បាត់យន្ដហោះ AirAsia៖ គ្រួសារមួយ បានលុបចោលសំបុត្រ មួយថ្ងៃមុន!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 29, 2014
- ប្រធានបទ: សំណាង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារព័ត៌មាន Daily Mail ដែលចេញផ្សាយក្នុងប្រទេសអូស្ត្រាលី បានរាយការណ៍ថា ចានដ្រា ស៊ូសានតូ (Chandra Susanto) រស់នៅក្នុងក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) នៃប្រទេសឥណ្ឌូនេស៊ី បានកក់សំបុត្រយន្ដហោះ នៃជើងហោះហើរនេះ សម្រាប់រូបលោក ប្រពន្ធលោក និងកូនរបស់លោកបីនាក់ទៀត។ គ្រួសារដែលមានសមាជិកទាំងអស់៥នាក់នេះ មានបំណងចង់ទៅលេងឪពុករបស់ខ្លួន ដែលរស់នៅប្រទេសសាំងហ្គាពួរ។
នៅក្នុងអារម្មណ៍ក្ដុកក្ដួល រកស្មានមិនត្រូវនៅឡើយ ព្រោះព្រឹត្តិការណ៍បាត់យន្ដហោះ ហាក់នៅថ្មីៗនេះ លោក ស៊ូសានតូ បានថ្លែងឲ្យដឹងថា៖ «យើងបានគ្រោង វិស្សមកាលរបស់យើង តាំងពីខែមិនា ឆ្នាំ២០១៤ ទៅម៉ិញម្លេះ។ ប៉ុន្តែយើងត្រូវលុបចោលគម្រោងនេះវិញ នៅមួយថ្ងៃមុន ដោយសារតែឪពុករបស់ខ្ញុំ បានធ្លាក់ខ្លួនឈឺ។»
លោកបញ្ជាក់ទៀតថា គ្រួសារលោក មិនចង់សម្រេចចិត្តលប់ចោលដំណើរវិស្សមកាលនេះទេ ព្រោះកូនរបស់លោក គ្រីស្តូហ្វើរ (Christopher) ចង់ជួបជាមួយនឹងជីតារបស់ខ្លួនខ្លាំងណាស់។
នៅទីបំផុតទៅ ឈ្មោះរបស់គ្រួសារ ស៊ូសានតូ បានស្ថិតនៅក្នុងបញ្ជីមួយ ជាមួយនឹងមនុស្ស១៨នាក់ផ្សេងទៀត ដែលមិនបានឡើងយន្ដហោះ នៅព្រឹកថ្ងៃអាទិត្យនោះទេ។ ហើយអ្នកដែលភ័យក្នុងរឿងនេះជាងគេ គឺប្អូនស្រីរបស់លោក។ លោកបានទទួលដំណឹងបាត់យន្ដហោះពីនាង នៅពេលដែលនាងបានទូរស័ព្ទមកលោក។ លោកនិយាយទៀតថា៖ «ប្អូនស្រីខ្ញុំភ័យជាងពួកខ្ញុំទៅទៀត ព្រោះនាងបានដឹងពីដំណឹងនេះតាមទូរទស្សន៍»។
លោកបាននិយាយហើយ និយាយទៀតថា លោកនិងក្រុមគ្រួសារពិតជាអាយុថ្លៃមែន ដែលបានគេសផុតពីគ្រោះថ្នាក់នេះ។ ប៉ុន្តែការបន់ស្រន់នៅតែមាន នោះគឺធ្វើចំពោះអ្នកនៅលើយន្ដហោះទាំង១៦២នាក់ រួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងរង់ចាំដំណឹងនោះផង។ លោក ស៊ូសានតូ បានបន្ថែមថា៖ «ខ្ញុំអរគុណព្រះជាម្ចាស់ ដែលបានប្រោសប្រណីខ្ញុំនិងគ្រួសារ។ ប៉ុន្តែខ្ញុំក៏នៅតែមិនសប្បាយចិត្តដែរ ហើយសោកស្ដាយជាពន់ពេក សម្រាប់មនុស្សទាំងអស់គ្នា ដែលនៅលើយន្ដហោះ។»៕
នេះជាសំបុត្រយន្ដហោះរបស់លោក និងក្រុមគ្រួសារ៖