«ការ​ព្រមាន​របស់ ហ៊ុន សែន ជា​បទ​ឧក្រិដ្ឋ​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត»

ការព្រមានរបស់លោក ហ៊ុន សែន ទៅកាន់អ្នកវិភាគនយោបាយ និងបញ្ហាសង្គម ឲ្យត្រៀមក្ដារមឈូស គឺជា​បទ​ឧក្រិដ្ឋ​ប៉ុនប៉ងធ្វើមនុស្សឃាត។ ប្រធានគណបក្សអំណាចខ្មែរ បានថ្លែងឡើងយ៉ាងដូច្នេះ នៅលើបណ្ដាញ​សង្គម​មុននេះ​បន្តិច ដើម្បី​​ប្រតិកម្ម ទៅនឹងការលើក​ឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ម្សិលម៉ិញ។
«ការ​ព្រមាន​របស់ ហ៊ុន សែន ជា​បទ​ឧក្រិដ្ឋ​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 22, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការថ្លែងរបស់លោក ហ៊ុន សែន ដែលព្រមានអ្នកវិភាគនយោបាយសង្គម ឲ្យត្រៀមក្តារមឈូសនោះ វាគឺជា បទ​ឧក្រិដ្ឋប៉ុនប៉ងធ្វើមនុស្សឃាត» នេះ ជា​ការលើកឡើង របស់លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ប្រតិកម្មទៅនឹងការថ្លែងកាលពីម្សិលម៉ិញ ពីសំណាក់នាយករដ្ឋមន្ត្រី - ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដែល​បាន​ចាត់​ទុក ការធ្វើអត្ថាធិប្បាយនានា របស់ក្រុមអ្នកវិភាគមួយចំនួន ថាមានលក្ខណៈ ជាការ​«បង្ក​សង្គ្រាម»។

លោក ហ៊ុន សែន ​បានព្រមាន​ក្រុម​អ្នក​វិភាគទាំងនោះ ​ជុំវិញ​វោហាសាស្រ្ត​នៃ​សង្រ្គាម​ស៊ីវិល ដែល​លើក​ឡើង​ដោយ​​រូបលោកខ្លួនឯ នៅអំឡុង​មុន​ការ​បោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ​ឃុំ-សង្កាត់​ថ្មីៗ​នោះ​ថា ដោយទំនង​ ជា​មាន​​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ នៅ​ក្នុង​ចំណោម ​កង​កម្លាំង​ប្រដាប់​អាវុធ។

ស្ថិត​នៅ​ក្នុង​ឯក​សណ្ឋាន​​យោធា ពាក់ស័ក្ដិ​ឧត្តមសេនីយ៍​ផុត​លេខ​ ផ្កាយ​មាស​៥​ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា សង្រ្គាម​អាច​កើត​មាន​មែន តែ​កើត​ចេញ​ពី​អណ្តាត ​របស់​ក្រុម​អ្នក​វិភាគ​នោះ​តែ​ម្តង។

លោក ហ៊ុន សែន បានប្រកាសជាថ្មី នៅ​ចំពោះមនុស្សរាប់សិបនាក់ និងនៅចំពោះ​មេទ័ព​គ្រាក់ៗ​ថា ទោះក្នុង​តម្លៃ​​ណា​ក៏​ដោយ កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​ក្តាប់​ឲ្យ​ជាប់ នឹង​កម្ចាត់​ចោល​ជន​ណា​ក៏​ដោយ ក្នុង​ចំណោម​អ្នក​១០០ ​ឬ​២០០​នាក់ ដែល​មាន​បំណង​ចង់​បំផ្លាញ​សន្តិភាព។

នាយក​រដ្ឋមន្រ្តីបីទសវត្សន៍ជាង នៅកម្ពុជា បាន​បញ្ជាក់​ថា កងទ័ព​មិន​មែន​សម្រាប់​លម្អ​ទីក្រុង​នោះ​ទេ តែ​កងទ័ព​ត្រូវការពាររដ្ឋាភិបាល​ រាជ​បល្ល័ង្ក និង​សន្តិភាព ហើយ​បាន​អំពានាវ​ ទៅអ្នក​ដែល​មាន​បំណង​ ធ្វើ​​បដិវត្ត​​ពណ៌ ឲ្យ​​ប្រញាប់​​ដក​​ខ្លួន​ចេញ​ភ្លាម បើ​មិន​ដូច្នេះ​ទេ ពួក​គេ​ទាំង​នោះ នឹង​ស្ថិត​នៅ​ក្នុង​បញ្ជី​អ្នក​ទាំង​១០០ ឬ​២០០​នាក់​ ដែល​ត្រូវ​កំចាត់​ចោល។

សម្រាប់លោក សួន សេរីរដ្ឋា វិញ បានហៅការលើកឡើង របស់លោក ហ៊ុន សែន ខាងលើនេះ មានន័យ​ស្មើនឹង​ឃ្លា «បើអ្នកវិភាគណាម្នាក់ នៅតែបន្ត​ប្រើប្រាស់​សេរីភាព ក្នុងការគិត ការនិយាយ តទៅទៀត គឺត្រូវតែ​ស្លាប់!»។

ប្រធានគណបក្សអំណាចខ្មែរ បានពន្យល់ថា៖ «ពាក្យគំរាម ឲ្យគេត្រៀមក្តារមឈូស គឺអាចនិយាយបានថា អ្នក​នោះ​កំពុង​គំរាមសម្លាប់គេ និងប៉ុនប៉ង​សម្លាប់គេ!»។ លោក សួន សេរីរដ្ឋា បានសួរឡើងថា៖ «តើច្បាប់​ក្រម​ព្រហ្មទណ្ឌ ដែល​បង្កើត និង​អនុម័ត​ដោយ​សភា ទុកសម្រាប់ឲ្យអ្នកគ្រង​ឯកសណ្ឋានកងទ័ព យក​ច្បាប់​នោះ​ [ទៅ]​ទ្រាប់​​គូថ​​អង្គុយ​ឬ ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...