អ្វីជាបញ្ហានៅក្រោយជម្លោះរវាង សម រង្សី និង គង់ គាំ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៥ មីនា ២០១៥
- កែប្រែចុងក្រោយ: March 26, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃទី២៤ ខែមីនាម្សិលម៉ិញនេះ លិខិតមួយច្បាប់ របស់គណបក្ស សម រង្ស៊ី ដែលមានលោក គង់ គាំ ជាប្រធាន បានបែកធ្លាយ ផ្សាយចេញជាសាធារណៈ។ ក្នុងលិខិតនោះ ជាសេចក្តីសម្រេច នៃកិច្ចប្រជុំគណៈកម្មការ អចិន្ត្រៃយ៍ គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះកន្លងទៅ។
សេចក្តីសម្រេចនៃកិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្ស សម រង្ស៊ី ដែលគ្មានវត្តមាន របស់លោក គង់ គាំ ជាប្រធាន និងមានលោក ទាវ វណ្ណុល ជាតំណាងនោះ បានសម្រេចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី ជាសមាជិកព្រឹទ្ធសភាដដែល។ តាមសេចក្តីសម្រេច លើចំណុចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី នេះ ទំនងជាមិនមានការពេញចិត្ត ពីលោក គង់ គាំ ឡើយ។ ទើបក្នុងថ្ងៃទី២៤ ខែមីនានេះ លោក គង់ គាំ ដែលជាប្រធានគណបក្ស សម រង្ស៊ី បានចារលើសេចក្តីសម្រេចនោះ ថា៖ «លោកប្រធាន សម រង្ស៊ី បានក្រឡះសំដី កាលពីនៅប៉ារីស អំពីករណីលោកស្រី ឡាក់ ឡានី។ បើប្រកាន់សច្ចះ គឺត្រូវប្តូរពាក់កណ្តាលអាណត្តិ។»
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២៥ ខែមីនា នេះ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានទទួលស្គាល់ទាំងចំណារ និងហត្ថលេខា លើសេចក្តីសម្រេចនោះថា ជារបស់លោកពិតប្រាកដមែន។ តែលោក មិនបានធ្វើការបកស្រាយអ្វី លំអិតចំពោះបញ្ហា ដែលបានកើតឡើងនេះ ថានឹងត្រូវធ្វើការដោះស្រាយ ជាបន្តយ៉ាងណាឡើយ។ លោកគ្រាន់តែបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមានអី បកស្រាយផង។ (…) ខ្ញុំមានឯកសារ របស់គណបក្ស សម រង្ស៊ី ចំណារហ្នឹងហើយ ជារបស់ខ្ញុំពិតប្រាកដ។»
តាមសេចក្តីសម្រេច ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្នុងរបៀបរវៈទី៣ ដែលបានលើកឡើង ពីឈ្មោះអ្នកស្រី ថាក់ ឡានី ដែលបច្ចុប្បន្ន ជាសមាជិកព្រឹទ្ធសភា ត្រូវដល់ពេលផ្លាស់ប្ដូរ ពាក់កណ្ដាលអាណត្ដិ និងជំនួសមកវិញ នូវអ្នកបន្ទាប់។ ក្នុងសេចក្តីសម្រេចដដែលនេះ ត្រង់ចំណុចទី៣ លោកសម រង្ស៊ី មិនបានធ្វើការផ្លាស់ប្តូរ ឈ្មោះចាស់ និងជំនួសអ្នកថ្មីវិញទេ ដែលខុសទៅនឹងការសន្យា នាពេលកន្លងមក ហើយដែលជាហេតុ ធ្វើឲ្យលោក គង់ គាំ ឆេះដុំខ្លាំងឡើង។
