ផៃ ស៊ីផាន ផ្ដល់ចម្លើយខុសគ្នា ដើម្បីប្រតិកម្មតបអាមេរិក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
- កែប្រែចុងក្រោយ: August 09, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានចង្វាក់ជាច្រើន ដែលលោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវលោតរាំ ក្នុងការឆ្លើយតបនឹងការថ្លែងឡើង របស់មន្ត្រីផ្លូវការ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសធំៗជាច្រើនទៀត ជុំវិញការបោះឆ្នោតជាតិ នីតិកាលទី៦ នៅកម្ពុជា។ ហើយចង្វាក់រាំទាំងនោះ អាចខុសគ្នាទាំងស្រុង រហូតមានកម្រិត ១៨០ឌឺក្រេ ដែលហាក់ដូចជាភាពខុសគ្នា រវាងចង្វាក់រាំក្បាច់ និងចង្វាក់រាំឡាំលាវ។
ប្រតិកម្មភ្លាមៗ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងថ្ងៃតែមួយនៃការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា បានជំរុញឲ្យមន្ត្រីអ្នកនាំពាក្យ រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាំបាច់ត្រូវចេញមុខឆ្លើយតប។ នោះគឺការប្រកាសទាត់ចោលទាំងស្រុង នូវប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិក ដោយភ្ជាប់ការទាត់ចោលនោះ ទៅនឹងភាសាហៅរដ្ឋាភិបាលអាមេរិក ថាជា «បរទេស ដែលជាអតីតអាណានិគម មកលើកម្ពុជា ក៏ដូចជាក្រុមដែលតាំងខ្លួន ជាពូជសាសន៍ ដែលមានឧត្តមភាព ឬចក្រពត្តិនិយម ដែលតែងតែជ្រៀតជ្រែកសម្រេចជោគវាសនា ជំនួសប្រជាពលរដ្ឋខ្មែរ»។
ការឆ្លើយតបរបស់លោក ផៃ ស៊ីផាន បានធ្វើឡើង នៅថ្ងៃទី៣១ ខែកក្កដា ពោលគឺពីរថ្ងៃ បន្ទាប់ពីការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស។ លោកបានលើកឡើងថា៖ «បុគ្គលណា ក្រុមណា ឬប្រជាជាតិណា រួមទាំងអង្គការអន្ដរជាតិនានា តាំងខ្លួនប្រឆាំងនឹងការបោះឆ្នោត ឬលទ្ធផល នៃការបោះឆ្នោត គឺពិតប្រាកដប្រឆាំង នឹងកម្ពុជាទាំងមូល»។
បន្ទាប់មកទៀត ក្នុងថ្ងៃម្សិលម៉ិញតែមួយ លោក ផៃ ស៊ីផាន ត្រូវផ្លាស់ប្ដូរចម្លើយរបស់លោក ជាច្រើនដង ទាក់ទងនឹងការលើកឡើង របស់លោក «Randall G. Schriver» ឧបការីរដ្ឋមន្រ្តីការពារជាតិ អាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីភិច កាលពីថ្ងៃអង្គារទី៧ ខែសីហា ឆ្នាំ២០១៨។ ឧបការីរូបនេះ បានអះអាង ហៅការបោះឆ្នោតជាតិ នៅកម្ពុជា ថាជាការបោះឆ្នោត «ក្លែងក្លាយ» ស្នើឲ្យដោះលែងលោក កឹម សុខា និងបានបញ្ជាក់ឡើងវិញ ពីសេចក្តីថ្លែងការណ៍ របស់សេតវិមានថា សហរដ្ឋអាមេរិកនឹងមានវិធានការថែមទៀត។
