កឹម សុខា៖ គ.ជ.ប.បោះពុម្ភ​សន្លឹក​ឆ្នោត លើស​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ ជាង​ពីរ​លាន​សន្លឹក

សន្លឹកឆ្នោតដែល គ.ជ.ប បានបោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំនេះ មានចំនួន​ច្រើនលើសលុប រហូតលើសចំនួនឈ្មោះប្រជាពលរដ្ឋ​ដែលបានចុះឈ្មោះជាងពីរលានសន្លឹក
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ សន្លឹកឆ្នោតដែល គ.ជ.ប បានបោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំនេះ មានចំនួន​ច្រើនលើសលុប រហូតលើសចំនួនឈ្មោះប្រជាពលរដ្ឋ​ដែលបានចុះឈ្មោះជាងពីរលានសន្លឹក។


លំដាប់លេខរៀង របស់គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតនិតិកាលទី៥ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

តាមតារាងលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលចេញដោយ គ.ជ.ប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ បានបង្ហាញថា ចំនួនប្រជាពលរដ្ឋសរុប ដែលបានចុះឈ្មោះបោះឆ្នោតនោះ មានចំនួនជាង​ប្រាំបួនលាន​(៩៦,៧៥៤,៥៣)នាក់។

លោក កឹម សុខា បានធ្វើការចោទប្រកាន់ថា គ.ជ.ប មានភាពមិនប្រក្រតី ក្នុងការបោះពុម្ភសន្លឹកឆ្នោតច្រើនលើស​លុប​រហូតដល់ ១២,៣០៧,១៥០ សន្លឹក បើប្រៀបធៀបទៅនឹងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រឹមតែ​ជាងប្រាំបួនលាន(៩៦,៧៥៤,៥៣)នាក់ប៉ុណ្ណោះ។ លោកមានការមន្ទិលសង្ស័យ ចំពោះការបោះពុម្ភសន្លឹកឆ្នោត លើស​រហូតដល់ជាងពីរលានសន្លឹក។ នេះជាការលើកឡើងរបស់ លោក កឹម សុខា ក្នុងសន្និកាសែតកាលពីវេលាម៉ោង​ជាងពីរ ថ្ងៃទី២០ ខែមិថុនានេះ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ខណ្ឌទួលគោក។

ក្នុងសន្និកាសែតនោះលោក កឹម សុខា បានបង្ហាញថា បើយោងតាមមាត្រា៩៤ នៃច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្រ្ត ចែងថា «អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែមួយដងគត់(...)»។ លោកចោទសួរថា ហេតុអ្វីបាន​ជា គ.ជ.ប បោះពុម្ភសន្លឹកឆ្នោតច្រើនយ៉ាងនេះ។ «ទោះបីសម្រាប់សន្លឹកឆ្នោតខុស ក៏មិនខុសរហូត ដល់ជាងពីលានសន្លឹក​នោះដែរ»។

ប្រធានគណបក្សស្តីទីរូបនេះ បានបន្ថែមថា គ.ជ.ប ក៏មិនបានបង្ហាញពីទម្រង់ ប្រភេទក្រដាស និងបញ្ជាក់ពីលក្ខណៈ​សំងាត់នៃសន្លឹកឆ្នោត ដល់គណបក្សទាំងអស់ដែលបានចុះឈ្មោះនោះទេ។ ជាចុងក្រោយលោកក៏បានសង្កត់ធ្ងន់ថា រោងពុម្ភ(លី វ៉ាន់ហុង) ដែល គ.ជ.ប ផ្តល់សិទ្ធិឲ្យបោះពុម្ភសន្លឹកឆ្នោតនោះ មានលក្ខណដែល«មិនគួរឲ្យទុកចិត្ត» ដោយសារ​តែម្ចាស់រោងពុម្ភនោះ មានទំនាក់ទំនង«ជិតស្និត»ជាមួយមន្ត្រីរាជរដ្ឋាភិបាល។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបំភ្លឺពីលោកទេព នីថា បានទេនាល្ងាចនេះ ដោយលោកពុំទទួលទូរសព្ទ័ តែ​បើតាមសេចក្តីប្រកាសព័តមានរបស់លោក ហ៊ី រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិរបស់ គ.ជ.ប ការផលិតសន្លឹកឆ្នោត​នៅ​រោងពុម្ភ លី វ៉ាន់ហុង មានតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានបានចូលរួម វាស់ស្ទង់ពីកម្រិត«សុវត្តិភាពខ្ពស់»នៃដំណើរការនេះ។ ក្នុងប្រកាសនោះបានបញ្ជាក់ថា «សន្លឹកឆ្នោតនីមួយៗ សុទ្ធតែ​មាន​លេខកូដសុវត្តិភាព ដើម្បីផ្ទៀងផ្ទាត់ជាមួយលេខកូដខេត្ត ឆ្នាំបោះឆ្នោត និងលេខរៀងទាំងប្រាំបីខ្ទង់។ (...) ប្រើប្រភេទអក្សរ​តែមួយគត់ ដែលបានបង្កើតឡើងយ៉ាងពិសេសក្នុងឱកាសនេះ។»

សេចក្តីប្រកាសព័តមានបានបន្តរថា បុគ្គលិកក្នុងរោងពុម្ភទាំង១៥០នាក់ ធ្វើការទាំងយប់ទាំងថ្ងៃ ដោយមានពាក់ស្រោម​ដៃ​ពណ៌ស ក្នុងការបោះពុម្ភ សង្កត់ បង្វិល រិតចង ដាក់ជាផ្នែក និងវេចខ្ចប់សន្លឹកឆ្នោតដាក់ក្នុងកេស មួយកេសមានម្ភៃកញ្ចប់ ក្រោមប្រតិបត្តិការណ៍ត្រួតពិនិត្យច្រើនដងយ៉ាងតឹងរឹង និងម៉ត់ចត់។ មានកំលាំងប៉ូលីស ដប់ប្រាំ (១៥)នាក់ ធ្វើការផ្លាស់ប្តូរ​វេនគ្នាម្ភៃបួន(២៤)ម៉ោង យាមកាមនៅផ្នែកខាងក្រៅនៃរោងពុម្ភ និងមានសន្តិសុខប្រាំនាក់ ធ្វើការយាមកាមផ្នែក​ខាងក្នុង​នៃរោងពុម្ភផងដែរ។ ក្រៅពីនោះមានកាមេរ៉ាសុវត្តិភាព ចំនួនម្ភៃគ្រឿងបានថតនូវរាល់សកម្មភាពទាំងអស់ក្នុងរោងពុម្ភនោះ ហើយក៏មានរថយន្តអគ្គីសភ័យចតត្រៀមជាប្រចាំ។

ទោះជាយ៉ាងនេះក៏ដោយ គ.ជ.ប. ធ្លាប់បានប្រកាសថា ការបោះពុម្ពសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោតនោះ ដើម្បីទុកជា​សន្លឹកឆ្នោតបម្រុង ក្នុងការខូចខាត រហែក ឬប្រឡាក់ដោយប្រកាណាមួយ នោះនឹងមានសន្លឹកឆ្នោតថ្មីជាជំនួស។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...