តាមសេចក្តីសម្រេច ខាងលើត្រង់ចំណុចទីបី ដែលបានសរសេរថា៖ «ករណីលោកស្រី ថាក់ ឡានី លោកប្រធាន សម រង្ស៊ី បានសម្រេចឲ្យនៅជា សមាជិកព្រឹទ្ធសភាដដែល គឺមិនមានការផ្លាស់ប្ដូរទេ។» បានធ្វើឲ្យលោក គង់ គាំ ដែលមានវ័យចំណាស់ជាងនោះ យកសិទ្ធិក្នុងនាមចាស់ទុំផង និងក្នុងនាមជាប្រធានគណបក្ស សម រង្ស៊ី ផង មកធ្វើការវាយប្រហារ យ៉ាងចាស់ដៃ តាមរយៈការចារ លើសេចក្តីសម្រេចនោះ ជាមួយនឹងពាក្យ «លោកប្រធាន សម រង្ស៊ី បានក្រឡះសំដី។ (…) បើប្រកាន់សច្ចះ គឺត្រូវប្តូរ…។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីមន្រ្តីនាំពាក្យ នៃគណបក្សសង្គ្រោះជាតិ បានទេក្នុងថ្ងៃនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ ចំពោះបញ្ហាជម្លោះ តាមរយៈចំណារររបស់ លោក គង់ គាំ ទៅលើលោក សម រង្សី ត្រូវបានមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិមួយរូប ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី បានបង្ហាញថា នេះគ្រាន់តែជាល្បែងនយោបាយប៉ុណ្ណោះ។ ហើយល្បែងនេះ នឹងមានជាបន្តបន្ទាប់ទៀត។ លោកបន្តថា នេះជាល្បែងមួយ ដែលថ្នាក់ដឹកនាំគណបក្សទាំងអស់ ធ្វើការជម្រុះអ្នក ដែលមិនមកធ្វើការ អ្នកមកហើយ មិនព្រមធ្វើការ និងអ្នកមកអង្គុយចាំ ទទួលផលជាដើម។ មន្រ្តីដែលសុំ មិនបញ្ចេញឈ្មោះរូបនេះ បាននិយាយថា៖ «ជាល្បែង ដែលត្រូវធ្វើការជម្រុះ ជើងខ្សោយចោល។ ជាល្បែងនយោបាយ ដែលត្រូវបាននិយាយគ្នារួចរាល់ មុននឹងបញ្ចេញឯកសារនេះ។»
សូមរំលឹកថា គណបក្ស សម រង្ស៊ី បានដាក់ចេញនូវគោលការណ៍មួយ ក្នុងការបែងចែកអំណាច និងសិទ្ធិនានា ជាតំណាងរាស្រ្តក្នុងរដ្ឋសភា និងព្រឹទ្ធិសភា ដោយម្នាក់ៗ ត្រូវផ្លាស់ប្តូរវេនគ្នា ពាក់កណ្តាលអាណត្តិម្តង ដើម្បីទុកលទ្ធភាព អ្នកលេខរៀងបន្ទាប់ បានអង្គុយកៅអីរដ្ឋសភា និងព្រឹទ្ធសភា ក្រោមការខិតខំរបស់ពួកគេ ដែលតស៊ូជ្រោមជ្រែង ជួយគណបក្សរៀងមក។ នេះជាការសម្រេច របស់លោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៨ នារាជធានីបាងកក ប្រទេសថៃ ដែលត្រូវធ្វើការលើកទឹកចិត្ដ ដល់សកម្មជនដែលបានតស៊ូ ជាមួយគណបក្ស។ នេះបើតាមការអះអាងបន្ថែម ពីមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្ក្រោះជាតិ ខាងលើ។
យ៉ាងណាក៏ដោយ សម្រាប់ល្បែងនយោបាយ នៅកម្ពុជា «អ្នកតូច គឺជាចំណីរបស់អ្នកធំ»។ អ្នកធំត្របាក់ មិនដែលខុស ឯអ្នកតូចវិញគ្រាន់តែលិត ឬប៉ះត្រូវតែមានទោស។ នយោបាយនៅកម្បុជា សុទ្ធតែជានយោបាយបែប «ប្រជាភិថុត» ដើម្បីតែឋានៈ និងអំណាចប៉ុណ្ណោះ។ នេះ បើតាមការបកស្រាយ របស់អតីតសាស្ត្រាចារ្យមួយរូប ពីពុទ្ធិករសកលវិទ្យាល័យ ព្រះសីហនុរាជ រាជធានីភ្នំពេញ ដែលបានថ្លែងក្នុងល័ក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះ៕