ខៀវ សុភ័កថាសុខចិត្តកាត់ក បើហ៊ុន សែនបញ្ជារឲ្យមន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណខ្មែរឲ្យយូន
ភ្នំពេញ៖ លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងបែបនេះ ក្រោយបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រក្រុងប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងប្រឆាំងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងក្លាយឯកសារសាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ និងថាបានផ្តល់អត្តសញ្ញាប័ណ្ណជនជាតិខ្មែរដោយខុសច្បាប់ ទៅឲ្យ«យួន»។
លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។ (រូបថត samrainsypartyyouth.blogspot.com)
នៅក្នុងពាក្យបណ្តឹងរបស់លោក សួង សុភ័ណ្ឌ បានប្តឹងលោកនាយករដ្ឋមន្ត្រីទៅសាលាដំបូងរាជធានីភ្នំពេញ ថាជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តោយអោយជនជាតិវៀតណាម ចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ ហើយមានសិទ្ធិកាន់អត្តសញ្ញាណប័ណ្ណ ដើម្បីចូលរួមបោះឆ្នោតថែមទៀត។
លោក សួង សុភ័ណ្ឌ អាយុ២៦ ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹង នៅខាងមុខរបងសាលាដំបូងរាជធានីភ្នំពេញថា លោកប្តឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងឯកសារសាធារណៈ ដែលលោកចង់ផ្តោត ទៅលើការផ្តល់អត្តសញ្ញាប័ណ្ណជនជាតិខ្មែរ ទៅឲ្យជនជាតិវៀតណាមដោយក្រសួងមហាផ្ទៃ ដែលធ្វើឲ្យជនជាតិវៀតណាមទាំងនោះ មានសិទ្ធិបោះឆ្នោតស្របច្បាប់នៅកម្ពុជា។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាលោក ហ៊ុន សែន និងគូរកនរបស់គាត់ដែលជាមន្ត្រីជំនាញ គឺជាអ្នកអនុញ្ញាតិឲ្យផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ពួកយួនទាំងនោះ ដោយរៀបចំឯកសារក្លែងក្លាយ។ ពួកយួនទាំងនោះពុំមានសិទ្ធិរស់នៅ ក្នុងប្រទេសកម្ពុជាទេ តែធ្វើឯកសារឲ្យពួកគេរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា»។
លោកបានឲ្យដឹងទៀតថា យោងទៅតាមច្បាប់ ជនជាតិទាំងឡាយអាចទទួលបានសញ្ញាតិកម្ពុជា ហើយរស់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់ ត្រូវតែរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់៣ឆ្នាំសិន ទើបអាចសុំសញ្ញាតិកម្ពុជាបាន ប៉ុន្តែជនជាតិវៀតណាមទាំងនោះ បានទទួលអត្តសញ្ញាណប័ណ្ណខ្មែរ ដោយពុំបានអនុវត្តន៍ទៅតាមច្បាប់នោះទេ។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំមានការឈឺចាប់បំផុត ដែលកូនខ្មែរកើតឡើងនៅលើដី ខ្មែរពុំមានអត្តសញ្ញាណប័ណ្ណប្រើទេ ប៉ុន្តែយូនមានអត្តសញ្ញាណប័ណ្ណខ្មែរប្រើទៅវិញ ដោយមានការជ្រុំជ្រែងពីមន្ត្រី គ្រប់ជាន់ថ្នាក់ រូមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន»។
លោកបានថ្លែងឲ្យដឹងទៀតថា លោកពុំមានការភ័យខ្លាច ទៅនឹងការប្តឹងបករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះទេ ប៉ុន្តែលោកស្វាគមន៍ បើសិនជាមានការប្តឹងបក ពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីឲ្យគាត់មកតុលាការនិយាយតតាំងគ្នា ស្វែងរកការពិត។
កាលពីថ្ងៃទី១៩ ខែមិថុនា២០១៣ ក្នុងពិធីសម្ពោធអាគារសិក្សា នៅស្រុកអង្គស្នួល ខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា គ្មានវត្តមានជនជាតិវៀតណាម រហូតដល់៤លាន៥សែននាក់នៅកម្ពុជានោះទេ គឺមានមិនដល់ ១០ម៉ឺននាក់ផង។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា អ្វីដែលលោកសួង សុភ័ណ្ឌបានកំពុងធ្វើនោះ គឺពុំពិតទេ គាត់កំពុងតែធ្វើការចោទប្រកាន់ ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងមហាផ្ទៃ ពីព្រោះក្រសួងពុំដែលបញ្ជារឲ្យមន្ត្រីណា ធ្វើអត្តសញ្ញាណប័ណ្ណទៅឲ្យជនបរទេសនោះទេ អ្វីដែលគាតធ្វើនោះគឺ ដើម្បីឲ្យមានប្រជាប្រិយភាពមុនពេលបោះឆ្នោតប៉ុណ្ណោះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ប្រសិនបើតុលាការរកឃើញថា សម្តេច ហ៊ុន សែន បានបញ្ជារឲ្យមន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណឲ្យយូនមែននោះ ខ្ញុំសុខចិត្តកាត់កខ្ញុំ»។
សូមរម្លឹកថា លោក សួង សុភ័ណ្ឌ ជាអតីតប្រធានចលនាយុវជនរបស់គណបក្សសមរង្ស៊ី ក៏ធ្លាប់បានដាក់ពាក្យបណ្តឹង ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍អ្នកស្លាប់នៅកោះពេជ្រ តែត្រូវបានតុលាការ សម្រេចមិនចាត់ការ កាលពីចុងឆ្នាំ២០១២៕