អតីតរដ្ឋមន្ត្រីមហាផ្ទៃបារាំង ជាប់ចោទពីបទ«លាងប្រាក់»
លោក ក្លូដ ហ្គេអង់ (Claude Guéant) ត្រូវបានចៅក្រមស៊ើបអង្កេតបារាំង ចោទប្រកាន់ក្នុងជំហានដំបូង កាលពីយប់ថ្ងៃសៅរ៍នេះ ដើម្បីសាកសួរចម្លើយ ពីបទ«កុហក លាងសម្អាតការលួចបន្លំប្រាក់បង់ពន្ធ និងបន្លំប្រាក់បង់ពន្ធ»។ នេះបើតាមសម្ដីផ្ទាល់ របស់លោក ហ្វីលីព ប៊ូឆេ អែល-ហ្គូហ្សី (Philippe Bouchez el-Ghozi) មេធាវីការពារក្ដីឲ្យលោក ក្លូដ ហ្គេអង់។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតដៃស្ដាំ របស់អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី ត្រូវបានចៅក្រមសាកសួរ នៅក្នុងថ្ងៃដដែល និងត្រូវបានឃាត់ខ្លួន កាលពីថ្ងៃម្សិលម៉ិញ ដោយនគរបាលយុត្តិធម៌បារាំង។
នគរបាលបារាំង កំពុងធ្វើការអង្កេត ទៅលើសំនុំរឿងសង្ស័យមួយ ទាក់ទងនឹងការផ្ដល់ថវិការ ពីសំណាក់អតីតមេដឹកនាំរបបផ្ដាច់ការ លោក មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) នៅប្រទេសលីប៊ី មកផ្គត់ផ្គង់យុទ្ធនាការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី របស់បេក្ខជនលោក នីកូឡា សាកូហ្សី [...]