សម រង្ស៊ី ថាលោកត្រូវ ហ៊ុន សែន ជួលឃាតករបរទេសតាមសម្លាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
- កែប្រែចុងក្រោយ: August 10, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ដោយសារតែ សម រង្ស៊ី ជាបន្លាធំជាងគេ ក្នុងភ្នែកគាត់ ហ៊ុន សែន កំពុងជួលឃាតករបរទេស ឲ្យប៉ុនប៉ងសម្លាប់ សម រង្ស៊ី នៅប្រទេសបារាំង» នេះ ជាការលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើល របស់លោក សម រង្ស៊ី នៅក្នុងអត្ថបទបង្ហោះនៅលើបណ្ដាញសង្គម ដែលមេដឹកនាំប្រឆាំងរូបនេះហៅថា ជា«ដំណឹងខ្លីៗ»។
ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេសកម្ពុជា ដើម្បីបញ្ជៀសពីការចាប់ខ្លួន ដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានពន្យល់នៅក្នុងអត្ថបទបង្ហោះនោះថា៖ «កាលពី ៤-៥ ខែមុន ហ៊ុន សែន បាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់របស់គាត់ ឲ្យទៅចាប់ សម រង្ស៊ី នៅឯបរទេស ហើយបញ្ជូន សម រង្ស៊ី ទាំងបង្ខំ និងទាំងលួចលាក់ ទៅប្រទេសកម្ពុជា។ តែឥឡូវនេះ ដោយសារតែគាត់ ជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើប ហ៊ុន សែន សម្រេចជួលឃាតករ ឲ្យសម្លាប់ សម រង្ស៊ី តែម្តង។»។
លោក សម រង្ស៊ី បានបន្តឲ្យដឹងទៀតថា៖ «អាជ្ញាធរបារាំង បានដឹងពីគម្រោងដើមរបស់ ហ៊ុន សែន ដែលចង់លួចចាប់ សម រង្ស៊ី លើទឹកដីបារាំង ហើយច្បាស់ជាបានព្រមាន ហ៊ុន សែន កុំឲ្យគាត់ប៉ុនប៉ង អនុវត្តគម្រោងបែបហ្នឹង ពីព្រោះខ្លួនគាត់ ក៏មិនរួចខ្លួនដែរ»។
រហូតមកដល់ពេលនេះ មិនមានប្រភពណាផ្សេង អះអាងដូចគ្នា ឬអះអាងពាក់ព័ន្ធ នឹងការលើកឡើងខាងលើ របស់មេដឹកនាំប្រឆាំងដ៏លេចធ្លោ របស់ប្រទេសកម្ពុជានោះទេ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមស្វែងរកព័ត៌មានបន្ថែមទៀត ជាពិសេសពីសំណាក់អាជ្ញាធរបារាំង ហើយនឹងចេញផ្សាយព័ត៌មានថ្មីនោះ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។
ការព្រមានប្រើភ្នាក់ងារចារកម្ម ឬគិញសម្ងាត់ ឲ្យតាមចាប់ខ្លួនលោក សម រង្ស៊ី ពីសំណាក់លោក ហ៊ុន សែន ត្រូវបានធ្វើឡើងចំនួនពីរដង៖ ម្ដងមុន នៅក្នុងខែវិច្ឆិកា ឆ្នាំទៅម៉ិញ និងម្ដងទៀត នៅដើមខែកុម្ភៈ កន្លងទៅនេះ។ ប៉ុន្តែការព្រមាននោះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា អាចធ្វើទៅបាន តែក្នុងករណីលោក សម រង្ស៊ី មានវត្តមានលើទឹកដីអាស៊ីប៉ុណ្ណោះ។
ដូចក្នុងការថ្លែងរបស់លោក ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំទៅម៉ិញដូច្នេះថា៖ «អ្នកឯងមិនរួចខ្លួនទេ។ ហើយសុំ កុំមកក្បែរប្រទេសអាស៊ីខ្លាំងពេក កុំភ្លេចឲ្យសោះ ថាអ្នកឯងមក... ធម្មតាការបញ្ជូនចារកម្មចេញ ដើម្បីចាប់ខ្លួនអ្នកឯង ចាប់បានតើ។ រឿងអី ដែលអ្នកឯងអំពាវនាវឲ្យកងទ័ព ឲ្យបែរអាវុធមកប្រឆាំងរដ្ឋាភិបាល?»។
នៅពេលនោះ លោក សម រង្ស៊ី បានប្រតិកម្មតបវិញថា៖ «លោក ហ៊ុន សែន (...) កំពុងអនុវត្តន៍ តាមបែបរបបកុម្មុយនីស្ដវៀតណាម ដូចក្នុងករណីអ្នកប្រឆាំងវៀតណាមម្នាក់ ដែលត្រូវបានចាប់ពង្រត់ចេញ ពីប្រទេសអាល្លឺម៉ង់ កាលពីខែសីហា [ឆ្នាំ២០១៧] ដោយភ្នាក់ងារសម្ងាត់វៀតណាម របស់ក្រុង ហាណូយ។»។
មេដឹកនាំប្រឆាំងដ៏លេខធ្លោ របស់កម្ពុជា នៅបានបង្ហើបទៀតថា៖ «លោក ហ៊ុន សែន នឹងត្រូវប្រឈមនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ [ហៅកាត់ជាភាសាអង់គ្លេស ICC និងជាភាសាបារាំង CPI] ប្រសិនជាគាត់ព្យាយាមធ្វើបែបនេះ»៕