អ្នកជំនាញម្នាក់ ថាយន្ដហោះ MH370 ត្រូវរ៉ូស្សីចាប់ពង្រត់
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២០ មិនា ២០១៥
- កែប្រែចុងក្រោយ: March 20, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះ MH370 មិនបានទៅបញ្ចប់វាសនារបស់ខ្លួន នៅក្នុងលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌានោះទេ ប៉ុន្តែយន្ដហោះ ត្រូវបានចាប់ពង្រត់ ឆ្ពោះទៅកាន់... ប្រទេសរ៉ូស្សី ឬតំបន់ណាមួយ ដែលនៅក្បែរនោះ។ នេះបើតាមការអះអាង របស់អ្នកជំនាញមួយរូប។
លោក ចេហ្វ វីស្ស៍ (Jeff Wise) អ្នកជំនាញខាងអាកាសចរណ៍ស៊ីវិល និងជាអ្នកនិពន្ធជាតិអាមេរិក បានបង្ហាញការជឿជាក់របស់លោក បន្ទាប់ពីបានស្រាវជ្រាវ ទៅទិន្នន័យទាំងឡាយ ដែលទាក់ទងនឹងការបាត់ខ្លួន យ៉ាងចម្លែករបស់យន្ដហោះ MH370 ថា អ្នកដែលស្គាល់ យន្ដហោះប្រភេទប៊ូអីង ៧៧៧ នេះច្បាស់ ទំនងជាអ្នក ដែលគួរឲ្យសង្ស័យខ្លាំងជាងគេ ក្នុងការផ្លាស់ប្ដូរអ្វីៗ សម្រាប់ជើងហោះហើរ នៅពេលនោះ។ លោកបានទម្លាក់ការសង្ស័យ ទៅរកប្រទេសរ៉ូស្សី ដោយហេតុថា ប្រទេសមហាអំណាចមួយនេះ មានឧស្សាហកម្ម អាកាសចរណ៍រីកចំរើនខ្លាំង ជាពិសេសបច្ចេកវិទ្យា ដែលអាចបង្វិលទិន្នន័យ នៃការហោះហើរបាន។
ថ្លែងប្រាប់សារព័ត៌មានចិនដ៏ធំមួយ ឈ្មោះ South China Morning Post កាលពីថ្ងៃទី១៨ ខែមីនានេះ លោក វីស្ស៍ បានបញ្ជាក់ថា ពីក្នុងចំណោមអ្នកដំណើរទាំង២៣៩នាក់ មានអ្នកដំណើរបីនាក់ ជាជនជាតិរ៉ូស្សី។ ហើយជនជាតិរ៉ូស្សីម្នាក់ បានអង្គុយនៅក្នុងបន្ទប់ VIP ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីប្រអប់អេឡិចត្រូនិក ដែលបញ្ជាខាងបច្ចេកទេស របស់យន្ដហោះ។ ប៉ុន្តែការសង្ស័យរបស់លោក មិនមានត្រឹមតែជនជាតិរ៉ូស្សី ទាំងបីនាក់នេះទេ តែលោកជឿជាក់ថា អាចនឹងមានជំនួយ ពីរដ្ឋការនៃប្រទេសរ៉ូស្សីនោះ ថែមទៀត។ លោកបានថ្លែងឡើងថា៖ «ករណីនេះ ត្រូវការយុទ្ធនាការនៃការចាប់ពង្រត់មួយ ដែលមានលក្ខណៈស្មុគ្រស្មាញ ប្រកបដោយបច្ចេកទេសជ្រៅជ្រះ ដែលចាំបាច់ត្រូវមានជំនួយ ពីរដ្ឋាភិបាលនៃប្រទេសណាមួយ»។
លោកបានអះអាងទៀតថា មូលហេតុ ដែលមានការបង្វែ ទិន្នន័យហោះហើរនេះ គឺដើម្បីបំភ័ន្ដអាជ្ញាធរ នៃប្រទេសដែលពាក់ព័ន្ធ ជាមួយនឹងយន្ដហោះ MH370។ បន្ទាប់មក យន្ដហោះ ទំនងជាត្រូវបានចាប់ពង្រត់ ទៅកាន់ទិសដៅមួយ ក្នុងប្រទេសកាហ្សាក់ស្ដង់ ឬតំបន់ក្បែរនោះ។ ការសង្ស័យរបស់លោក វីស្ស៍ ប្រហាក់ប្រហែលនឹងការរកឃើញ កាលពីដំបូងឡើយ ដោយក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី ដែលអះអាងថា យន្ដហោះត្រូវបានបង្ហោះ ចេញពីគោលដៅដើម ទៅរកទិសពីរផ្សេងគ្នា៖ ទី១ ទៅកាន់មហាសមុទ្រឥណ្ឌា និងទី២ទៅកាន់ភូមិភាគអាស៊ីខាងលិច ឬអ៊ឺរ៉ុបខាងកើត។
យ៉ាងណាក៏ដោយ បន្ទាប់ពីយន្ដហោះប៊ូអីង របស់ក្រុមហ៊ុនម៉ាឡេស៊ីអែរឡាញ មួយនេះ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងរួច ការសិក្សាស្រាវជ្រាវ និងការរកឃើញ ជាលក្ខណៈឯកជនជាច្រើន ត្រូវបានចេញផ្សាយ ជាបន្តបន្ទាប់។ ពីក្នុងការរកឃើញទាំងនោះ មានការសន្និដ្ឋានខ្លះនិយាយថា បានឃើញយន្ដហោះ នៅប្រទេសអាហ្វហ្គានីស្ដង់ ខ្លះទៀតថាយន្ដហោះ ត្រូវបានកងទ័ពអាមេរិកបាញ់ទម្លាក់... និងខ្លះទៀតថា យន្ដហោះបានហោះទៅកាន់ ទ្វីបទឹកកក ស្ថិតនៅភាគខាងត្បូង នៃផែនដី។ ប៉ុន្តែ មិនដែលមាន ការសិក្សាណាមួយ ត្រូវបានបញ្ជាក់ ទទួលយកជាផ្លូវការនោះឡើយ។
» សូមអានរាល់អត្ថបទ ដែលទាក់ទងនឹងរបកគំហើញទាំងនោះ ដោយចុចនៅលើទីនេះ៕