ទើប​ឃើញ​ទំព័រ​ហ្វេសប៊ុក របស់លោក សម រង្ស៊ី បានកាត់យកចម្រៀកមួយ នៃវីដេអូស្ដីពីកិច្ចពិភាក្សានោះ មក​បង្ហោះ​ផ្សាយ​ជា​សាធារណៈ ជាមួយនឹងសំណេរ​មាន​ជាអាថ៌ថា៖ «ដកស្រង់ពីបទអន្តរាគមន៍​របស់ខ្ញុំ ជា​ភាសា​បារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។ ខ្ញុំបានបញ្ជាក់ថា ក្រោមរបបប្រជាធិបតេយ្យ​អាស្រ័យ​សភា ការបោះឆ្នោតណា ដែលមិនមានវត្តមាន​ប្រធានគណបក្ស​ប្រឆាំង​ចូលរួមទេ គឺមិនមានតម្លៃ ហើយ​ក៏​មិន​មាន​​ភាព​ស្រប​​ច្បាប់​ដែរ។»

សំណេរអមនឹងវីដេអូនេះ ទំនងជាលោក សម រង្ស៊ី ចង់បកប្រែជាខេមរភាសា ទាក់ទងនឹងកិច្ច​អន្តរាគមន៍​ទី​មួយ ដែល​លោកបានថ្លែងជាភាសាបារាំង ទៅកាន់សមាជិកសភាអ៊ឺរ៉ុប​ នៅក្នុងវីដេអូ។ ប៉ុន្តែវីដេអូ​ដែលមាន​រយៈ​ពេល​​​​ជាង​​៤នាទី​​នោះ នៅ​មាន​កិច្ចអន្តរាគមន៍​ជាភាសាបារាំង របស់លោក សម រង្ស៊ី ជាលើកទីពីរមួយទៀត។ ការ​ថ្លែង​​ជា​​លើក​​ទីពីរ​នេះ មិនត្រូវបានសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយ​ណាចាប់អារម្មណ៍ លើកយកមកធ្វើជា​ប្រធាន​បទ​ទេ ដែល​​​ទំនង​​​ជា​​បណ្ដាល​​មក ពីភាសាដែលលោក សម រង្ស៊ី ប្រើនៅក្នុងវីដេអូ ជា​ភាសា​បារាំង។

ផ្ទុយទៅវិញ វិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា ដែលទទួលបានសិទ្ធិផ្សាយ​ជាច្រើនម៉ោង នៅក្នុង​ប្រទេស​កម្ពុជានោះ បានចាប់អារម្មណ៍លើប្រធានបទនេះ និងបានយកមកសរសេរ​ជា​អត្ថបទរបស់ខ្លួន ចេញ​ផ្សាយ​នៅថ្ងៃ​ទី១៧ ខែកក្កដា ដោយដាក់ជាចំណងជើងថា៖ «លោក​ សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​បិទ​ទីផ្សារ​ នាំ​​ចេញ​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​»។ នៅក្នុងអត្ថបទ ម្ចាស់សំណេរ​របស់វិទ្យុបារាំងអន្តរជាតិ លោក សឿង ភារៈ បានអះអាងដែរ ថាបានស្រង់ប្រភព នៃការអះអាងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូ​មួយ​​នេះ។ លោក សឿង ភារៈ បានសរសេរថា៖ «ការ​បញ្ជាក់​របស់​លោក​ សម ​រង្ស៊ី ​ធ្វើ​ឡើង​តាម​រយៈ​​បទ​អន្តរាគមន៍​​​​​របស់​លោក ​ជា​ភាសា​បារាំង​ នៅ​សភា​អឺរ៉ុប កាល​ពី​ថ្ងៃទី១៣​ ខែ​កក្កដា ​កន្លង​ទៅ​នេះ។​ បទ​អន្តរាគមន៍​​នេះ​ ត្រូវ​បាន​ដាក់​​ផ្សាយ​ ក្នុង​​បណ្តាញ​​សង្គម​​របស់លោក​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​កក្កដា។​»

ក្រោយពីពេលចេញ​ផ្សាយ​អត្ថបទ​នោះ​ហើយ សង្គ្រាមពាក្យសំដី បានផ្ទុះឡើងដូចភ្នំភ្លើង ដោយរាប់បញ្ចូល​ទាំង​​ប្រតិកម្ម របស់អ្នកគាំទ្រគណបក្ស​ប្រជាជនកម្ពុជា អ្នកមានជំហរកណ្ដាល ទាំងអ្នកប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ និងរហូតករណីនេះ ត្រូវ​បាន​សារព័ត៌មានក្នុងស្រុកផ្សេងទៀត យកទៅចុះផ្សាយព្រោងព្រាត។ ដូច្នេះ​​ការ​លើក​ឡើង​ខាងលើ របស់លោក សម រង្ស៊ី ដែលថាវិទ្យុបារាំងអន្តរជាតិ «និយាយខុសតាមគេ» នោះ អាច​ជា​ការ​លើក​ឡើង ដែល​មិន​ត្រឹមត្រូវ ​ដោយ​ហេតុថា សង្គ្រាមពាក្យសំដី ទើបតែបានកើតឡើង ក្រោយ​ការ​ចេញ​​ផ្សាយ​អត្ថបទ​​​នេះ​​ប៉ុណ្ណោះ។

ចំណងជើងអត្ថបទត្រូវ ឬខុស?

