ឡាក់ សុភាព ស្រាត​ខោ​បក្ស​ប្រឆាំង ព្រោះ​«ងរ»​មិន​បាន​ធ្វើ​សមាជិក គ.ជ.ប?

មន្ត្រីច្បាប់ របស់គណបក្សសង្គ្រោះជាតិបាន ថ្លែងចង្អុលអ្នកស្រី ឡាក់ សុភាព ចំៗ ថាអ្វីដែលអ្នកស្រីធ្វើ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយសារតែពីអ្នកស្រីបានទទួលបរាជ័យ ក្នុងការសុំក្លាយជាសមាជិក គ.ជ.ប និង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍ សម្រាប់តួនាទីខ្ពស់មួយ នៅក្នុងគណបក្សថ្មី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 29, 2014
  • ប្រធានបទ: រឿងអាស្រូវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី ឡាក់ សុភាព ទាក់​ទង​នឹង​ការ​រង្គោះ​រង្គើ​ផ្ទៃ​ក្នុង និង​អំពើ​ពុក​រលួយ​របស់​មេ​ដឹក​នាំ គណបក្ស​សង្គ្រោះ​ជាតិ​នោះ មន្ត្រី​ច្បាប់​មួយ​រូប​របស់​គណបក្ស​នេះ បាន​ធ្វើការ​វាយ​បក​វិញ​ថា គឺ​អ្នកស្រី ឡាក់ សុភាព ទៅ​វិញ​ទេ ដែល​តែង​តែ កេង​ចំណេញ​ពី​គណបក្ស​ជា​បន្ត​បន្ទាប់ ដូច​ជា​ករណី​«កិប​កេង»​លុយ​មូលនិធិ ទៅ​ប្រើ​ប្រាស់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​ជា​ដើម។

លោក រស់ សួ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា បច្ចុប្បន្ន​នេះ ក្រៅ​ពី​តំណែង​ជា​ជំនួយ​ការ​លោក​ កឹម សុខា និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ក៏​ជា​អ្នក​កាន់​ការ​ខាង​សង្គម​កិច្ច​មួយ​រូប របស់​គណបក្ស​ដែរ។ អញ្ចឹង​រាល់​លុយ​មូលនិធិ​ទាំង​អស់ ត្រូវ​កាន់​កាប់​នឹង​រឿបចំ​ដោយ​អ្នក​ស្រី​ទាំង​អស់។ ក្នុង​កិច្ចការ​សង្គម​កិច្ច អ្នកស្រី​មាន​សិទ្ធិ​ក្នុង​ការ​ដក​ចំណាយ ទៅ​តាម​រឿង​ជាក់​ស្តែង ដោយ​មាន​កំណត់​ត្រា​ត្រឹមត្រូវ។ លោក​បន្ត​ថា តែ​កន្លង​មក​នេះ លោកស្រី ឡាក់ សុភាព មិន​បាន​ចំណាយ​អ្វី​មួយ ដល់​គណបក្ស​វិញ​ ក្រៅ​តែ​ពី​ការ​កិប​កេង​យក​មូលនិធិ​របស់​គណបក្ស ទៅ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួននោះឡើយ។

ការថ្លែងរបស់លោក រស់ សួរ បានធ្វើឡើងបន្ទាប់ពី ការលើកឡើងរបស់អ្នកស្រី ឡាក់ សុភាព ជាបន្តបន្ទាប់ក្នុង​រយៈកាលចុងក្រោយនេះ បរិហាថាគណបក្សសង្រ្គោះជាតិ កំពុងរងការរង្គោះរង្គើផ្ទៃក្នុង មិនថានៅកម្ពុជា និង​ក្រៅប្រទេសឡើយ។ អ្នកស្រីបញ្ជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិសព្វថ្ងៃនេះ ជាមេដឹកនាំពុករលួយ និងគ្មានជំនឿទុកចិត្តពីកូនចៅនោះទេ។ ការលើកឡើងនេះ យ៉ាងហោចណាស់ ក៏ត្រូវបានអ្នកស្រីបរិយាយ​ប្រាប់អ្នក​សារព័ត៌មាន ក្នុងកម្មវិធី​មួយដែលរៀបចំដោយ បណ្តាញសង្គមខ្មែរដើម្បីខ្មែរ របស់លោក កែម ឡី កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ មកនេះ។

លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានធ្វើការច្រានចោល ការចោទប្រកាន់របស់​អ្នកស្រី ឡាក់ សុភាព នេះ ដោយលោកចាត់ទុកថា ជាការលើកឡើងដោយគ្មានសំអាង។ តាមសេចក្តីថ្លែង​ការណ៍​របស់​គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៧ ខែធ្នូនេះ បានបញ្ជាក់ថា នេះគ្រាន់តែជាចេតនា នៃការបំបែក​បំបាក់​ផ្ទៃ​ក្នុង​ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា លោកស្រី ឡាក់ សុភាព ទៅវិញទេ ដែលជាអ្នក​បង្ក​ឲ្យ​មាន​ការ​បែង​ចែក​បក្សពួកក្នុងបក្ស និង«កិបកេងមូលនិធិ»ពីខាងក្រៅ តាមរយៈការមិនបញ្ចូល​ក្នុង​មូលនិធិ​គណបក្ស​នោះ។

