បក្សហ្វ៊ុនស៊ិនប៉ិចលេបថ្មលេបគ្រួស នឹងចំណាត់ថ្នាក់ទី២
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
- កែប្រែចុងក្រោយ: August 09, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ពីការបោះឆ្នោតជាតិ នីតិកាលទី២ ក្នុងឆ្នាំ១៩៩៨មក គណបក្សហ្វ៊ុនស៊ីនប៉ិច បានធ្លាក់ខ្លួនរហូត មុននឹងបាត់ខ្លួន សូន្យឈឹងតែម្ដង នៅក្នុងការបោះឆ្នោតជាតិ នីតិកាលទី៥។ តែនៅនីតិកាលទី៦ បើទោះជាគណបក្សមួយនេះ ដឹងថា «លទ្ធផលនៃការបោះឆ្នោត មិនបានសមស្របនឹងស្ថានភាព ជាក់ស្តែងក៏ដោយ» តែគណបក្សបានអួតអាង ពីការកើនឡើងនៃការគាំទ្រ ដែលធ្វើឲ្យខ្លួនមានចំណាត់ថ្នាក់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។
នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សហ្វុនស៊ីនប៉ិច ដែលចេញផ្សាយកាលពីម្សិលម៉ិញ និងដែលចុះហត្ថលេខា ដោយលោក យូ ហុកគ្រី អនុប្រធានគណបក្ស។ អត្ថបទផ្លូវការនោះ បានសរសេរថា៖ «ទោះបីជាលទ្ធផលនៃការបោះឆ្នោត មិនបានសមស្របនឹងស្ថានភាព ជាក់ស្តែងក៏ដោយ ក៏យើងបានសង្កេតឃើញថា គណបក្សហ្វ៊ុនស៊ីនប៉ិច មានសំឡេងកើនឡើង គួរឲ្យកត់សម្គាល់ ដែលអាចឈរលំដាប់លេខ២ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួម ក្នុងការបោះឆ្នោតកន្លងទៅនេះ»។
សេចក្ដីថ្លែងការណ៍ បានសរសេរថ្លែងអំណរគុណ ថ្នាក់ដឹកនាំ សមាជិក សមាជិការបស់ខ្លួន ដែលបានបំពេញការងារ ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះសមាជិក សមាជិកា នៃគណបក្ស បងប្អូនប្រជារាស្ត្រម្ចាស់ទឹក ម្ចាស់ដី ម្ចាស់អំណាច ដែលគណបក្សមួយនេះ និយាយថា «បាននាំគ្នាអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជ្រើសរើសគណបក្ស ដែលខ្លួនពេញចិត្ត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»។
ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា បានផ្ដល់ជ័យជំនះ និងអសនៈសភាសឹងតែទាំងស្រុង ទៅឲ្យគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសម្លេងឆ្នោត ៤.៨៧៥.១៨៩ សំឡេង ស្មើនឹង ៧៦,៧៨% ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលឈរលំដាប់លេខរៀងទី២ ទទួលបានសំឡេង ៣៧៣.៥២៦សំឡេង។ នេះ បើតាមលទ្ធផលបឋម ដែលផ្ដល់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
ការបោះឆ្នោតជាតិ នីតិកាលទី៦នេះ បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីបណ្ដាមតិជាតិមួយភាគ និងពីសហគមន៍អន្តរជាតិជាទូទៅ ជាពិសេសពីបណ្ដាប្រទេសធំៗ ដែលសុទ្ធសឹង ជាប្រទេសប្រជាធិបតេយ្យ ក្នុងពិភពលោក។ ក្រុមប្រទេសទាំងនោះ បានចាត់ទុកការបោះឆ្នោតមួយនេះ មិនសេរី យុត្តិធម៌ ដែលឈានទៅមិនអាចទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយចោល - ប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ បូកផ្សំនឹងលំហសម្រាប់ ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរឹតត្បិតថែមទៀតនោះ៕