ធ្លាក់​យន្ដហោះ៖ គ្រោះ​អាកាស​ទាំង​បួន ដែល​រន្ធត់​ជាង​គេ​នៅ​បារាំង

ការធ្លាក់យន្ដហោះអ៊ែរប៊ូស ខាងពីថ្ងៃអង្គារបានអង្រួនបេះដូងជនជាតិបារាំង ឲ្យនឹកឃើញឡើងវិញ ពីគ្រោះថ្នាក់ដ៏រន្ធត់ មុនៗ ដែលធ្លាប់កើតមាននៅលើទឹកដីបារាំង បង្កឲ្យមនុស្សរាប់រយនាក់ ទទួលគ្រោះថ្នាក់ដល់ជីវិត។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី២៥ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 26, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការធ្លាក់យន្ដហោះ អ៊ែរប៊ូស A320 ដែលភ្ជាប់ជើងហោះហើរ 4U9525 នៅក្នុងប្រទេសបារាំង កាលពីថ្ងៃអង្គារ​សប្ដាហ៍​នេះ បានបង្កនូវគ្រោះមហន្តរាយ ដ៏ធំធេង បើរាប់ក្នុងចំណោមគ្រោះថ្នាក់យន្ដហោះ ក្នុងប្រទេសនេះ តាំងពីច្រើនសិប​ឆ្នាំ​មក​ហើយ។ គ្រោះថ្នាក់យន្ដហោះមុន ដែលបានកើតឡើង ក្នុងប្រទេសបារាំង ធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ គឺជា​យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសទួគី ក្នុងឆ្នាំ១៩៧៤។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​រំលឹក​យក​គ្រោះ​ថ្នាក់​យន្ដហោះ ចំនួន៤ មុនគ្រោះថ្នាក់ចុងក្រោយ ដែលបានកើតឡើងដ៏រន្ធត់ជាងគេ នៅក្នុងប្រទេសបារាំង។

- ឆ្នាំ១៩៧៤ ធ្វើឲ្យមនុស្សស្លាប់ ៣៤៦ នាក់

កើតឡើង នៅក្នុងក្រុង អេមេណុងវីល (Ermenonville) ក្នុងតំបន់ អ័ស្ស៍ (Oise) យន្ដហោះប្រភេទ DC-10 របស់ក្រុមហ៊ុន​អាកាសចរណ៍ នៃប្រទេសទួរគី ដែលមានឈ្មោះថា ទួគីសអ៊ែរឡាញ (Turkish Airlines) បានធ្លាក់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៤។ នៅថ្ងៃនោះ អ្នកដំណើរ និងបុគ្គលិកនៅលើយន្ដហោះ ទាំង ៣៤៦នាក់ ដែលត្រូវភ្ជាប់រដ្ឋធានីប៉ារីស ប្រទេស​បារាំង ជាមួយរាជធានី ឡុងដ៍ ប្រទេសអង់គ្លេស បានជួបនឹងគ្រោះនេះ ដោយសារតែទ្វាកន្លែងផ្ទុកវ៉ាលីស បាន​របើក​ឡើង បន្ទាប់ពីយន្ដហោះ បានងើបខ្លួនបន្ដិចពីព្រលានយន្ដហោះ អ័រលី (Orly) នៃរដ្ឋធានីប៉ារីស។

ពីក្នុងចំណោមជនរងគ្រោះ មានអ្នកគាំទ្រ ក្រុមប្រកួតបាល់អោប ជាច្រើននាក់ ដែលត្រូវវិលត្រឡប់ ទៅប្រទេស​អង់គ្លេស​វិញ បន្ទាប់ពីបានមកចូលរួមអបអរ ការប្រកួតរវាងក្រុមបារាំង និងអង់គ្លេសរួច។ បន្ទាប់មកទៀត នៅមាន​នាយក​ធានាគារ​ជាតិ​ជប៉ុន និងអ្នកដំណើរមកពីប្រទេស ចំនួន១២ ក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះដែរ។ នេះជា​គ្រោះ​ថ្នាក់ ដែល​​មាន​​សភាព​មហន្តរាយ ធំជាងគេទី៤ នៅក្នុងប្រវត្តិគ្រោះថ្នាក់យន្ដហោះ ក្នុងពិភពលោក។