ចម្លើយដំបូង របស់លោក ផៃ ស៊ីផាន ទៅកាន់បណ្ដាញសារព័ត៌មានក្នុងស្រុក បានចាត់ទុកការលើកឡើង របស់លោក «Randall G. Schriver» ថាជាការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិក ក្នុង «ភាពស្លន់ស្លោ» មួយ។
តែនៅប៉ុន្មានម៉ោងក្រោយមក អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានថ្លែងផ្ទុយទៅវិញថា៖ «ការលើកឡើងរបស់ឧបការីរូបនេះ រិតតែបង្ហាញអោយឃើញយ៉ាងច្បាស់ថា គឺជាការស្វែងរកឧកាស ក្នុងកិច្ចពិភាក្សា និងសហការ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ ពិតប្រាកដណាស់ ហេីយពិតជាការទទួលស្គាល់ជាផ្លូវការ នៃទំនាក់ទំនងកិច្ចការ ផ្លូវរដ្ឋរវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈ ប្រមុខរាជរដ្ធបាល គឺសម្តេច តេជោ»។
បន្ទាប់ពីពន្យល់ថា ករណីលោក កឹម សុខា ជាដែនសមត្ថកិច្ចរបស់តុលាការ និងកំពុងស្ថិតនៅក្នុងដំណើរការ នៃនីតិវិធីរបស់តុលាការនោះ លោក ផៃ ស៊ីផាន បានលោតរាំចង្វាក់មុនដដែលវិញ ដោយហៅការចាត់វិធានការ មកលើកម្ពុជា ថាជាទង្វើ«ខ្លាចឥទ្ធិពលចិន» មកលើកម្ពុជា ហើយចាត់ទុកការលើកឡើង របស់លោក «Randall G. Schriver» ថាហាក់ស្ថិត ក្នុង«ភាពស្លន់ស្លោ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងថា៖ «ព្រមានចាត់វិធានការបន្ថែម មកលើកម្ពុជាគឺ ជាប្រតិកម្មមិនសមហេតុផល ដោយយខ្លាចឥទ្ធិពលចិន មកលើកម្ពុជា គឺជាបំណងប្រកបដោយអយុត្តិធម៌ និងការជ្រៀតជ្រែក។ ការលើកឡើងរបស់ឧបការីរូបនេះ មិនត្រឹមតែមិនមានមូលដ្ឋានសុច្ចរិត ច្បាស់លាស់នោះ ក៏ប៉ុន្តែហាក់បីដូចជា ស្ថិតនៅក្នុងភាពស្លន់ស្លោ ដោយយល់ឃើញថាកម្ពុជា ស្និតជាមួយចិន ហើយយកសហរដ្ឋអាមេរិកជាសត្រូវ។»។
លោកបន្តថា៖ «កម្ពុជា មានជំហរច្បាស់លាស់ មិនយកប្រជាជាតិណា ទោះបីជាមាននិន្នាការនយោបាយ ព័ណ៌សម្បុរណាក៏ដោយ ក៏កម្ពុជាចាត់ទុកថាជាមិត្តទាំងអស់។ កម្ពុជាមានអធិបតេយ្យភាព ឯករាជ្យគ្រប់គ្រាន់ ក្នុងកិច្ចសហការថែរក្សាសន្តិភាព និងកិច្ចសហការ ដើម្បីការរីកចម្រើន និងវិបុលភាព សម្រាប់មនុស្សជាតិ ទាំងអស់។ កម្ពុជា ក៏ដូចជាប្រជាជាតិអាស៊ានទាំងមូល រក្សាស្ថានភាពនយោបាយរួម មិនអោយធ្លាក់ចូល ក្នុងឥទ្ធិពលភូមិសាស្រ្តនយោបាយនោះឡើ់យ កម្ពុជាផ្ទាល់ សម្ដែងការសោកស្ដាយចំពោះការយល់ ច្រឡំរបស់ឧបការីរូបនេះចង់ទាញ ឬលាបពរណ៌កម្ពុជា ឲ្យធ្លាក់ខ្លួនក្នុង ភូមិសាស្រ្តនយោបាយរបស់ខ្លួន ក្នុងការតតាំង ប្រឆាំងជាមួយចិន។»៕