តែបញ្ហាខាងលើ អាចកើតមានឡើង នៅត្រង់ចំណុចនេះ៖ តើចំណងជើងអត្ថបទ ដូចគ្នាទៅ​នឹងអ្វីដែលលោក សម រង្ស៊ី បាននិយាយ​​​នៅក្នុងបទ​អន្តរាគមន៍ ជាភាសាបារាំងនោះ ឬយ៉ាងណា? ដើម្បីបញ្ជាក់ករណីនេះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមកត់ត្រាសំដី​«សំខាន់ៗ» ជាភាសាបារាំង នៅក្នុងបទអន្តរាគមន៍ជា​លើក​ទីពីរ​ របស់​លោក សម រង្ស៊ី ហើយសូមធ្វើការបកប្រែ (ក្រៅផ្លូវការ) មកជាខេមរភាសា ដោយគោរពឲ្យបាន​ច្រើន​បំផុត នូវ​ន័យ​​ដើម​របស់​ពាក្យ​នីមួយៗ ដូចខាងក្រោម៖

«Vous avez raison. Pour parler franchement, le parti au pouvoir au Cambodge et le Premier Ministre lui-même ne prennent pas l'Union Européenne au sérieux. Ils dissent que jamais l'Union Européenne ne touchera à cette aide. Ils connaissent (...) les institutions européennes. On parle beaucoup mais on ne fait pas grand-chose. Donc, il est temps que la commission fasse quelque chose pour montrer à monsieur Hun Sen, le Premier Ministre, (...) que vous êtes capable de prendre des mesures. Il faut qu'ils s'arrêtent de se moquer de la commission européenne. Le marché très important, c'est le marché pour les vêtements. Et bien, les vêtements représentent 80% des exportations cambodgiennes. Plus de moitié des exportations cambodgiennes viennent en Europe. Les grosses industries et les gros patrons gagnent beaucoup d'argent. Ils donnent comme corruption au Premier Ministre. Si vous touchez à ce marché, ce n'est pas les ouvriers ou le petit peuple qui est touché, mais c'est le gros bénéfice du patronage, dont une grande partie est versée dans les caisses du parti au pouvoir. Si vous leur faites comprendre que ce marché n'est pas ouvert tout le temps sans condition, là ils commencent, peut-être, à réfléchir.»

«លោកនិយាយត្រូវហើយ។ និយាយឲ្យត្រង់ទៅ គណបក្សកាន់អំណាច នៅកម្ពុជា និងនាយករដ្ឋមន្ត្រីខ្លួនឯង មិនយកចិត្តទុកដាក់ នូវការលើកឡើង របស់សហភាពអ៊ឺរ៉ុបនោះឡើយ។ ពួកគេនិយាយថា សហភាពអ៊ឺរ៉ុប នឹង​មិនប៉ះពាល់ជំនួយទាំងនេះទេ។ ពួកគេស្គាល់ ពី(ដំណើរប្រព្រឹត្តិទៅ) នៃបណ្ដាស្ថាប័ននានា របស់អ៊ឺរ៉ុប។ (នៅ​ទីនេះ) យើងនិយាយច្រើន តែធ្វើបានតិច។ ដូច្នេះ វាដល់ពេលហើយ ដែលគណៈកម្មការ (អ៊ឺរ៉ុប) ត្រូវធ្វើអ្វីមួយ ដើម្បីបង្ហាញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យឈប់ចំអកដាក់គណៈកម្មការអ៊ឺរ៉ុប ហើយថាអ្នកឯង (សហភាព​អ៊ឺរ៉ុប) មានលទ្ធភាពនឹងចាត់វិធានការ។ ទីផ្សារដែលសំខាន់ខ្លាំង គឺទីផ្សារសម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់។ ហើយវិស័យនេះ មានកម្រិតនាំចេញ ដល់ទៅ៨០% នៃការនាំចេញទាំងអស់ របស់​ប្រទេស​កម្ពុជា ក្នុងនោះ ការនាំចេញ​ជាងពាក់កណ្ដាល​របស់កម្ពុជា បាននាំចូលមកកាន់អ៊ឺរ៉ុប។  ក្រុមហ៊ុន និងថៅកែធំៗ រក​ប្រាក់​ចំណេញ​បានច្រើនណាស់។ ពួកគេទាំងនោះបានផ្ដល់ (ប្រាក់ចំណេញនេះ មួយភាគ) ទៅឲ្យនាយក​រដ្ឋ​មន្ត្រី ដែល​អាច​ជា​​អំពើពុករលួយ។ បើអ្នកឯង (សហភាពអ៊ឺរ៉ុប) ប៉ះពាល់ដល់ទីផ្សារ (សម្រាប់វិស័យកាត់ដេរ) នេះ នោះ​មិនមែនកម្មករ ឬប្រជាជនក្រីក្រទេ ដែលរងគ្រោះ តែគឺវានឹងប៉ះពាល់ ទៅដល់ផលចំណេញ របស់​ពួក​ថៅកែៗ ដែលបានផ្ដល់ប្រាក់ចំណេញនេះ មួយផ្នែកធំ ដាក់ចូលទៅក្នុងហិបប្រាក់ របស់គណបក្សកាន់​អំណាច។ ប្រសិនជាអ្នកឯង (សហភាពអ៊ឺរ៉ុប) ធ្វើឲ្យពួកគេទាំងនោះយល់ ថាទីផ្សារ (សម្រាប់វិស័យកាត់ដេរ) នេះ មិន​មែន​បើក​ដោយគ្មានលក្ខខណ្ឌ នៅគ្រប់ពេលគ្រប់វេលានោះ នៅពេលណ្នឹងហើយ ដែលពួកគេ​អាច​ចាប់​ផ្ដើមត្រិះរិះពិចារណា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...