- ឆ្នាំ១៩៨១ ធ្វើឲ្យមនុស្សស្លាប់ ១៨០ នាក់

៧ឆ្នាំក្រោយមក គឺនៅថ្ងៃទី១ ខែធ្នូ​ ឆ្នាំ១៩៨១ នៅលើកោះ គ័រស្ស៍ (Corse) កណ្ដាលសមុទ្រមេឌីទែរ៉ាណេ ដែលនៅ​មិន​ឆ្ងាយប៉ុន្មានពីក្រុង អាចាស៊ីយ៉ូ (Ajaccio ទីក្រុងនៅលើកោះ) យន្ដហោះ DC-9 ដែលដឹកមនុស្ស ១៨០ នាក់ (រួមទាំង​បុគ្គលិក) របស់ក្រុមហ៊ុន Inex-Adria Aviopromet បានខកខានក្នុងចុះចត នៅព្រលានយន្ដហោះនោះ ដោយមាន​ស្លាប​ម្ខាង ប៉ះជាមួយភ្នំ។ ការស៊ើបអង្កេតបានបង្ហាញថា នោះជាកំហុសក្នុងការបើកបរ របស់អ្នកបញ្ជាយន្ដហោះ។

- ឆ្នាំ១៩៩២ ធ្វើឲ្យមនុស្សស្លាប់ ៨៧ នាក់

គ្រោះថ្នាក់យន្ដហោះ នៅភ្នំ សាំង អូឌីល (Sainte-Odile) បានបង្កឲ្យប្រទេសបារាំងកាន់ទុក្ខ ម្ដងទៀត។ យន្ដហោះ​អ៊ែរប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាំងទែ (Air Inter) ដែលបានហោះភ្ជាប់ ក្រុងលីយ៉ុង (Lyon) និង​ក្រុង​ស្ត្រាបួរ (Strasbourg) បានហោះទៅប៉ះជាមួយកំពូលភ្នំ ខណៈពេលយន្ដហោះ បានហោះទៅជិតតំបន់ អាហ្សាស (Alsace)។ ក្រៅពីមនុស្ស៩នាក់ ដែលមានសំណាង មិនរងគ្រោះដល់ជីវិត តែមនុស្ស៨៧នាក់ផ្សេងទៀត សុទ្ធតែ​បាន​ស្លាប់ នៅ​ក្នុង​ហេតុការណ៍ដ៏រន្ធត់នេះទាំងអស់។

- ឆ្នាំ២០០០ ធ្វើឲ្យមនុស្សស្លាប់ ១១៣ នាក់

នេះជាគ្រោះថ្នាក់ដ៏រន្ធត់ជាងគេ ដោយសារតែយន្ដហោះ កុងគក (Concorde) ដែលមានល្បឿនលឿន របស់ក្រុមហ៊ុន​អាកាសចរណ៍បារាំង អ៊ែរហ្វ្រង់ បានធ្លាក់បោកខ្លួន ទៅលើសណ្ឋាគារមួយ នៅក្នុងក្រុង ហ្គូណេស (Gonesse) ក្នុងតំបន់ វាល់ដ័រស្ស៍ (Val-d'Oise) ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រលានយន្ដហោះអន្តរជាតិ រ័រស្សី ឆាលឌឺហ្គោល (Roissy Charles  de Gaule) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០០។ យន្ដហោះ ដែលត្រូវហោះឆ្ពោះ ទៅកាន់ក្រុងញ៉ូយក សហរដ្ឋអាមេរិក មានដឹកអ្នកដំណើរ ១០០នាក់ ដ៏សំខាន់ៗ និងបុគ្គលិក៩នាក់។ ប៉ុន្តែនៅពេលនោះ មនុស្សបួននាក់ទៀត ដែលស្ថិត​ក្នុង​សណ្ឋាគារ ក៏បានស្លាប់ដែរ។

បើតាមរបាយការណ៍អ្នកស៊ើបអង្កេត បានទម្លាក់ការទទួលខុសត្រូវ ទៅលើអ្នកបច្ចេកទេសម្នាក់ របស់ក្រុមហ៊ុន កុងទីណង់តាល់​អ៊ែរឡាញ (Continental Airlines) ដែលរិតដែកភ្ជាប់មួយមិនបានល្អ។ ដែកភ្ជាប់នោះ បានរបូតធ្លាក់ពី​យន្ដហោះ របស់ក្រុមហ៊ុន កុងទីណង់តាល់អ៊ែរឡាញ ដែលហោះងើបឡើង នៅមុនយន្ដហោះ កុងគក របស់ក្រុមហ៊ុន អ៊ែរហ្វ្រង់។ នៅពេលបន្ទាប់មក យន្ដហោះ កុងគក ដែលហោះឡើងតាមក្រោយ បានកិនពីលើដែកនោះ បង្កឲ្យផ្ទុះកង់​យន្ដហោះ​មួយ រួចខ្ទាតទៅប៉ះធុងសាំង បណ្ដាលឲ្យធ្លាយ ហើយភ្លើងក៏បានឆាបឆេះឡើង ទៅដល់ម៉ាស៊ីនប្រតិកម្ម៕

» ខាងក្រោមនេះ ជាវីដេអូរបស់ទូរទស្សន៍បារាំង ដែលបានចងក្រងព្រឹត្តិការណ៍ទាំងនេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...