ធ្លាក់យន្ដហោះប៊ូអីង នៅភាគខាងត្បូងរ៉ូស្ស៊ី ស្លាប់៦២នាក់
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៩ មីនា ២០១៦
- កែប្រែចុងក្រោយ: March 19, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ក្រុមហ៊ុន "flydubai" សូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ដោយអះអាងថា យន្ដហោះដែលភ្ជាប់ ជើងហោះហើរលេខ "FZ981" បានធ្លាក់បោកខ្លួន នៅពេលដែលយន្ដហោះនេះ ត្រៀមចុះចត និងពីតុល្យភាព នៃជនរងគ្រោះដល់ជីវិត នៅក្នុងគ្រោះថ្នាក់ដ៏អាណោចអាធមនេះ» នេះជាការថ្លែងឲ្យដឹង របស់ក្រុមហ៊ុនអាកាសចរណ៍ «flydubai» នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយភ្លាមៗ នាព្រឹកថ្ងៃសៅរ៍នេះ។
សម្រាប់គណៈកម្មការស៊ើបអង្កេត របស់ប្រទេសរ៉ូស្ស៊ីវិញ បានថ្លែងឲ្យដឹងដែរថា គ្រោះធ្លាក់យន្ដហោះ បានសម្លាប់មនុស្ស៦២នាក់ ក្នុងនោះ៥៥នាក់ជាអ្នកដំណើរ និង៧នាក់ ជាអ្នកបម្រើការនៅក្នុងយន្ដហោះ (រួមទាំងអ្នកបើកយន្ដហោះ ពីរនាក់ផង)។ តួលេខនេះ ខុសគ្នាបន្តិចពីការផ្សាយ របស់ក្រសួងស្ថានការណ៍បន្ទាន់ របស់ប្រទេសរ៉ូស្ស៊ី ដែលបានបញ្ជាក់នៅពេលមុនគ្នាបន្តិចថា មានមនុស្សស្លាប់៦១នាក់ ដោយបានរាប់សមាជិកបម្រើការ នៅក្នុងយន្ដហោះ មានចំនួនត្រឹមតែ៦នាក់ប៉ុណ្ណោះ។
បើតាមក្រុមហ៊ុន «flydubai» ដដែល បានឲ្យដឹងទៀតថា យន្ដហោះបានហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃក្រង ឌុយបៃ (Dubaï - ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម) នៅល្ងាចថ្ងៃសុក្រ វេលាម៉ោង១៨និង២០នាទី (ម៉ោងក្នុងស្រុក) និងគ្រោះថ្នាក់បានកើតឡើង នៅព្រលានយន្ដហោះ ក្រុង «Rostov-sur-le-Don» ក្នុងយប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ វេលាម៉ោង០០ និង៥០នាទី (ម៉ោងក្នុងស្រុក)។
ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ជាក់ទៀតថា នឹងធ្វើអ្វីៗគ្រប់លទ្ធភាពទាំងអស់ ដើម្បីប្រមូលនូវព័ត៌មានទាំងឡាយ នៅជុំវិញគ្រោះធ្លាក់យន្ដហោះនេះ និងបានស្នើសុំឲ្យ ធ្វើការបន់ស្រន់សម្រាប់ជនរងគ្រោះទាំងអស់។ លេខទូរស័ព្ទមួយខ្សែ ត្រូវបានបង្កើតឡើង ដើម្បីជាជំនួយទៅដល់ក្រុមគ្រួសារ នៃជនរងគ្រោះ អាចទទួលបាននូវព័ត៌មានផ្សេងៗ។
» រូបភាពភ្លាមៗ ដែលទទួលបាន ពីការធ្លាក់យន្ដហោះនេះ៖
ស្ថានភាពឧត្តុនិយមអាក្រក់...
យន្ដហោះធុន ប៊ូអីង (Boeing 737) បានធ្លាក់បោកខ្លួន ហើយបានឆាបឆេះជាអគ្គិភ័យឡើង។ ក្រសួងស្ថានការណ៍បន្ទាន់ បានឲ្យដឹងបន្តថា អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង នៅមួយម៉ោងក្រោយ។ សម្រាប់ស្ថានីយ៍ទូរទស្សន៍ «LifeNews» របស់រ៉ូស្ស៊ីវិញ បានរាយការណ៍ថា យន្ដហោះបានព្យាយាមចុះចតជាលើកទីពីរ ហើយធ្លាក់បោកដី នៅចម្ងាយជាងមួយរយម៉ែត្រ ពីផ្លូវចុះចតរបស់ព្រលាន ខណៈស្ថានភាពឧត្តុនិយម មានសភាពអាក្រក់ មើលអ្វីមិនឃើញ។
ក្នុងយប់ថ្ងៃសុក្រ ឈានចូលមកព្រឹកថ្ងៃសៅរ៍នេះ មានភ្លៀងផ្គររន្ទះយ៉ាងខ្លាំង នៅក្រុង «Rostov-sur-le-Don»។ អាជ្ញាធររ៉ូស្ស៊ី បានថ្លែងព្រមានទុកជាមុន អំពីខ្យល់បក់ ដែលមានកម្លាំងខ្លាំង នៅក្នុងតំបន់។ នេះបើតាមការអះអាង របស់ទីភ្នាក់ងារព័ត៌មាន «»។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ «flydubai» ជាក្រុមហ៊ុនរដ្ឋចំណុះឲ្យរដ្ឋាភិបាល ក្រុងឌុយបៃ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង នៅខែមីនា ឆ្នាំ២០០៨៕