លោក រស់ សួរ បានពន្យល់បន្តទៀថា៖ «មាន់ក្នុងជង្រុកស្រូវ ថាវាមិនស៊ីស្រូវ។ ខាងក្រុមការងារតែងតែ​ប្រាប់​គាត់ និងណែនាំជានិច្ចកាល មិនត្រូវប្រើប្រាស់ប្រាក់មូលនិធិ ជាប្រយោជន៍បុគ្គលផ្ទាល់ខ្លួនឡើយ។ ហើយ​ករណីនេះ មិនមែនតិចលើកនោះទេ។ ខាងគណបក្ស ក៏មិនដែលចាប់កំហុសឲ្យខ្លាំងក្លានោះដែរ។ តែក្រោយ​មក ក៏សុំខ្លួនធ្វើជាសមាជិក គ.ជ.ប ហើយត្រូវបានគណកម្មការបក្សបដិសេធ ជាបន្តបន្ទាប់។»

មន្ត្រីច្បាប់របស់គណបក្សប្រឆាំង បានបង្ហាញហេតុផល ទាក់ទងនឹងការបដិសេធនោះថា៖ «លោកស្រី ឡាក់ សុភាព គ្មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការកាន់តំណែងជាសមាជិក គ.ជ.ប នេះទេ។ (...) សូម្បី​តំណែងសព្វថ្ងៃ ជាជំនួយការ និងកាន់ការផ្នែកសង្គមកិច្ចក្នុងបក្ស មិនទាំងអាចធ្វើបានផង តើមានលទ្ធភាពអ្វី​មក​ធ្វើជាសមាជិក គ.ជ.ប នោះ?»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២៩ ខែធ្នូនេះ មិនអាចទំនាក់ទំនងជាមួយអ្នកស្រី ឡាក់ សុភាព ដើម្បីសុំ​ប្រតិកម្មចំពោះការលើកឡើងរបស់លោក រស់ សួរ ក្នុងថ្ងៃនេះ បាននៅឡើយ ដោយទូរស័ព្ទអ្នកស្រី មិនអាច​ភ្ជាប់​ទំនាក់ទំនងបាន។ កាលពីថ្ងៃទី២៨ ខែធ្នូម្សិលម៉ិញនេះ លិខិតគាំទ្រមួយបានចេញផ្សាយ គាំទ្រ​ទៅនឹង​ការលើកឡើងរបស់អ្នកស្រី ឡាក់ សុភាព ដោយស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការ​អង្កេត និង​ស្រាវជ្រាវ ទៅក្នុងកិច្ចការមូលនិធិរបស់គណបក្សសង្គ្រោះជាតិ។ លិខិតនោះ បានជំរុញឲ្យ​ធ្វើ​ដូច្នេះ ដោយ​សំអាងថា ខ្លួនជាសកម្មជនគណបក្សសង្គ្រោះជាតិ និងជាអ្នកបរិច្ចាកប្រាក់ សម្រាប់ដំណើរការ​គណបក្ស​មួយ​នេះ។

នារសៀលថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០១៤ នេះ គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ ក៏បានសម្រេច​ចិត្តកោះប្រជុំជាបន្ទាន់ ដើម្បីធ្វើការដាក់វិន័យទៅលើអ្នកស្រី ឡាក់ សុភាព ដែលបាន និយាយពីរឿងពុករលួយ និងការបែកបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិនោះ។ គណៈកម្មាធិការនេះ បានកំណត់ឲ្យអ្នកស្រី ឡាក់ សុភាព ធ្វើការសុំទោសជាសាធារណៈ បើពុំដូច្នេះទេ នឹងត្រូវបណ្ដេញចេញពីគណបក្ស។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នឹងស្វែងប្រតិមកម្មថ្មីៗ ដែលទាក់ទង នឹងការចោទប្រកាន់ខាងលើ ពីភាគី​ពាក់ព័ន្ធ​ទាំងអស់ មកធ្វើការចុះផ្សាយជាបន្តបន្ទាប់នៅពេលក្រោយ៕

ខាងក្រោមនេះ ជាលិខិតគាំទ្រអ្នកស្រី ឡាក់ សុភាព និងសុំឲ្យអង្គភាប្រឆាំងអំពើពុករលួយរបស់លោក ឱម យិនទៀង បើកការស៊ើបអង្កេតមួយឡើង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...