ពលរដ្ឋនៅកំពង់ស្វាយ ខេត្តបន្ទាយមានជ័យ បារម្ភបាត់ដី ខណៈមានក្រុមហ៊ុនទៅបោះបង្គោល
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 29, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋមកពីភូមិពង្រ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន១០៧គ្រួសារ បាននាំគ្នាទៅតវ៉ានៅមុខ សាលាខេត្តបន្ទាយមានជ័យ ដើម្បីស្នើរសុំអន្តរគមន៍ ឲ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ជាមួយក្រុមហ៊ុន C.Y.L investment .co.,LTD ដែលបានមកបោះបង្គោលព្រំដី រំលោភយកដីប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋម្នាក់ លោក រាជ កុសល បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះថា លោកព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់កំពង់ស្វាយ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលឃើញក្រុមហ៊ុន C.Y.L investment .co.,LTD និងអាជ្ញាធរភូមិ-ឃុំ បានមកបោះបង្គោលកំណត់ព្រំដី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ កន្លងមកនេះ។
លោកថា ប្រជាពលរដ្ឋទាំងអស់ ចង់ឱ្យសាលាខេត្តបន្ទាយមានជ័យអន្តរាគមន៍ ឱ្យក្រុមហ៊ុននោះដកបង្គោលចេញ ពីដីចម្ការរបស់ពួកគាត់។ រីឯដីដែលក្រុមហ៊ុន បានបោះបង្គោលវាតយកនោះ មានជាង១៨០ហិចតា និងប៉ះពាល់ដីប្រជាពរដ្ឋប្រមាណ១០៧គ្រួសារ។ តំណាងពលរដ្ឋរូបនេះ បានបញ្ជាក់បន្ថែមថា៖ «ព្រោះប្រជាពលរដ្ឋនៅភូមិពង្រ សង្កាត់កំពុងស្វាយនោះ រស់អាស្រ័យដោយសារតែបានដីចម្ការនោះឯង។ ប្រជាពលរដ្ឋដែលរស់នៅភូមិពង្របូនឆ្នាំហើយ ដែលស្រូវលិចទឹក ហើយរស់បានដោយសារដីនោះឯង ដែលបានលុយសងគេ សងអី។ ដោយសារតែបានដីនេះ យើងដាំប៉ិកគក់ ដាំបន្លែពោត។»
តំណាងប្រជាពលរដ្ឋវវ័យ២៨ឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមថា ប្រសិនបើគ្មានដីចម្ការនេះទេ ប្រជាពលរដ្ឋដែលស្ថិតនៅសង្កាត់កំពងស្វាយ នឹងអាចធ្វើចំណាកស្រុក ទៅស៊ីឈ្នួលធ្វើការនៅប្រទេសថៃ ជាពុំខាន។ លោកបន្តថា៖ «ប្រសិនបើប្រជាពលរដ្ឋអស់ដីនេះទៀត ប្រជាពលរដ្ឋចំណាកស្រុកទៀតហើយ ទៅថៃទៅអី ព្រោះពួកខ្ញុំមិនចង់ទៅថៃទេ»។
បើតាមលោក រាជ កុសល ដដែល បានបញ្ជាក់ថា បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ អាជ្ញាធរខេត្តបន្ទាយមានជ័យសន្យាថា នឹងព្យាយាមដោះស្រាយបញ្ហាដីធ្លីឱ្យពួកគាត់ ហើយបន្ទាប់ពីនោះ នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ប្រជាពលរដ្ឋក៏បានត្រឡប់មកលំនៅដ្ឋានវិញដែរ។
ទស្សនាវដ្ដីមនោរមម្យ.អាំងហ្វូ មិនអាចធ្វើការទំនាក់ទំនងអាជ្ញាធរ ខេត្តបន្ទាយមានជ័យបានទេ នៅថ្ងៃនេះ។ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ អភិបាលរងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ដើម្បីបញ្ចប់ជម្លោះដីធ្លី នៅខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៥ អភិបាលខេត្តកំពុងរៀបចំ ឱ្យមានក្រុមការងារមួយដែលមានភាគីចម្រុះពីមន្ទី និងអង្គភាពដែលពាក់ព័ន្ធនានា ក្រោមការដឹកនាំរបស់អភិបាលខេត្តប ដើម្បីធ្វើការស្រាវជ្រាវ ដើម្បីកំណត់ថា តើដីណាខ្លះជាដីសហគមន៍ព្រៃឈើ ហើយដីកន្លែងណាខ្លះ ជាដីដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន កន្លែងណាជាដីសម្រាប់ធ្វើសម្បទានសង្គមកិច្ច និងកន្លែងណាខ្លះជាដី សម្រាប់ធ្វើការអភិវឌ្ឍនៅតំបន់មូលដ្ឋាន៕