កម្ពុជានឹងមានហ្វីបអុបទីក កម្លាំង ១០០ G ប្រើក្នុងពេលឆាប់ៗ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - យកការណ៍៖ ក. វិច្ចនី - បារីស ថ្ងៃទី ២៥ មីនា ២០១៥
- កែប្រែចុងក្រោយ: March 26, 2015
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធើណែត ឆ័ន វ៉ៃ នឹងតម្លើងលទ្ធភាពរបស់ខ្លួនដល់កំពូល់ ដោយគ្រោងនឹងបំពាក់ឲ្យប្រទេសកម្ពុជា នូវបណ្ដាញផ្គត់ផ្គង់ដំបូងគេមួយ ហៅថា ហ្វីបអុបទិក (fibre optique) មានកម្លាំងរត់ ១០០Gbit ក្នុងមួយវិនាទី។ គម្រោងនេះ នឹងធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃភ្ជាប់បណ្ដាញសេវាកម្ម អ៊ិនធើណែតដែលមានល្បឿនលឿន នៅក្នុងប្រទេស ដែលមានកំណើតសេដ្ឋកិច្ច ដែលមានក្នុងកម្រិត ៧% រួមផ្សំនឹងការធ្វើវិនិយោគទុន យ៉ាងសន្ធឹកសន្ធាប់នោះ។
សេវាកម្មផ្គត់ផ្អង់អ៊ិនធើណែត ហ្វីបអុបទីក នឹងត្រូវប្រើបច្ចេកវិទ្យា 1830 PSS របស់ក្រុមហ៊ុនបារាំង ដ៏ល្បីមួយ ឈ្មោះ អាល់កាតែល លូសេន ដែលមានជំនាញ ខាងទូរគមនាគមន៍ ជាច្រើនឆ្នាំមកហើយ។ លោក អេរិច លី (Eric Lee) អគ្គនាយកក្រុមហ៊ុន ឆ័ន វ៉ៃ បានថ្លែងឡើងថា៖ «យើងស្វែងរកបច្ចេកវិទ្យាមួយ ដែលអាចផ្ដល់ជូននូវសមត្ថភាព និងប្រសិទ្ធិភាពកម្រិតខ្ពស់ ប្រកបដោយការរំពឹង ទៅមុខវែងឆ្ងាយ ដើម្បីដាក់ក្នុងរចនាសម្ព័ន្ធរបស់យើង ដែលអាចមានកម្លាំងរហូតដល់ទៅ ៤០០ G ឬច្រើនជាងនេះ»។
ជាមួយនឹងប្រព័ន្ធហ្វីបអុបទីកនេះ ក្រុមហ៊ុនបារាំង ក៏នឹងរៀបចំឲ្យដំណើរការ នូវប្រព័ន្ធបណ្ដាញ DWDM មកជាមួយដែរ ដើម្បីការប្រាស័យទាក់ទង ដ៏ធំទូលាយ ទាំងនៅក្នុងស្រុក ឬនៅបរទេស និងប្រព័ន្ធផ្សេងៗទៀត ដែលអនុញ្ញាឲ្យអ្នកប្រើប្រាស់ អាចផ្ទុកទិន្និន័យ នៅក្នុងមជ្ឈមណ្ឌលមួយ ឬអាចទស្សនាទូរទស្សន៍បាន ក្នុងគុណភាពខ្ពស់ HD។
កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុនបារាំង អាល់កាតែល លូសេន ក៏បានរៀបចំតបណ្ដាញស្រដៀងគ្នានេះ នៅក្នុងប្រទេសនីហ្សេរីយ៉ាងដែរ។ គម្រោងនោះ នឹងអនុញ្ញាតឲ្យប្រទេស ដែលមានប្រជាជនច្រើនជាងគេ នៃទ្វីបអាហ្វ្រិកកណ្ដាល មួយនេះ អាចធ្វើទំនើបកម្ម នៅក្នុងប្រព័ន្ធទូរគមនាគមន៍ របស់ខ្លួន៕