ការរុករកយន្ដហោះបាត់ខ្លួន ឈានមកដល់ដំណាក់កាល«បារម្ភ»ថ្មី
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកដល់ម៉ោងនេះ គ្មានសញ្ញាអ្វីទាំងអស់។ ការរុករកយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ មីនាកន្លងទៅ ជាមួយនឹងមនុស្ស២៣៩នាក់នោះ បានមកដល់ដំណាក់កាលថ្មីមួយ ដែល«គួរឲ្យបារម្ភ»។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ទី១៩ ខែមេសានេះ។
កងទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលី កំពុងឆ្លុះតាមរកមើលស្លាកស្នាមយន្ដហោះ។ (រូបថត Reuters)
បាត់យន្ដហោះ - «ការរុករកមកដល់ថ្ងៃនេះ និងថ្ងៃស្អែក បានមកដល់ដំណាក់កាលបារម្ភថ្មីមួយ។ យើងសូមអំពាវនាវទៅកាន់ពិភពលោកទាំងមូល ឲ្យជួយបន់ស្រន់ដើម្បីយើងអាចរកឃើញអ្វីមួយ។» នេះជាការថ្លែងរបស់ លោក ហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងសន្និសីទការសែតនៅថ្ងៃសៅរ៍ទី១៩ ខែមេសានេះ។
កាលពីថ្ងៃពុធកន្លងទៅ នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ថូនី អាបូត (Tony Abbott) បានលើកឡើងថា ការរុករកយន្ដហោះដោយម៉ាស៊ីនយន្ដ ប្លូហ្វូីន២១ (Bluefin-21) នៅក្នុងតំបន់រុករកដែលស្ថិតក្នុងចំងាយជាង២០០០គីឡូម៉ែត្រ ពីឆ្នេរខាងលិចរបស់ប្រទេសអូស្ត្រាលីនោះ នឹងមានរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ។ ដូច្នេះបើតាមការដាក់ឲ្យដំណើរការនូវម៉ាស៊ីនយន្ដប៊្លូហ្វីន២១ កាលពីយប់ថ្ងៃចន្ទទី១៤ ខែមេសាកន្លងមកនោះ រយៈពេលមួយសប្ដាហ៍នឹងឈានមកដល់ ក្នុងយប់ថ្ងៃស្អែក ដែលត្រូវជាថ្ងៃអាទិត្យ។
ប្រអប់យន្ដប៊្លូហ្វីន២១ ដែលមានបណ្ដោយជិត៥ម៉ែត្រ បំពាក់ដោយឧបករណ៍បាញ់រលកសម្លេងនោះ បានធ្វើការងាររបស់ខ្លួន ដោយជ្រមុជទៅក្នុងសមុទ្រជ្រៅជាង៤០០០ម៉ែត្រ ជាច្រើនដងរួចមកហើយ តែរហូតមកដល់ម៉ោងនេះ មិនមានលទ្ធផលអ្វីទាំងអស់។ វាបានដើររុករក នៅក្នុងតំបន់ដែលរលកសម្លេង ដែលគេជឿថាបានមកពីប្រអប់ខ្មៅ របស់យន្ដហោះប៊ូអីង ផ្ដល់ឲ្យកាលពីពីរសប្ដាហ៍មុន។
លោករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានបន្ថែមទៀតថា «យើងបានតាមរុករុក នៅក្នុងចំណុចដែលសង្ស័យ និងបានប្រើពេលជាច្រើនថ្ងៃ ប៉ុន្តែលទ្ធផលនៃការរុករក កាន់តែមានភាពចង្អៀតឡើង»។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីរូបនេះ បានអះអាងដូចទៅនឹងការថ្លែងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីដូច្នេះដែរថា ការរុករកនឹងមិនត្រូវបានបោះបង់ចោលនោះឡើយ។ លោកបានសង្ស័យពីតំបន់រុករក ដែលអាចនឹងមានវិសាលភាពធំជាងនេះ និងអាចប្រើប្រាស់មធ្យោបាយផ្សេងទៀត។ ប៉ុន្តែលោករដ្ឋមន្ត្រី មិនបានធ្វើការលំអិតឲ្យបានជ្រៅជ្រះច្រើនពីការបន្តការរុករកនោះទេ។
ការរុករកនៅលើមហាសមុទ្រឥណ្ឌាខាងត្បូង ទំនងមិនសូវមានសង្ឃឹម តែផ្ទុយទៅវិញ សាររព័ត៌មានមួយរបស់ប្រទេសរ៉ូស្សី ឈ្មោះ Moskovsky Komsomolets បានចេញផ្សាយកាលពីថ្ងៃទី១៥កន្លងមកនេះ ដោយលើកយកការអះអាងរបស់សាក្សីដ៏គួរឲ្យជឿជាក់បាន មកបញ្ជាក់ថា យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានចាប់ពង្រត់ឆ្ពោះទៅកាន់ប្រទេសអាហ្វហ្គានីស្តង់ ហើយអ្នកដំណើរទាំងអស់កំពុងនៅរស់រានមានជីវិតនៅឡើយ រហូតមកទល់ម៉ោងនេះ។
» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ។
សូមបញ្ជាក់ដែរថា អ្នកជំនាញជាច្រើន បានធ្វើការប៉ាន់ប្រមាណថា ការចំណាយទៅលើការរុករុកយន្ដហោះ នៃជើងហោះហើរ MH370 នេះ បានកើនឡើងដល់ជាង១០០លានដុល្លារហើយ បើរាប់ចាប់តាំងពីដំបូងមក។ យុទ្ធនាការរុករក ដែលទំនងជាមិនងាយនឹងចប់ក្នុងពេលដ៏ខ្លីនេះឡើយ តែបានក្លាយជាយុទ្ធនាការរុករកដែលចំណាយប្រាក់ច្រើនជាងគេ នៅក្នុងប្រវត្តិគ្រោះថ្នាក់យន្ដហោះរបស់ពិភពលោក៕
----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៩ មេសា ២០១៤