ភាគ​បន្ត​នៃ​សម្បថ​ឲ្យ​ងាប់​តៃហោង ហ៊ុន សែន-​សម រង្ស៊ី

មិនមែនលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មិនតបតរ ទៅនឹងការចាប់បង្ខំឲ្យស្បថ កាលពីដើមសប្ដាហ៍នេះ ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិនោះទេ។ ប៉ុន្តែមេដឹកនាំប្រឆាំង ត្រូវការពេលរហូតដល់ទៅ៤ថ្ងៃ ដើម្បីឆ្លើយតប ដោយវាយប្រហារត្រឡប់ទៅវិញ ខ្លាំងៗ ហៅលោក ហ៊ុន សែន ដែលបង្ខំគេឯងឲ្យស្បថ ថាជាមនុស្សអវិជ្ជា ទាល់ច្រក និងមិនទទួលខុសត្រូវ។
ភាគ​បន្ត​នៃ​សម្បថ​ឲ្យ​ងាប់​តៃហោង ហ៊ុន សែន-​សម រង្ស៊ី
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន កំពុងខ្សឹបខ្សៀវគ្នា នៅក្នុងរដ្ឋសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១១។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 10, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មិនតបតរ ទៅនឹងការចាប់បង្ខំឲ្យស្បថ កាលពីដើមសប្ដាហ៍នេះ ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិនោះទេ។ ប៉ុន្តែមេដឹកនាំប្រឆាំង ត្រូវការពេលរហូតដល់ទៅ៤ថ្ងៃ ដើម្បីឆ្លើយតប ដោយវាយប្រហារត្រឡប់ទៅវិញ ខ្លាំងៗ ហៅលោក ហ៊ុន សែន ដែលបង្ខំគេឯងឲ្យស្បថ ថាជាមនុស្សអវិជ្ជា ទាល់ច្រក និងមិនទទួលខុសត្រូវ។

នៅចំពោះការបបួលស្បថ ដែលប្រែក្លាយ ជាការបង្ខំឲ្យស្បថ ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិកម្ពុជា លោក សម រង្ស៊ី បានវាយបកវិញ យ៉ាងចាស់ដៃ។ មេដឹកនាំប្រឆាំង ដ៏លេចធ្លោរបស់កម្ពុជា មិនត្រឹមតែមិនឆ្លើយតប ចូលរួមស្បថជាមួយលោក ហ៊ុន សែន ទេ តែលោកបានហៅបុរសខ្លាំងកម្ពុជា ដែល​«បបួលគេឯងស្បថស្បែ ពីរឿងប្រទេសជាតិ»​ដូច្នេះ ថាជាមនុស្ស«អវិជ្ជា ទាល់ច្រក និងមិនទទួលខុសត្រូវ»។

ប្រធានចលនាសង្គ្រោះជាតិ ដែលគេដឹងថា កំពុងមានវត្តមាន​ក្នុង​ភាគខាងត្បូង​ប្រទេសបារាំង បានពន្យល់ពីការលើកឡើងខាងលើ របស់លោកថា៖ 

«១- អវិជ្ជា៖ ហ៊ុន សែន មិនបានរៀនចប់អនុវិទ្យាល័យផង ដែលជាចំណុចខ្សោយមួយ សម្រាប់អ្នកដឹកនាំប្រទេស។ គាត់មិនអាចក្តាប់បាន នូវជំនាញបច្ចេកទេស ក្នុងការដឹកនាំប្រទេស ជាពិសេស ការបង្ហាញពីការពិត និងពីការងារជាក់ស្តែង តាមក្បួនវិទ្យាសាស្ត្រ។ ដូច្នេះហើយ បានជាគាត់ ត្រូវបែរទៅរកអបិយជំនឿវិញ។»

«២- ទាល់ច្រក៖ ចោរដែលគេចាប់បាន កំពុងតែលួចជាក់ស្តែង ដូច ហ៊ុន សែន ឥឡូវនេះ វាស្ថិតក្នុងភាពទាល់ច្រក ពីព្រោះវាមិនអាចរកភស្តុតាងអ្វី អាចជួយដោះសារវាបាន មានតែសុំស្បថថា វាមិនមែនចោរទេ។»

