ដោះលែង​តា​«ម៉ារី»​វិញ ក្រោយ​រង​ការ​ចាប់​ខ្លួន​តាម​បញ្ជា ហ៊ុន សែន

បន្ទាប់ពីឆ្លងកាត់ការសាកសួរ អស់ជាច្រើនម៉ោង បុរសចំណាស់ ៧០ឆ្នាំ ឈ្មោះ «ម៉ារី» ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី២១ ខែមីនា ដដែលនេះ។ លោកតា «ម៉ារី» ត្រូវបានអាជ្ញាធរខេត្តកំពត ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានបញ្ជាក្នុងព្រឹកថ្ងៃទី២១ ខែមីនានេះ ពីក្នុងពិធីជួប ជាមួយកម្មករ-កម្មការិនី នៅឯរាជធានីភ្នំពេញ។
ដោះលែង​តា​«ម៉ារី»​វិញ ក្រោយ​រង​ការ​ចាប់​ខ្លួន​តាម​បញ្ជា ហ៊ុន សែន
បុរសឈ្មោះ «ម៉ារី» ដែលត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួនភ្លាមៗ តាមបញ្ជារបស់លោក ហ៊ុន សែន។ (រូបថតនគរបាល)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 21, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីរាយការណ៍ពីខេត្តកំពត បានបញ្ជាក់ថា លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត បានសម្រេចដោះលែង លោកតា «ម៉ារី» វិញ ក្រោយពីបានសួរនាំ អស់ជាច្រើនម៉ោង និងបន្ទាប់ពីបានឲ្យបុរសចំណាស់រូបនេះ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព ដែលបានធ្វើកន្លងមក។ 

លោកតា «ម៉ារី» ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួន នៅក្នុងភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមមន្ត្រីនគរបាល បាននាំខ្លួនលោកតា ពី​ផ្ទះ​«​ប្រពន្ធចុង​»​របស់គាត់។ លោកស្នងការ បានបន្ថែមថា លោកតា «ម៉ារី» ទើបតែ​សឹក​ពី​បួស បានប្រហែលជា ១​ខែ​ នេះប៉ុណ្ណោះ។​

លោក ឯក ឆេងហួត បានបញ្ជាក់ថា នៅឆ្នាំ១៩៩៣ លោកតា ម៉ា រី ជាសមាជិកគណបក្សហ៊ុនស៊ិនប៉ិច លុះដល់ឆ្នាំ២០០៣ លោក ម៉ា រី បានចូលជាសមាជិកសកម្ម របស់គណបក្សសង្គ្រោះជាតិ ជាមួយលោក ឈួក រីន អតីតមេខ្មែរក្រហមភ្នំវល្លិ៍។ បុរសវ័យចំណាស់រូបនេះ បានបួសជាព្រះសង្ឃ នៅថ្ងៃទី១៣ មេសា ២០១៥ នៅក្នុងវត្តមនោរម្យទួលសាងាំ ស្ថិតក្នុងស្រុកដំណាច់ចង្អើរ ខេត្តកែប និងនៅជាសង្ឃ រហូតមកដល់មួយខែ មុនការចាប់ខ្លួននេះ។

កាលពីព្រឹកម៉ិញ នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅលោកតា «ម៉ារី» ម្នាក់នេះ ម្ដងជា​«ព្រះសង្ឃ» ម្ដងជា«អាម៉ឹង» ​និងបានចោទបុរសចំណាស់រូបនេះ ថាបានដើរភូតកុហកប្រជាពលរដ្ឋ នៅតាមខេត្ត ក្នុងនោះមានខេត្តកែប ខេត្តកំពត និងខេត្តតាកែវជាដើម ពីដំណើរទស្សនកិច្ច របស់លោក ហ៊ុន សែន នៅក្នុងប្រទេសអូស្រ្តាលី ដោយនិយាយថា ទទួលភាពបរាជ័យទាំងស្រុង។

លោក ហ៊ុន សែន បានចេញបញ្ជា ដោយលាយឡំ​នឹងការគម្រាមផង​ដូច្នេះថា៖ «ខ្ញុំបញ្ជាឲ្យតាមរកអាម្នាក់នេះ ថារកឃើញហើយ ឡូខេសិន (Location) របស់វា ឃើញទាំងមុខ មានទាំងរូបថតទៀតទៅហើយ មុនពេលយើងមានរូបថត មុនពេលបួស។ ផ្ដាំទៅអាម្នាក់ហ្នឹង កុំដើរចល័ត ហើយកុំនិយាយ តែពិសតែពាស។ កុំស្មានថា គេដឹកនាំប្រទេស គេគ្មានបណ្ដាញចារកម្ម របស់គេឲ្យសោះ។ (...) ចល័តពីកែប ចូលកំពត ចេញពីកំពត ចូលតាកែវ។ អាហ្នឹងលោកសង្ឃពិតប្រាកដ ឬមិនលោកសង្ឃ? ខ្លួនទើបនឹងចូលមកបួស... អានេះជួលកាលបួស ដាក់ស្បង់ពីលើ... តាមមើលអាមួយហ្នឹង! កែន សត្ថា អភិបាលខេត្តកែប តាមមើលអាមួយហ្នឹង ថ្ងៃនេះ។»។

» ទិដ្ឋភាពនាំខ្លួនលោកតា «ម៉ារី» កាលពីព្រឹកម៉ិញ៖

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានស្គាល់លោកតា «ម៉ារី» បានបរិហារលោក ហ៊ុន សែន ថាកំពុងប្រើអំណាច ដើម្បីបំបិទមាត់នរណាក៏ដោយ ដែលហ៊ាននិយាយរិះគន់ បើទោះជាមនុស្សនោះ គ្រាន់តែនិយាយ ពីភាពអវិជ្ជមាន របស់លោក និងរដ្ឋាភិបាលរបស់លោក តែប៉ុណ្ណោះ។ ទង្វើរបស់លោក ហ៊ុន សែន ជាការព្រមាន និងប្រាប់ដល់អ្នកផ្សេងថា លោក និងរដ្ឋាភិបាលរបស់លោក មិនអាចត្រូវបាន​ប៉ះពាល់​ឡើយ។

ក្រុមអ្នកមានសមានចិត្តទាំងនោះ បានពន្យល់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី នៃប្រទេសមួយ អាចត្រូវបានគេវាយតម្លៃ បានច្រើនយ៉ាង នៅក្នុងសង្គមប្រជាធិបតេយ្យ។ បើលោក ហ៊ុន សែន និងរដ្ឋាភិបាល រួមនឹងអ្នកគាំទ្រផង និយាយថា ដំណើរទស្សនកិច្ចនោះ ទទួលបានភាពជោគជ័យនោះ តែក៏អាចមានអ្នកដទៃ មើលឃើញថា ដំណើរទស្សនកិច្ចនេះ ទទួលបានភាពបរាជ័យ​ដូចគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...