ថៃ៖ ឃាត់ខ្លួនសង្ឃពីរអង្គ ទាក់ទងបទសេពកាមជាមួយអនិតិជន ផ្ទុះរឿងអាស្រូវ
នគរបាលថៃបានប្រកាសថា នេនពីអង្គ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបាននាំកុមារអាយុ១៤ឆ្នាំម្នាក់ ទៅ«ប្រគេន»ឲ្យចៅអធិការរបស់ខ្លួន នៅក្នុងវត្ត ដើម្បីសេពកាម។ នេះជាហេតុការណ៍ថ្មីមួយទៀត កើតឡើងក្នុងប្រទេសមួយ ដែលប្រកាសថាខ្លួនជាអ្នកប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា។
សង្ឃរាប់សិបអង្គនៅថៃ កំពុងសូត្រធម៌ ក្នុងព្រះវិហារវត្តព្រះកែវ រាជធានីបាងកក ដើម្បីឧទ្ទិសខួបឆ្នាំ៨៤វស្សា ថ្វាយព្រះមហាក្សត្សព្រះបាទភូវិបុល។ (រូបថត Reuters)
នាយនគរបាលប្រចាំខេត្តឈៀង ម៉ៃ ស្ថិតនៅផ្នែកខាងជើងនៃប្រទេសថៃ លោកស័ក្ដិប្រាំ វៀរ៉ាឈុន ប៊ុនថាវីល (Wirachon Bunthawile) បានបញ្ជាក់ថា នេនទាំងពីរអង្គនេះ ដែលប្រកែកថាមិនដឹងពី អំពើសេពកាមនេះ អាចនឹងត្រូវមានទោសរហូតដល់១៥ឆ្នាំ នៅក្នុងពន្ធនាគារ។
៩៥%នៃប្រជាជនថៃ កាន់សាសនាព្រះពុទ្ធ
នាយនគរបាលបានបន្ថែមថា «ចៅអធិការនោះ នៅគង់ក្នុងវត្តនៅឡើយ ហើយយើងនៅរងចាំដីកាឃាត់ខ្លួនមួយ ដែលនឹងចេញប្រឆាំងនឹងលោក»។ លោក ប៊ុនថាវីល បានបញ្ជាក់ថា បើតាមសាក្សីផ្ដល់ដោយ ជនដែលអះអាងថាជាជនរងគ្រោះ និងអ្នកបើកបររថយន្ដ បាននិយាយថា នេនទាំងពីរអាយុរវាងពី២០ ទៅ២៣ឆ្នាំ បាននាំកុមារអាយុ១៤ឆ្នាំនេះ ទៅ«ជួប»មេវត្តរបស់ខ្លួន នៅក្នុងវត្តតែម្ដង ដែលស្ថិតនៅស្រុក ឈៀងដាវ នៃខេត្តភាគខាងជើង ហើយមានចំនួនជាញឹកញយដងរួចមកហើយ។
រឿងអាស្រូវនេះ បានផ្ទុះឡើងជាថ្មីទៀត បន្ទាប់ពីហេតុការណ៍ដែលមានការផ្សាយតាមវីដេអូមួយ កាលពីប៉ុន្មានថ្ងៃមុននេះ ពីសង្ឃចំនួនបីអង្គ ដែលនិមន្តតាមយន្ដហោះឯកជនមួយគ្រឿង។ នៅក្នុងវីដេអូនោះ គេបានឃើញសង្ឃទាំងបីអង្គ គង់នៅក្នុងយន្ដហោះ ជាមួយនឹងសម្ភារះប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្លាកយីហោធំៗ និងមានតម្លៃថ្លៃៗ ហើយខ្សែវីដេអូបានបង្អើលមនុស្សឲ្យចុចចូលទៅមើល ជាង៥០០ ពាន់ដងរួចមកហើយ។
ប្រជាជនថៃប្រមាណជា៩៥% កាន់ព្រះពុទ្ធសាសនា ដែលជាចំនួនដ៏ខ្ពស់មួយ នៅក្នុងពិភពលោក។ ប៉ុន្តែស្ថានភាពសង្គមបានប្រែប្រួល ការប្រតិបត្តិតាមធម៌វិន័យ ត្រូវបានសង្ឃជំនាន់ក្រោយ មិនឲ្យតម្លៃ។ ជាពិសេស នៅក្នុងសំនុំរឿងជាច្រើន ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង និងបន្ថែមពីលើនេះ មានការសេពកាមជាមួយ នឹងស្រីរកស៊ីផ្លូវភេទ ជាមួយសង្ឃជាដើម៕
សូមទស្សនាវីដេអូ ស្ដីពីព្រះសង្ឃនិមន្តតាមយន្ដហោះឯកជននោះដូចខាងក្រោម៖
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