ក្រសួងរ៉ែ និង​ថាមពល ប្រើ​យុទ្ធសាស្រ្ត​ថ្មី លើ​អាជីវកម្ម​«បូម​ខ្សាច់»

ដោយសារតែកន្លងមក ការធ្វើអាជីវកម្មបូមខ្សាច់ មានភាពចម្រូងចម្រាសគ្នា រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ធ្វើអាជីវកម្មបូមខ្សាច់ ក្រសួងរ៉ែ និងថាមពល បានត្រៀមយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយបញ្ហានេះ និងផ្អាកជាបណ្ណោះអាសន្ន នូវការផ្តល់អាជ្ញាប័ណ្ណ ធ្វើអាជីវកម្មបូមខ្សាច់ថ្មី។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 25, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្អាក ជាបណ្តោះអាសន្ន នូវការអាជ្ញាប័ណ្ឌថ្មី ទៅលើអាជីវកម្មបូមខ្សាច់ និងធ្វើការ​ពិនិត្យ និងវាយតម្លៃឡើងវិញ នូវក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្រាប់ និងសកម្មភាពអនាធិបតេយ្យ ជីកយករ៉ែ​ទាំង​ឡាយ នៅប្រទេសកម្ពុជា។ ក្រសួងបានបង្កើតក្រុមការងារ អធិការកិច្ច៣ក្រុម ដែលមានតួនាទី ត្រូវដោះស្រាយជាបន្ទាន់ គឺការចេញអាជ្ញាប័ណ្ណខ្សាច់ ឱ្យធ្វើអាជីវកម្មបានទាន់ពេលវេលា និងការដោះស្រាយភាពមិនប្រក្រតី នៃការធ្វើ​អាជីវកម្ម​រ៉ែ​ផ្សេងទៀត ដោយអនាធិបតេយ្យ និងមិនត្រឹមត្រូវ តាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងក្រសួង។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ មីនា ២០១៥នេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​ឱ្យ​ដឹងថា ក្រសួងនឹងធ្វើការសិក្សា ពីទីតាំង នៅតាមដងស្ទឹង ទន្លេ ដើម្បីកំណាត់ថាកន្លែងណាអាចបូមខ្សាច់បាន ដើម្បី​បង្ក​ងាយស្រួល ក្នុងការផ្តល់អាជ្ញាប័ណ្ណដល់អាជីវករ ដែលធ្វើអាជីវកម្មបូមខ្សាច់។

លោកបន្តថា៖ «កន្លងទៅ យើងមិនបានធ្វើអញ្ចឹង គឺគាត់អ្នកសុំកន្លែងណា ស្រេចតែអ្នកអាជីវករគាត់សុំ គាត់សុំប៉ុណ្ណេះ សុំប៉ុណ្ណោះរួចយើងទៅសិក្សាម៉ាកន្លែង ដូច្នេះវាយឺត បើសិនជាយើងសិក្សាម៉ាបណ្តោយស្ទឹង បណ្តោយទន្លេឱ្យហើយ កំណត់ទីតាំងហើយស្រេច ពេលមានទីតាំងហើយអ្នកស្នើសុំធ្វើអាជីវកម្មយើងមានកន្លែងឱ្យគាត់ គាត់ត្រូវតែធ្វើទៅតាម​ទីតាំងដែលយើងតម្រូវឱ្យធ្វើ»។

លោកថាយុទ្ធសាស្រ្តថ្មីនេះ គឺជាវិធានការមួយ គឺដើម្បីដោះស្រាយបញ្ហា នៃការធ្វើអាជីវកម្មខ្សាច់ ក្នុងពេលខាងមុខនេះ ដោយលុបបំបាត់ ការធ្វើអាជីកម្មដោយអនាធិបតេយ្យ ដោះស្រាយបញ្ហា ការផ្តល់អាជ្ញាប័ណ្ណឱ្យបានឆាប់ និងដើម្បីឱ្យ​មាន​ខ្សាច់​គ្រប់គ្រាន់ បម្រើទីផ្សារសំណង់

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងផងដែរថា ក្រសួងបរិស្ថានបានតៀមខ្លួនជាស្រេច ក្នុងការ​សហការ​ជាមួយក្រសួងរ៉ែ និងថាមពលក្នុងការធ្វើការសិក្សា វាយតម្លៃឱ្យបានច្បាស់លាស់ នូវទីតាំងសម្រាប់ផ្តល់​អាជ្ញា​ប័ណ្ណ​ ធ្វើអាជីកម្មបូមខ្សាច់។

លោកបន្តថា ការសិក្សាត្រូវធ្វើជាប្រចាំយ៉ាងហោចណាស់ ក៏ត្រូវធ្វើក្នុងឆ្នាំម្តងដែរ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងសម្រេច​ចិត្ត នៅពេលដែលមានក្រុមហ៊ុន ស្នើសុំធ្វើអាជីវកម្មបូមខ្សាច់។

រដ្ឋមន្រ្តីក្រសួងបរិស្ថានរូបនេះ ពន្យល់បន្ថែមថា៖ «ការដុះដីនៅតំបន់ខ្លះ ក៏អាចថាវាខូងដីនៅកន្លែងផ្សេង នេះជាគឺជា​រឿង​មួយ ដែលយើងត្រូវសិក្សាឱ្យបានច្បាស់លាស់ ព្រោះកន្លែងខ្លះ ទាមទារឱ្យយើងបូមហើយ បើយើងមិនបូមទេ ការ​ធ្វើចរាចរណ៍កប៉ាល់ នឹងមានការពិបាក ហើយកន្លែងខ្លះ បើសិនជាយើងមិនបូមទេ វាធ្វើឱ្យច្រាំងទន្លេ កាន់តែបាក់​ខ្លាំង​ថែមទៀត ហើយយើងក៏ត្រូវឱ្យច្បាស់ដែរ ថាតើបូមត្រឹមកម្រិតប៉ុណ្ណាអាចបូមបាន ហើយយើងត្រូវតែតាមដាន ត្រួត​ពិនិត្យ​ឱ្យបានច្បាស់។ ឧទហរណ៍យើងបូម បូមតែក្នុងកម្រិតតែមួយម៉ែត្រ។ យើងសង្ឃឹមថាតាមរយៈវិធានការណ៍ថ្មីនេះ យើងអាចកាត់បន្ថយបានច្រើន នូវផលប៉ះពាល់ទៅនឹងបងប្អូនប្រជាជនយើង។»

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្ មបូមខ្សាច់ នៅកម្ពុជា ទាំងអស់១៤២ ក្នុងមាននៅរាជធានីភ្នំពេញមាន ៧  នៅខេត្តកណ្តាល មាន៤១ ខេត្តព្រៃវែងមាន៦ ខេត្តកំពង់ឆ្នាំងមាន៣ ខេត្តកំពង់ធំមាន១២ ខេត្តកំពង់ស្ពឺមាន១៣ ខេត្ត​កោះកុងមាន១០ ខេត្តកំពតមាន២២ ខេត្តព្រះសីហនុមាន៧ ក្រុងកែបមាន៣ ខេត្តតាកែវមាន៣ ខេត្តពោធិ៍សាត់៩ ខេត្ត​សៀមរាប៤ និងខេត្តស្ទឹងត្រែង មាន៦ក្រុមហ៊ុន។ ហើយក្រុមហ៊នទាំងនោះ មានបូមនៅតាមស្ទឹង ទន្លេ ដូចជា​ទន្លេ​បាសាក់ ទន្លេមេគង្គជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...