យន្ដហោះប៊ូអ៊ីញ ៧៨៧ ឆេះនៅព្រលានយន្ដហោះក្រុងឡុងដ៍ (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គិភ័យបានឆាបឆេះឡើង នៅក្នុងយន្ដហោះប៊ូអ៊ីញ ៧៨៧ (Boeing 787) នៅល្ងាចថ្ងៃសុក្រទី១២ខែកក្កដា ខណៈពេលដែលយន្ដហោះនេះ បានមកដល់ព្រលានយន្ដហោះ ហៀដស្រ៊ូវ (Heathrow) នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ គ្រោះថ្នាក់នេះ បានបង្កនូវការព្រួយបារម្ភពីសំណាក់អ្នកស៊ើបអង្កេត របស់ក្រុមហ៊ុនផលិតយន្ដហោះ ជុំវិញរឿងហេតុថានឹងអាចកើតឡើងដ៏អាក្រក់បំផុត ទៅលើយន្ដហោះប្រភេទ ៧៨៧។
សកម្មភាពនៅក្រោយពេលពន្លត់ពន្លត់អគ្គិភ័យរួច។ (រូបថត ctvnews.ca)
អ្នកស៊ើបអង្កេតមកពីក្រុមហ៊ុនផលិតយន្ដហោះអាមេរិក ប៊ូអ៊ីញ សង្ស័យថាបញ្ហាដែលធ្លាប់បង្អាក់មិនអោយហោះហើរ នូវយន្ដហោះរបស់ក្រុមហ៊ុនខ្លួនលើកមុន អាចនឹងកើតឡើងទៀតសម្រាប់យន្ដហោះប្រភេទនេះ។
អ្នកស៊ើបអង្កេត នៅមិនទាន់បង្ហើបប្រាប់ឲ្យដឹងពីមូលហេតុ ដែលនាំទៅដល់មានអគ្គិភ័យនៅលើយន្ដហោះ ៧៨៧ នៃក្រុមហ៊ុនអាកាសចរណ៍អេទីចូពីរអ៊ែរឡាញ (Ethiopian Airlines) នៅពេលយន្ដហោះហោះហើរបានរយៈពេល៨ម៉ោង និងបន្ទាប់ពីយន្ដហោះបានចុះចត នៅនឹងព្រលានយន្ដហោះនៃទីក្រុងឡុងដ៍នេះនៅឡើយ។
នៅក្នុងយន្ដហោះ៧៨៧មួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ ថមសុន អ៊ែរវេស (Thomson Airways) បញ្ហាបច្ចេកទេសដែលគេកំណត់មិនទាន់បានពីអត្តសញ្ញាណរបស់វា ក៏បានកើតឡើងដែរ នៅពេលដែលយន្ដហោះបានត្រឡប់មកដល់អាកាសយន្ដដ្ឋាន មេនឆេស្ទើរ (Manchester) វិញ។ បញ្ហានេះ បានធ្វើឲ្យការព្រួយបារម្ភ កើតមានកាន់តែខ្លាំង។
នៅព្រលានយន្ដហោះនៃទីក្រុងឡុងដ៍ ផ្លូវចុះចត និងហោះឡើង ត្រូវបានបិទប្រមាណជាជិតមួយម៉ោង ក្នុងពេលដែលក្រុមសង្គ្រោះបន្ទាន់ បានចូលមកពន្លត់អគ្គិភ័យ ដែលកើតនៅលើយន្ដហោះ៧៨៧នេះ។ ក្នុងពេលមានអគ្គិភ័យនោះ មិនមានអ្នកដំណើរណាម្នាក់ មានវត្តមាននៅលើយន្ដហោះនោះទេ។
យន្ដហោះប្រភេទប៊ូអ៊ីញ ៧៨៧ ត្រូវបានហាមមិនឲ្យហោះហើរ កាលពីខែមករាមុន ដោយសារមានបញ្ហាអាគុយស្ងួត ដែលបានកើតឡើងចំនួនពីរដងទៅលើយន្ដហោះពីរផ្សេងគ្នា។ ជាពិសេសទៅទៀត យន្ដហោះមួយដែលមានបញ្ហានេះ បានបង្កើតឲ្យមានជាអគ្គិភ័យដូចគ្នា ខណៈយន្ដហោះចតនៅព្រលានឡូហ្គេន (Logan) នៅទីក្រុងប៊ូស្ដុនសហរដ្ឋអាមេរិក នាថ្ងៃទី០៧ខែមករា៕
សូមទស្សនាវីដេអូ ពីហេតុការណ៍នេះដូចតទៅ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