យន្ដហោះ​បាត់​ខ្លួន៖ ត្រូវ​រក​ប្រអប់​ខ្មៅ​ឲ្យ​ឃើញ មុន​ពេល​វា​«ស្លាប់»!

ប្រទេសអូស្ត្រាលី បានផ្ដល់អាទិភាព ពីការរុករុកបំណែកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន ដែលធ្វើក្នុងតំបន់ដ៏ទូលាយ មកកាន់តំបន់ដែលរលកសញ្ញាដែលទើបនឹងចាប់បាន ដោយឧបករណ៍តាមរកប្រអប់ខ្មៅនោះវិញ។ ការផ្ដល់អាទិភាពនេះ ត្រូវបានធ្វើជាកំហិត នៅមុនពេលដែលប្រអប់ខ្មៅអាចនឹង«ស្លាប់» ហើយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់យន្ដហោះ អាចនឹងគ្មានពន្លឺជារៀងរហូត។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសអូស្ត្រាលី បានផ្ដល់អាទិភាព ពីការរុករុកបំណែកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន ដែលធ្វើក្នុងតំបន់ដ៏ទូលាយ មកកាន់តំបន់ ដែលរលកសញ្ញាដែលទើបនឹងចាប់បាន ដោយឧបករណ៍តាមរកប្រអប់ខ្មៅនោះវិញ។ ការផ្ដល់​អាទិភាព​នេះ ត្រូវបានធ្វើជាកំហិត នៅមុនពេលដែលប្រអប់ខ្មៅអាចនឹង«ស្លាប់» ហើយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់​យន្ដហោះ អាចនឹងគ្មានពន្លឺជារៀងរហូត។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - នាវាពីរគ្រឿងរបស់ប្រទេសអូស្ត្រាលី និងអង់គ្លេស ដែលបំពាក់ទៅដោយឧបករណ៍​តាមរកប្រអប់​ខ្មៅ និងយន្ដហោះរបស់កងទ័ពអាកាស របស់ប្រទេសអូស្ត្រាលី ត្រូវបាន​ដាក់ពង្រាយ ដើម្បីបេសកកម្មថ្មីនេះ។ នេះបើ​តាមលោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អតីតនាយទាហាន​អូស្ត្រាលី ដែលដឹកនាំការសម្របសម្រួល នៃ​បណ្ដាប្រទេសចូលរួមនៅក្នុងយុទ្ធនាការស្វែងរក យន្ដហោះនៃជើង​ហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។

ឧបករណ៍តាមរកប្រអប់ខ្មៅ ដែលបានដាក់បំពាក់នៅលើនាវាចិន (Haixun 01) បានទទួលរលកសញ្ញាមួយ កាលពី​ថ្ងៃសៅរ៍ ដែលមានរយៈពេលប្រមាណជា៩០វិនាទី ដូចគ្នាទៅនឹងរលកសញ្ញា ដែលគេធ្លាប់ទទួលបាន​ពីយន្ដហោះ​បាត់ខ្លួន។ ប៉ុន្តែរលកសញ្ញានេះ នៅមិនទាន់ច្បាស់នៅឡើយ។

ក្ដីសង្ឃឹមធំបំផុតរបស់អ្នកស៊ើបអង្កេត

ប្រអប់ខ្មៅ ជាក្ដីសង្ឃឹមធំបំផុតរបស់អ្នកស៊ើបអង្កេត ដើម្បីគេអាចរកឃើញនូវតួរយន្ដហោះ និងអាចពន្យល់បាន​ពី​មូលហេតុ រួមផ្សំនឹងដំណើរការនៃការបាត់យន្ដហោះនេះ ពីជើងហោះហើរដើមរបស់វា។ តែប្រអប់ខ្មៅរបស់​យន្ដហោះ​ប្រភេទប៊ូអីង ដែលបានធ្លាក់ចូលក្នុងទឹក ត្រូវបានកំណត់រយៈពេលនៃ«ជីវិត»របស់វា តែត្រឹមបួនសប្ដាហ៍ប៉ុណ្ណោះ។ ហួសពីពេលនេះទៅ ប្រអប់ខ្មៅនឹងស្លាប់ ហើយអាថ៌កំបាំងនៃគ្រោះថ្នាក់យន្ដហោះ អាចនឹងស្ថិតនៅ​ជាចម្ងល់ជា​រៀង​រហូត។

យន្ដហោះកងទ័ព១០គ្រឿង ស៊ីវិល ពីគ្រឿង និងនាវាចំនួន១៣គ្រឿង បានបន្តការុករកនៅថ្ងៃអាទិត្យនេះ នៅលំហ​សមុទ្រដ៏ធំល្វឹងល្វើយ មានផ្ទៃក្រឡាប្រមាណជា ២១៦ ពាន់គីឡូម៉ែត្រក្រឡា នឹងមានចម្ងាយប្រមាណជា ២០០០​គីឡូម៉ែត្រពីឆ្នេរប៉ែកខាងលិចនៃកោះអូស្ត្រាលី។ លោក អេនហ្គឺស ហ៊ូស្ដុន បានបញ្ជាក់បន្ថែមថា នាវាអូស្ត្រាលី ឈ្មោះ (Ocean Shield) ដែលអូសឧបករណ៍តាមរកប្រអប់ខ្មៅ របស់អាមេរិក ក៏ទទួលបាននូវរលកសញ្ញា នៅក្នុងតំបន់របស់​ខ្លួនតាំងនៅដែរ។ លោកនិយាយថា «យើងមិនទាន់មានភាពជាក់លាក់អ្វី បន្ថែមទៀតនៅឡើយ។ ហើយខ្ញុំក៏មិនចង់​ធ្វើអត្ថាធិប្បាយទៅលើអ្វី ដែលគ្រាន់តែជាការប្រហែលនោះដែរ។»

ប្រទេសអូស្ត្រាលី និងប្រទេសម៉ាឡេស៊ី បានបង្ហាញនូវក្ដីរំពឹងដ៏តិចតួច និងដ៏ប្រយ័ត្នប្រយ៉ែងថា រលកសញ្ញាទាំង​នោះ​អាចជា សម្លេងបំពុលមួយ ដែលគ្មានការជាប់ទាក់ទងអ្វីនឹងយន្ដហោះ។ យ៉ាងណាក៏ដោយ ក៏លោក អេនហ្គឺស ហ៊ូស្ដុន បានលើកឡើងថា ផ្នែកខាងត្បូងនៃតំបន់រុករក ត្រូវបានកំណត់ថាជាតំបន់ដែលមានអាទិភាពខ្លាំងបំផុត បន្ទាប់ពីការ​វិភាគទិន្នន័យ របស់ប្រព័ន្ធផ្កាយរណប កាលពីពេលថ្មីៗកន្លងមក។ ហើយនាវាចិន Haixun 01 ក៏បានស្ថិតនៅក្នុង​តំបន់«អាទិភាព»នេះដែរ៕

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៦ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...