ពលរដ្ឋឆ្លងអេដស៍៖ កែ សុវណ្ណរតន៍ គ្រោងហៅ ម៉ម ប៊ុនហេង មកសាកសួរ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 30, 2014
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណៈកម្មការទទួលបន្ទុកសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ គ្រោងនឹងកោះហៅ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មកបំភ្លឺពាក់ព័ន្ធនឹងការរីករាលដាលជំងឺអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅអំឡុងពេលយ៉ាងយូរ ក្នុងសប្តាហ៍ទីពីរដើមខែមករា ឆ្នាំ២០១៥ខាងមុខ។ គម្រោងកោះហៅមកសាកសួរនេះ បានទម្លាយឲ្យដឹង បន្ទាប់ពីសេចក្ដីណែនាំជាច្រើន បានធ្លាក់ចេញមក ក្នុងចេតនាលាក់កំបាំងព័ត៌មាន«ពិត» ទៅនឹងការឆ្លង និងចំនួនកើនឡើងនៃអ្នកផ្ទុកមេរោគអេដស៍ ក្នុងឃុំរការ ពីសំណាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ។
បញ្ជាក់ក្នុងបណ្តាញព័ត៌មានសង្គម បន្ទាប់ពីវត្តមាននៃការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលផ្ទុកមេរោគអេដស៍ក្នុងឃុំរកានោះ លោកស្រី កែ សុវណ្ណរតន៍ បានបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ក្នុងឃុំរកានោះ កើនឡើងជិត២០០នាក់ហើយ។ លោកស្រីបន្ថែមថា អ្វីដែលជាចំណុចសំខាន់ គឺការលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគ អេដស៍ទាំងនោះ។ ពិសេសក្មេងតូចៗ ព្រះសង្ឃ និងលោកតា លោកយាយជាដើម ដែលពួកគាត់មានវ័យកាន់តែចាស់ទៅហើយ។
ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានលើកឡើងថា មូលហេតុដែលបង្កឲ្យមានហេតុភេទដ៏អាក្រក់នេះ កើតមានចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលហាក់ដូចជាមិនមានការទទួលខុសត្រូវ របស់អាជ្ញាធរពាក់ព័ន្ធនោះ ក៏ជាហេតុបង្ហាញឲ្យឃើញថាក្រសួងសុខាភិបាល កំពុងតែ«អសមត្ថភាព» ក្នុងការគ្រប់គ្រង។ លោកស្រីបន្តថា ដូច្នេះក្រសួងមួយនេះតោង«កែ»លំអរខ្លួនឡើងវិញ មិនថាក្នុងតំបន់ទេ គឺត្រូវធ្វើឡើងនៅទូទាំងប្រទេស។
មកដល់រសៀលថ្ងៃទី២៩ ខែធ្នូនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មតប ពីអ្នកនាំពាក្យក្រសួងសុខាភិបាលបានឡើយ ចំពោះបញ្ហាឆ្លើយនៅចំពោះមុខរដ្ឋសភា និងចំនួនកើនឡើងនៃប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍នោះ។
អ្នកឆ្លងជម្ងឺអេដស៍កើនឡើងជាង១៩០នាក់
តែបុគ្គលិកម្នាក់នៃមណ្ឌលសុខភាពរកា ដែលសុំមិនបង្ហាញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូក្នុងថ្ងៃទី២៩ ខែធ្នូនេះថា មកទល់ពេលនេះ នៅមានប្រជាពលរដ្ឋឃុំរកា មកពិនិត្យឈាមរកមេរោគអេដស៍ជាបន្តបន្ទាប់ ហើយដែលសរុបទៅមានចំនួនច្រើនជាង១៦០នាក់។ តែបើតាមព័ត៌មានពីផ្នែកគ្រប់គ្រងទិន្ន័យ នៃអ្នកផ្ទុកមេរោគអេដន៍នេះ បានប្រាប់លោកថា បានរកឃើញមានអ្នកផ្ទុកមេរោគអេដស៍កើនឡើង ជាង១៩០នាក់ហើយ។
បុគ្គលិកសុខភាពរូបនោះ បានបន្តថា នារសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នោះ ក្រោយពីទទួលថ្នាំប្រឆាំងមេរោគអេដស៍ពីក្រសួងសុខាភិបាល បានធ្វើឲ្យពួកគាត់មានអាការៈខុសពីធម្មតាដូចជាវិលមុខ អស់កម្លាំង និងក្អួតចង្អោរជាដើម ។ តែអាការៈទាំងនេះវាមិនមានអ្វីចម្លែកទេ បើធៀបទៅនឹងអ្នកផ្ទុកមេរោគអេដស៍មុនៗមួយចំនួន បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ថ្នាំ«ពន្យាជីវិត»នេះមក គឺមានសភាពដូច្នេះឯង។ លោកបាននិយាយបញ្ជាក់ថា៖ «នេះជាការធម្មតាទេ សម្រាប់អ្នកទទួលទានថ្នាំប្រឆាំងមេរោគអេដស៍ នៅដំណាក់កាលដំបូងនោះ។ (…) យូរៗទៅ ថ្នាំវានឹងស៊ាំ ហើយពួកគាត់ក៏នឹងអាការៈ វិលមករកភាពប្រក្រតីវិញហើយ។»៕