«៣- មិនទទួលខុសត្រូវ៖ ក្នុងតួនាទីរបស់គាត់ ជាអ្នកដឹកនាំប្រទេស ហ៊ុន សែន បង្ហាញចរិកមិនទទួលខុសត្រូវ ពីអ្វីដែលគាត់បានធ្វើ ឬមិនបានធ្វើ ពីព្រោះការគ្រាន់តែស្បថស្បែ ជាការគេចវេស ពីកាតព្វកិច្ចបង្ហាញការពិត តាមបច្ចេកទេស គ្រប់គ្រងកិច្ចការសាធារណៈ និងទំនាក់ទំនងសាធារណៈ។ ឧទាហរណ៍ ៖ ដើម្បីឲ្យមហាជនឃើញច្បាស់ ពីការពិត ទាក់ទងទៅនឹងការបោះឆ្នោត ត្រូវតែរាប់សន្លឹកឆ្នោតឡើងវិញ ដោយមានសាក្សីឯករាជ្យជាច្រើនចូលរួមផងដែរ។ វិធីបែបនេះ គឺជាវិធីសមស្របតែមួយគត់ ដើម្បីបង្ហាញការពិត សម្រាប់អ្នកដែលមានស្មារតី ទទួលខុសត្រូវ។»

កាលពីថ្ងៃល្ងាចថ្ងៃចន្ទ លោក ហ៊ុន សែន បានបង្ខំឲ្យលោក សម រង្ស៊ី ត្រូវតែចូលរួមស្បថជាមួយលោក និងហៅលោក សម រង្ស៊ី ថាជាមនុស្សកំសាក ដែលមិនហ៊ាន​ «ស្បថឲ្យងាប់តៃហោង» ជាមួយលោក ដែលលោកហៅថា ជា«ការលេងបែបផ្លូវងងឹត»។ ការបង្ខំនោះ ត្រូវបានលោក ហ៊ុន សែន ធ្វើឡើងតាម​រយៈ​​ប្រព័ន្ធ​​ឃោសនា​​របស់លោក បន្ទាប់ពីលោក សម រង្ស៊ី ឆ្លើយតបថាការបបួលស្បថ ជាជា​វិធី​ឃ្លាត​ឆ្ងាយ​ពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​ជាក់ស្តែង ហើយបានប្រាប់លោក ហ៊ុន សែន ឲ្យមានគំនិតជឿនលឿនបន្តិចទៅ។

ប៉ុន្តែចម្លើយរបស់លោក សម រង្ស៊ី ត្រូវបានលោក ហ៊ុន សែន ច្រានចោល ​ដោយអះអាងថា រូបលោក និងលោក សម រង្ស៊ី បានលេងតាម​បែបវិទ្យាសាស្ត្រនេះ អស់រយៈពេល ជាង២០ឆ្នាំហើយ។ នាយករដ្ឋមន្ត្រីផុតអាណត្តិរបស់កម្ពុជា បានអះអាងថា៖ 

«មិនបាច់លើកហេតុផលស្រាវជ្រាវ បែបវិទ្យាសាស្ត្រអ្វីនោះទេ។ លោកឯងឆ្លើយមក តើលោកឯងហ៊ានស្បថ ឲ្យងាប់តៃហោង ទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធ យ៉ាងតិច១០០នាក់ដែរឬទេ ? ព្រោះយើងទាំងពីរនាក់ ធ្លាប់បានលេង បែបវិទ្យាសាស្រ្តនេះ ជាមួយគ្នា អស់ជាង២០ឆ្នាំ មកហើយ។»

លោក ហ៊ុន សែន បន្តថា៖ «ខ្ញុំសូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយធ្វើសាក្សី និងរង់ចាំ​មើល តើ សម រង្ស៊ី ក្លាហានហ៊ានស្បថ ជាមួយខ្ញុំដែរឬទេ? បើមិនហ៊ានស្បថទេ នោះអ្នកឯង ជាជនកំសាក ក្បត់ជាតិ ខ្លាចងាប់ ដូចខ្មោចឪពុកចោលឆ្អឹង នៅក្រៅប្រទេស និងទង្វើដែលអ្នកឯងបានធ្វើ ពិតជាបោកប្រាស់ យ៉ាងពិតប្រាកដ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...