យន្ដហោះក្រាបពោះជាប់ដី បន្ទាប់ពីបង្ខំចិត្តចុះចតបន្ទាន់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មករា ២០១៨
- កែប្រែចុងក្រោយ: January 13, 2018
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃពុធ ក្នុងព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានី វ៉ាសូវី (ប្រទេសប៉ូឡូញ)។ សំណាងល្អ អ្នកដំណើរ៥៩នាក់ នៅក្នុងយន្ដហោះ មិនទទួលរងគ្រោះថ្នាក់អ្វីទេ ក្រៅតែពីការភ័យភិត ដែលបានកើតឡើង នៅពេលយន្ដហោះធ្វើការចុះចតនោះ។
យន្ដហោះប្រភេទ «Bombardier Dash Q400» របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឈ្មោះ «LOT» របស់ប្រទេសប៉ូឡូញ ដែលបានហោះចេញ ពីក្រុង «Cracovie» ស្ថិតក្នុងភាគខាងត្បូង បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅលើផ្លូវយន្ដហោះមួយ ដែលត្រូវឆ្លងកាត់ ផ្លូវធំនៃព្រលានយន្ដហោះ ហើយបង្កឲ្យចរាចរណ៍យន្ដហោះ ត្រូវរងនូវភាពរអាក់រអួល អស់រយៈពេលយ៉ាងតិច ៤ម៉ោង។
អ្នកនាំពាក្យព្រលានយន្ដហោះ បានថ្លែងឲ្យដឹងថា៖ «នៅវេលាម៉ោង ២៣ និង១០នាទី យប់ថ្ងៃពុធ ផ្លូវយន្ដហោះធំជាងគេ ត្រូវបានអនុញ្ញាឲ្យបើកធ្វើចរាចរណ៍ឡើងវិញ ហើយយន្ដហោះទាំងឡាយ ក៏អាចចុះចត និងហោះងើបខ្លួនឡើង បានដែរ»។
URGENT - POLAND
Emergency crews respond after plane forced to land on its belly at #Warsaw's Okecie airport — developing pic.twitter.com/IMXon5jMgt
— Vocal Europe (@thevocaleurope) 10 janvier 2018
តាមការស៊ើបអង្កេត ក្នុងជំហានដំបូងបានឲ្យដឹងថា កងមុខរបស់យន្ដហោះ មិនបានគន្លាស់ដោយត្រឹមត្រូវ (ឬបានគ្រេច បត់ត្រឡប់ចូលក្នុងវិញ) នៅពេលដែលយន្ដហោះចុះចត បង្កឲ្យយន្ដហោះបានអូសពោះ នៅលើព្រលាន រហូតលុះត្រាយន្ដហោះ បានឈប់ជាស្ថាពរ។
ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស៊ើបអង្កេត បានអះអាងថា ពួកគេបានសណ្ដោង យកយន្ដហោះរងគ្រោះចេញ នៅប៉ុន្មានម៉ោងក្រោយមក ដើម្បីអនុញ្ញាតឲ្យព្រលានយន្ដហោះ ជាពិសេសផ្លូវធំ ដែលយន្ដហោះត្រូវចុះចត និងហោះងើបខ្លួននោះ មានដំណើរការឡើងវិញ៕